(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសយ៉ាងច្បាស់លាស់ថា ច្បាប់ស្តីពីបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលត្រូវបានបង្កើតឡើង ដោយសភាជាន់ទាប របស់សហរដ្ឋអាមេរិកនោះ នឹងមិនធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជាទាំងមូលឡើយ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសបែបនេះ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេច បានអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ» និងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ថ្នាក់ដឹកនាំ មន្ត្រីកីឡា និងកីឡាករ កីឡាការិនីជាច្រើនរូបផ្សេងទៀត។

ច្បាប់ស្តីពីបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា (Cambodian Democracy Act) ត្រូវបានសភាតំណាងរាស្ត្រ សហរដ្ឋអាមេរិកអនុម័តជាឯកច្ឆ័ន្ទ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។ ច្បាប់នេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងដាក់ទណ្ឌកម្មមន្ត្រីកម្ពុជា និងស្តារលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីសភាតំណាងរាស្ត្រអាមេរិក បានលើហេតុផលថា ដំណើរការលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាមានការធ្លាក់ចុះ។

បើតាមប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី, សម្តេចបានអះអាងថា មានច្បាប់ជាច្រើន ដែលអាមេរិកបានរៀបចំច្បាប់ដាក់ទណ្ឌកម្ម លើប្រទេសវៀតណាម នាពេលកន្លងមក ប៉ុន្តែមិនដែលបានអនុម័តដាក់លើវៀតណាមម្តងណាឡើយ។ សម្តេចតេជោបានបញ្ជាក់ថា ប្រសិនច្បាប់អាមេរិក បានអនុម័តដាក់ទណ្ឌកម្មលើកម្ពុជាមែន កម្ពុជានឹងមិនខ្វល់នោះទេ ព្រោះគ្មានអ្វីប៉ះពាល់ ដល់កម្ពុជានោះឡើយ។

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឥឡូវនិយាយពីច្បាប់អាមេរិក លោក កៅ គឹមហួន បានស្រាវជ្រាវឲ្យខ្ញុំ នៅវៀតណាមមានច្បាប់ច្រើនណាស់ ដែលអាមេរិក ប្រុងធ្វើដាក់ទណ្ឌកម្មវៀតណាមនោះ ប៉ុន្តែគ្មានច្បាប់ណាមួយបានឆ្លងនោះទេ។ នៅមីយ៉ាន់ម៉ា នៅប្រទេសនេះ នៅប្រទេសនោះច្រើនណាស់ គ្មានច្បាប់ណាមួយបានឆ្លងទេ ប៉ុន្តែឥឡូវយើងនិយាយបែបនេះទៅចុះ យើងនេះនិយាយថាច្បាប់នេះបានឆ្លង ឥឡូវឆ្លងរដ្ឋសភាហើយ មួយអាទិត្យទៀតឆ្លងព្រឹទ្ធសភា មួយអាទិត្យទៀតឆ្លងប្រធានាធិបតីត្រាំ ចុះហត្ថលេខាដាក់ឲ្យប្រើប្រាស់»

សម្តេចបន្តថា «យើងកុំនិយាយថា ច្បាប់នេះមិនបានឆ្លង យើងនិយាយថាច្បាប់នេះបានឆ្លង តើទាំងអស់គ្នានេះជាប់ស្អី? ប្រជាជនខ្មែរប៉ះពាល់អីខ្លះ? បើច្បាប់នេះមានគោលដៅជាក់លាក់ មាន២សំខាន់ៗ ទី១៖ ដាក់ទណ្ឌកម្មបិទទិដ្ឋការ ចំពោះមន្ត្រីមួយចំនួន និងទី២៖ បង្កកទ្រព្យសម្បត្តិ។ អញ្ចឹងទេប្រជាជនខ្មែរ អត់មានអីប៉ះពាល់សោះ មន្ត្រីមួយចំនួនខ្ញុំថាឲ្យ ១០០នាក់ទៅចុះ ១០០នាក់នោះ ត្រូវការទៅស្រុកអាមេរិកធ្វើអី? ខ្ញុំសូមសួរថា ត្រូវការទៅស្រុកអាមេរិកធ្វើអី បើប៉ុន្មានឆ្នាំកន្លងទៅ មិនដែលទៅផងនោះ? ខ្ញុំថា (អ្នកត្រូវបានបិទទិដ្ឋានការ) ១០នាក់អីអស់ហើយ ស្មើនឹងអាមេរិកផ្តាច់ការទូត ជាមួយកម្ពុជា»

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ប្រសិនបើច្បាប់ស្តីពីបញ្ហាលទ្ធិ ប្រជាធិបតេយ្យនៅកម្ពុជា ត្រូវបានអនុម័តមែន ក៏ប្រជាជនខ្មែរជាង ១៦លាននាក់ អត់មានប៉ះពាល់អ្វីដែរ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា បើមានទ្រព្យសម្បត្តិ របស់មន្រ្តីរបស់កម្ពុជា និងកូនៗរបស់សម្តេច ដែលមាននៅអាមេរិក សុំឲ្យរដ្ឋបាលអាមេរិក ប្រញាប់ដកចេញទៅ កុំចាំយូរអី។ សម្តេចតេជោ ក៏បានទាត់ចោល នូវដំណឹងអកុសលថា ត្រកូល «ហ៊ុន» មានទ្រព្យសម្បត្តិទុកនៅអាមេរិក រហូតដល់ទៅជាង ២ពាន់លានដុល្លារអាមេរិកនោះ។

