(ភ្នំពេញ)៖ អ្នកនាំពាក្យ និងជានាយកខុទ្ទកាល័យក្រសួងសាធារណការ និងដឹកជញ្ជូន លោក គង់ វិមាន នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ បានចេញមកបកស្រាយបន្ថែម ដើម្បីកុំឲ្យសាធារណជន មានការភ័ន្ដច្រឡំ អំពីការបែងចែកផ្លូវ ក្រោយមានការចែកចាយជាបន្ដបន្ទាប់ នៅលើបណ្ដាញសង្គម Facebook លើបញ្ហានេះ។
ដើម្បីឲ្យអស់មន្ទិលសង្ស័យលើបញ្ហានេះលោក គង់ វិមាន តាមរយៈ Facebook បានធ្វើការបកស្រាយថា ផ្លូវគោកចែកចេញជា ២ប្រភេទគឺ៖ (មិននិយាយពីផ្លូវល្បឿនលឿន) ទី១៖ ផ្លូវថ្នល់ និងទី២៖ ផ្លូវដែក។
បន្ថែមពីលើនេះ មន្ដ្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះ បានពន្យល់ទៀតថា សម្រាប់ផ្លូវថ្នល់វិញ ត្រូវបានចែកចេញជា ៤ប្រភេទទៀតគឺ៖ ទី១៖ ផ្លូវជាតិ, ទី២៖ ផ្លូវខេត្ត, ទី៣៖ ផ្លូវលំ (ផ្លូវជនបទ) និងទី៤៖ផ្លូវរុក្ខបាល។ ចំណែកឯគមនាគមន៍គឺមាន៣ប្រភេទ គឺ៖ ទី១៖ ផ្លូវគោក, ទី២៖ ផ្លូវទឹក និងទី៣៖ ផ្លូវអាកាស។
ការចេញមកពន្យល់លើបញ្ហានេះរបស់មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ បានកើតឡើង បន្ទាប់ពីមានការជជែកគ្នាយ៉ាងផុសផុលនៅលើបណ្តាញសង្គម Facebook ទាក់ទងនឹងកម្មវិធីល្បងប្រាជ្ញា Heaven or Hell Cambodia របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស។
នៅក្នុងកម្មវិធីនេះកាលពីពេលថ្មីៗកន្លងទៅ អ្នករៀបចំកម្មវិធី បានដាក់សំណួរថា «យោងតាមសៀវភៅវិញ្ញាសារជ្រើសរើសសម្រាប់ថ្នាក់ទី៩ តើនៅប្រទេសកម្ពុជា គេចែកផ្លូវគោកជាប៉ុន្មានប្រភេទ?»។ ជាចម្លើយ បេក្ខជនដែលចូលរួមលេងលោក កៅ សីហា បានជ្រើសរើសចម្លើយ២ប្រភេទ គឺមានផ្លូវថ្នល់ និងផ្នូវដែក ប៉ុន្តែចម្លើយនោះបែរជាពិធីការិនីថា មិនត្រឹមត្រូវនោះទេ ហើយចម្លើយដែលត្រឹមត្រូវនោះមាន ៣ប្រភេទ គឺផ្លូវជាតិ ផ្លូវខេត្ត និង ផ្លូវរុក្ខបាល។
យ៉ាងណាក៏ដោយ ការបកស្រាយខុសគ្នាខាងលើនេះ មជ្ឈដ្ឋានជាច្រើនបានសំណូមពរដល់ក្រសួងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋ ចេញមកបង្ហាញការពិត នៃប្រភេទផ្លូវគោក ដើម្បីកុំឲ្យមានការភ័ន្តច្រឡំតទៅទៀត ជាពិសេសសម្រាប់ក្មេងៗជំនាន់ក្រោយ៕