(ភ្នំពេញ)៖ បុរសជនជាតិនីហ្សេរីយ៉ាចំនួន៣នាក់ ដែលត្រូវបានសមត្ថកិច្ចចចាប់ខ្លួនក្នុងករណីជួញដូរថ្នាំញៀន ២១គីឡូក្រោម នៅខណ្ឌដង្កោ រាជធានីភ្នំពេញនោះ ត្រូវបានសមត្ថកិច្ចខណ្ឌនេះ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ។
វរៈសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដោយមានការសម្របសម្រួលពីលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ បានបង្ក្រាបករណីជួញដូរថ្នាំញៀន ២១ គីឡូក្រោម ក្នុងផ្ទះសំណាក់យីហោតូនី ផ្លូវបេតុង ភូមិចំរើនផល សងា្កត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងនោះក៏បានឃាត់បុរសជនជាតិនីហ្សេរីយ៉ា៣នាក់។
បើតាមរបាយការណ៍សមត្ថកិច្ច ជនជាតិនីហ្សេរីយ៉ា៣នាក់ ដែលត្រូវបានឃាត់ខ្លួននោះរួមមាន៖
* ទី១៖ ឈ្មោះ ម៉ាឌូកា ចនអេសឈីប៊ូឌូ ហៅ MADUKAJONASCHIBU DO ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់តូនី ផ្លូវបេតុង ភូមិចំរើនផល សងា្កត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
*ទី២៖ ឈ្មោះ អ៊ូប៊ីស៊ីស៊ីកោឌីណាកាឈីម័ររៀ ហៅ OBIESIE CHIKA ODINAKA CHIEMERIE អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់តូនី ផ្លូវបេតុង ភូមិចំរើនផល សងា្កត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
* ទី៣៖ ឈ្មោះ DAVIS CANKWDO អាយុ៣០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលបុរីពិភពថ្មីចំការដូង ភូមិថ្មី សងា្កត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញវត្ថុតាងមួយចំនួនដូចជា៖ ទី១៖ ម្សៅក្រាមពណ៌សថ្លា ២១កញ្ចប់ (ស្មើ២១គីឡូក្រាម) ទី២៖ លិខិតឆ្លងដែន៣ក្បាល ទី៣៖ កាបូបស្ពាយចំនួន០២ ទី៤៖ ទូរស័ព្ទដៃ៤គ្រឿង និងទី៥៖ ឯកសារមួយចំនួន៕