«បើដាក់ចំខ្ញុំក៏ដាក់មកចុះ ហើយសុំរឹបអូសទៅថា គ្រាន់តែទ្រព្យសម្បត្តិរបស់ត្រកូល «ហ៊ុន» មានជាង២ពាន់លានដុល្លារ ខ្ញុំអំពាវនាវឲ្យអាមេរិក មិនចាំបាច់និយាយច្រើន កុំនិយាយច្បាប់ចេញអី ដកហូតពីឥឡូវទៅ»។ នេះជាការបញ្ជាក់ខ្លាំងៗ របស់សម្តេចតេជោ ហ៊ុន សែន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា សម័យនេះប្រជាពលរដ្ឋខ្មែរ នាំយកលុយមករកស៉ីនៅស្រុកខ្មែរ មិនមែនដូចសម័យមុនយកលុយទៅក្រៅនោះទេ។ សម័យនេះ គឺជាសម័យដែលខ្មែរនាំដើមទុន ពីក្រៅស្រុកចូលមករកស៉ី មិនមែនដូចសម័យមុន ខ្មែរបញ្ជូនលុយទៅក្រៅស្រុក ខ្លួនឯងក្រហើយបែរជាបញ្ចូនលុយ ទៅធនាគារនៅក្រៅប្រទេសឡើយ។

សម្តេចបានរំលឹកថា លោកសេនាប្រមុខ លន់ នល់ ធ្លាប់បានយកប្រាក់ជាង ៣០លានដុល្លារ ទៅទុក នៅអាមេរិកផងដែរ ប៉ុន្តែឥឡូវនេះ ខ្មែរនៅក្រៅប្រទេសច្រើនណាស់ ដែលបានមកទិញដីធ្លី នៅក្នុងស្រុក មកធ្វើ Resort (កន្លែងកម្សាន្ត) និងមកវិនិយោគនៅកម្ពុជា។ ត្រង់ចំណុចនេះ សម្តេចជំរុញអាមេរិកថា បើមានមន្ត្រីណា មានលុយចាយមិនអស់ ហើយយកទៅទុកនៅអាមេរិក និងត្រូវបានអាមេរិករឹបអូសនោះ សម្តេចសូមស្វាគមន៍ការរឹបអូស ព្រោះនោះជាប្រាក់ ដែលបានមកពីអំពើពុករលួយ ដើម្បីឲ្យសម្តេច បានឃើញមុខមាត់ពិត នៃមន្ត្រីដែលមានប្រាក់ចាយមិនអស់ យកទៅចោលនៅស្រុកគេ។

ទោះបីជាយ៉ាងណាក៏ដោយ សម្តេចថ្លែងថា សម្តេចនៅតែទៅសហរដ្ឋអាមេរិក បើទោះបីជាសម្តេចអាចនឹងត្រូវ ជាប់ទណ្ឌកម្មបិទទិដ្ឋាការក៏ដោយ ព្រោះទីក្រុង New York គឺជាទីស្នាក់ការ របស់អង្គការសហប្រជាជាតិ។ សម្តេចតេជោ ហ៊ុន សែន មិនជឿថារដ្ឋបាលរបស់ លោក ដូណាល់ ត្រាំ នឹងរុញឲ្យទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកឲ្យមានបញ្ហានោះទេ។

សម្តេចបន្តថា «ប៉ុន្តែ ហ៊ុន សែន នៅតែទៅអាមរិក ទោះបីជាអាមេរិកមិនឲ្យ ហ៊ុន សែន ចូល ប៉ុន្តែចូល New York ព្រោះជាបូរីអង្គការសហប្រជាជាតិ។ ខ្ញុំជឿថា រដ្ឋបាលលោក ត្រាំ លោកមិនល្ងង់ដល់ថ្នាក់រុញកម្ពុជា ដែលមានទំនាក់ទំនងការទូត ចេញពីដៃរបស់ខ្លួនទេ»

សូមបញ្ជាក់ដែរថា កាលពីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងការបរទេសកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍ ប្រតិកម្មទៅនឹង សភាតំណាងរាស្ត្រអាមេរិក ដែលបានអនុម័តច្បាប់ ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលជាច្បាប់មួយដាក់ទណ្ឌកម្ម លើប្រទេសកម្ពុជាជុំវិញការចោទប្រកាន់ កម្ពុជាធ្វើឱ្យធ្លាក់ចុះ នូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សជាដើមនោះ។

នៅក្នុងសេចក្តីថ្លែងការណ៍នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងការសោកស្តាយ និងខកចិត្តយ៉ាងខ្លាំងចំពោះខ្លឹមសារ នៃសេចក្តីព្រាងច្បាប់នេះ និងបានធ្វើការបដិសេធយ៉ាងដាច់អហង្កា នូវការចោទប្រកាន់ ដោយគ្មានមូលដ្ឋានប្រឆាំង នឹងរាជរដ្ឋាភិបាលកម្ពុជា ដោយផ្អែកទៅលើព័ត៌មានបំភ្លៃ លំអៀង និងព័ត៌មានចាស់ហួសសម័យ ដោយសារតែហេតុផលនយោបាយ និងស្តង់ដារពីរ៕