(ភ្នំពេញ)៖ អតីតប្រធានគណបក្សសមរង្ស៉ី លោក គង់ គាំ ដែលជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ នាពេលបច្ចុប្បន្ននេះបានធ្វើការវិភាគថា ការប្រឌិតព័ត៌មានជាប្រព័ន្ធ ស្តីអំពីមូលដ្ឋានកងទ័ពចិន នៅលើទឹកដីកម្ពុជា នៅត្រង់ចំណុចរាមថ្មីៗនេះ គឺជាចេតនាអាក្រក់របស់សហរដ្ឋអាមេរិក ដែលមានមូលដ្ឋានទ័ពរបស់ខ្លួន នៅសមុទ្រកំរ៉ាញ់ ប្រទេសវៀតណាម។
លោក គង់ គាំ បានបញ្ជាក់នៅ Facebook យ៉ាងដូច្នេះថា៖ «សហរដ្ឋអាមេរិក ក្រុមនយោបាយខ្មែរ (កូនសំពាយ) ពិសេសក្រុមបាតុករខ្មែរ និងក្រុមយួនសេរី (Egar/ម៉ុងតាញ៉ា) ដែលអបអរ និងជំរុញ (ច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៩) របស់សភាជាន់ទាបសហរដ្ឋអាមេរិក និងការប្រឌិតជាប្រព័ន្ធ (របស់ស្ថាប័នរដ្ឋ និងសារព័ត៌មាន) អំពី (កិច្ចព្រមព្រៀងសម្ងាត់) ដែលថា កម្ពុជាបានយល់ព្រមឱ្យចិនប្រើ (ទីតាំងរាម ខេត្តព្រះសីហនុ) ជាមូលដ្ឋានយោធាគឺជាការគោះរទេះ (កម្ពុជា) គម្រាមគោ(ចិន)នោះ គឺឆ្ពោះទៅបង្កើតឱកាសឱ្យមូលដ្ឋានទ័ពអាមេរិកនៅ (សមុទ្រកាំរ៉ាញ វៀតណាម) អាចលាតសន្ធឹង នូវចេតនាអាក្រក់ដែលខ្លួនបានត្រៀមបំរុងផងក៏មិនដឹង»។
កាលពីពេលកន្លងទៅនេះ សារព័ត៌មានបរទេសជាច្រើនដែលមាននិន្នាការគាំទ្រអាមេរិក បានប្រឌិតព័ត៌មានបន្តបន្ទាប់អំពីមូលដ្ឋានទ័ពចិននៅក្នុងទឹកដីប្រទេសកម្ពុជា។ សារព័ត៌មាន The Wall Steet Journal របស់សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុនបានផ្សព្វផ្សាយរបាយការណ៍ក្លែងក្លាយមួយចោទថា កម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយចិន ដោយផ្តល់មូលដ្ឋានកងទ័ពជើងទឹករាម ឱ្យកងទ័ពចិន បោះមូលដ្ឋានទ័ព។
ទោះជាយ៉ាងនេះក្តី ព័ត៌មាននេះត្រូវបានច្រានចោលដោយប្រមុខរាជរដ្ឋាភិបាល រដ្ឋមន្រ្តីក្រសួងការពារជាតិផងដែរ។ ដើម្បីបំភ្លឺកាន់តែច្បាស់ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បាននាំអ្នកសារព័ត៌មានជាង៧០រូប ធ្វើទស្សនកិច្ចផ្ទាល់នៅមូលដ្ឋានកងទ័ពជើងទឹករាមនេះ ដោយមើលឃើញថា មិនមានអ្វីប្រែប្រួល ដូចការចុះផ្សាយរបស់ សារព័ត៌មានសហរដ្ឋអាមេរិកឡើយ។
លោក គង់ គាំ ដែលធ្លាប់ជាមនុស្សជំនិតរបស់លោក សម រង្ស៉ី អ្នកនយោបាយខ្មែរជាប់ងារបម្រើផលប្រយោជន៍បរទេសនោះ បានសម្តែងការសោកស្តាយ ចំពោះចេតនា និងកាយវិការសហរដ្ឋអាមេរិកមួយចំនួន ដែលបានធ្វើឱ្យទំនាក់ទំនង និងសហប្រតិបត្តិការមួយចំនួនរវាត និងធ្លាក់ចុះជាមួយកម្ពុជា។
លោកបានកោតសរសើរចិនថា «ចិននិយាយតិចធ្វើច្រើន នាំឱ្យទំនាក់ទំនងចិន-កម្ពុជា ជិតស្និទ្ធជាងពេលណាទាំងអស់»៕