(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានដល់អ្នកលេង Facebook លោក «សូរ សមយុទ្ធ» ឈ្មោះពិត «ឃន» ចំពោះការហៅសម្តេចតេជោ និងសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយប្រើពាក្យមិនសមរម្យ។
ការព្រមានរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេច បានអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ» និងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ថ្នាក់ដឹកនាំ មន្ត្រីកីឡា និងកីឡាករ កីឡាការិនីជាច្រើនរូបផ្សេងទៀត។
សម្តេចតេជោ ហ៊ុន សែន បានអះអាងថា អ្នកប្រើហ្វេសប៊ុកម្នាក់ឈ្មោះថា «សូរ សមយុទ្ធ» ឈ្មោះពិត «ឃន» ត្រូវឱ្យឈប់ហៅសម្តេចក្រឡាហោម ស ខេង «អាត្នោត» និងហៅសម្តេចថា «អាមួយហ្នឹង» តទៅទៀត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «មានមួយខ្ញុំសូមព្រមានទុកឱ្យហើយ ឈ្មោះនៅក្នុង Facebook និងឈ្មោះក្នុងពេលសរសេរអត្ថបទ នៅភ្នំពេញប៉ុស្តិ៍ឆ្នាំ២០១៣ ឈ្មោះ "សូរ សមយុទ្ធ" ឯឈ្មោះពិតប្រាកដរបស់គេ គឺឈ្មោះ "ឃន"។ លោក ឃន សូមក្មួយចាំឱ្យច្បាស់ លោកហៅសម្តេចក្រឡាហោមសុទ្ធតែ «អាត្នោត» លោកត្រូវចាំ លោកជាមនុស្សនៅក្នុង ១១៨នាក់ ហើយបើខ្ញុំយកអត្ថបទលោក ដែលនិយាយពីត្រីបកទី៥ លោក គឺជាមនុស្សញុះញង់ឱ្យធ្វើបដិវត្តពណ៌ លោកត្រូវចាំ បើខ្ញុំចង់វ៉ៃលោក ខ្ញុំធ្វើតាំងពី… ឥឡូវអ្វីៗនៅក្នុងដៃរបស់ខ្ញុំអស់ហើយ លោកគឺជាអ្នកដឹកនាំបើមិននៅស្រុកកញ្ជ្រៀច គឺនៅស្រុកកំចាយមា»។
សម្តេចបានបន្តថា លោក សូរ សមយុទ្ធ ធ្លាប់សរសេរអត្ថបទជូនកាសែតភ្នំពេញប៉ុស្តិ៍ ដែលមានចំណងជើងថា «ត្រីបកទី៥» ដែលសម្តេចជាអ្នកលេងអុកតាំងពីតូច មិនដែល ស្គាល់ទេនូវត្រីបកទី៥នេះ។ សម្តេចបញ្ជាក់ថា៖ «បានសេចក្តីថា ដៃគូនោះខ្សោយពេក បានជាខាងនេះសល់រហូតដល់ត្រីបកទី៥ អញ្ចឹងអាត្រីបកទី៥នេះ ក្នុងគោលដៅអ្វី គឺញុះញង់ឱ្យមានអំពើហិង្សា»។
សម្តេចបានផ្តាំទៅលោក សូរ សមយុទ្ធថា «បើក្មួយចង់ជាប់ខ្នោះ ក្មួយសាកមើល ពូហៅក្មួយដោយសារតែក្មួយធ្លាប់នៅវត្តបទុម ក្នុងពេលដែលក្មួយរៀន ក្មួយស្មានតែពូមិនដឹងថា ក្មួយជានរណា ក្មួយធ្លាប់វ៉ៃទាំង WhatApp ទៅសាយសំអាល់ តើគួរនិយាយគ្នាយ៉ាងម៉េច អីយ៉ាងម៉េច ហើយសាយ សំអាល់ បានបញ្ជូនមកឱ្យពូ។ ក្មួយកុំព្រហើនឱ្យសោះ»៕