(ភ្នំពេញ)៖ ប្រធាន អនុប្រធាន និងមន្ត្រីសុរិយោដីខេត្តពោធិ៍សាត់ ចំនួន៣រូប ដែលត្រូវបានឃាត់ខ្លួនដោយ អង្គភាពប្រឆាំងអំពើពុករលួយ (ACU)នោះ ត្រូវបានបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញហើយ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ។ នេះបើតាមលោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាប់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិច។
លោក គុជ គឹមឡុង បានបញ្ជាក់ថា «នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ ប្រធាន អនុប្រធាន និងមន្ត្រីសុរិយោដីខេត្តពោធិ៍សាត់ ចំនួន៣រូប ដែលត្រូវបានឃាត់ខ្លួនដោយ ACU ត្រូវបានបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីបន្តនីតិវិធីបន្ថែមទៀត»។
សូមបញ្ជាក់ថា ប្រធាន អនុប្រធាន និងមន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចុះទៅឃាត់ខ្លួននៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តពោធិ៍សាត់ផ្ទាល់តែម្តង ដោយសង្ស័យប្រព្រឹត្តអំពើពុករលួយ គប់គិតទារលុយពីម្ចាស់ដី ដោយខុសច្បាប់ចំនួន ១០ម៉ឺនដុល្លារជាថ្នូរចេញច្បាប់សាងសង់។ ការចុះទៅឃាត់ខ្លួននេះ ដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
មន្ត្រីដែលអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួននេះ រួមមាន៖ *ទី១៖ ឈ្មោះ លៀម ប៊ុនរឿន ប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់, *ទី២៖ ឈ្មោះ ជាង វុទ្ធី អនុប្រធានមន្ទីរទទួលការងារសំណង់, *និងទី៣៖ ឈ្មោះ តែ ប៊ុនថេង មន្ត្រីសុរិយោដីខេត្តទទួលបន្ទុកច្រក។
ប្រធាន, អនុប្រធាន និងមន្រ្តីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ ចំនួន៣រូប ដែលសង្ស័យប្រព្រឹត្តអំពើពុករលួយ គប់គិតទារលុយពីម្ចាស់ដី ដោយខុសច្បាប់ចំនួន ១០ម៉ឺនដុល្លារជាថ្នូរចេញច្បាប់សាងសង់នោះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន នៅភោជនីយដ្ឋានមួយ ក្នុងក្រុងពោធិ៍សាត់ ជាទីដែលមន្រ្តីទាំងនោះ និងម្ចាស់ដីជួបគ្នា ដើម្បីប្រគល់លុយ៕