(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ចេញវិធានការចាំបាច់ចំនួន ៦ចំណុច ដល់ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការនាំចូលជ្រូក សាច់ជ្រូក និងផលិតផល មានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទដោយខុសច្បាប់។ បច្ចុប្បន្ននេះ ជំងឺប៉េស្តជ្រកអាហ្វ្រិក (African Switc Fever) បាននិងកំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័ស ពីបណ្តាប្រទេសជិតខាង និងបានបន្តឆ្លងរាតត្បាតមកដល់ខេត្តរតនគីរី ត្បូងឃ្មុំ ស្វាយរៀង តាកែវ និងខេត្តកណ្តាលរបស់កម្ពុជា។
សារាចរណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ជំងឺប៉េស្តជ្រកអាហ្វ្រិកនេះមិនឆ្លង និងបង្កផលប៉ះពាល់ដល់សុខភាពមនុស្សទេ ប៉ុន្តែជំងឺនេះ បណ្តាលឱ្យជ្រូកឈឺ និងងាប់មានអត្រាខ្ពស់ រហូតដល់១០០ភាគរយ ដែលបង្កការខាតបង់យ៉ាងធ្ងន់ធ្ងរដល់អ្នកចិញ្ចឹមជ្រូក។
ស្ថិតក្នុងសភាពការណ៍ ចំពោះមុខនេះ និងអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពី «សុខភាពសត្វ និងផលិតកម្មសត្វ» និងបទប្បញ្ញត្តិច្បាប់ជាធរមាននានា នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការចាំបាច់ជាបន្ទាន់ដូចតទៅ៖
*ទី១៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវចាត់វិធានការចាំបាច់ និងបន្ទាន់ដើម្បីបង្ការ ទប់ស្កាត់ការ ឆ្លងរាលដាលជាទ្រង់ទ្រាយធំ នៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ដោយធ្វើការតាមដាន ស្រាវជ្រាវឱ្យបានហ្មត់ចត់ និងជាប្រចាំលើសុខភាពសត្វជ្រូកនៅទូទាំងប្រទេស និងអនុវត្តវិធានជីវសុវត្ថិភាព វិធានការអនាម័យនៅកន្លែងចិញ្ចឹមសត្វ ពង្រឹងការត្រួតពិនិត្យអនាម័យសត្វ និងផលិតផលមានដើមកំណើតពីសត្វ ព្រមទាំងធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីជំងឺប៉េស្តជ្រកអាហ្វ្រិក និងវិធានការការពារ។
*ទី២៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យសត្តឃាតដ្ឋាន អនាម័យសាច់ ធ្វើចត្តាឡីស័ក ឃាត់ទុក ឬបំផ្លាញចោលនូវជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទ ដែលលួចនាំចូលដោយខុសច្បាប់ ទៅតាមវិធានការបសុព្យាបាល និងបទដ្ឋានបច្ចេកទេស។
*ទី៣៖ ការនាំចូលជ្រូកពូជ ជ្រូកយកសាច់ សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទ សម្រាប់បំពេញតម្រូវការ នៃការចិញ្ចឹមក្នុងស្រុក បម្រើសេចក្តីត្រូវការម្ហូបអាហារ និងសម្រាប់ពិសោធន៍ស្រាវជ្រាវ ដាច់ខាតត្រូវមានការត្រួតពិនិត្យរអនាម័យ និងសុខភាពសត្វតាមបទដ្ឋានបច្ចេកទេស និងត្រូវមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
*ទី៤៖ ក្រសួងមហាផ្ទៃ ត្រូវដាក់បទបញ្ហាដល់អភិបាល នៃគណៈអភិបាលខេត្តតាមបណ្តោយព្រំដែន ឱ្យចាត់វិធានការម៉ឺងម៉ាត់ និងជាបន្ទាន់ ក្នុងការទប់ស្កាត់ការលួចនាំចូលជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូក គ្រប់ប្រភេទដែលខុសច្បាប់ និងគ្មានការអនុញ្ញាត តាមគ្រប់រូបភាព និងតាមគ្រប់មាត់ច្រកទាំងអស់។
*ទី៥៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវដាក់បទបញ្ជាដល់មន្ត្រីបានសមត្ថកិច្ចឈរជើងតាមព្រំដែន ឱ្យមានវិធានការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ និងជាបន្ទាន់នូវការនាំចូលជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ ប្រភេទដែលខុសច្បាប់ និងគ្មានការអនុញ្ញាត។
និងទី៦៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ អគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសាលារាជធានី-ខេត្ត ត្រូវផ្តល់កិច្ចសហការ ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឱ្យបំពេញភារកិច្ចនេះ ទទួលបានជោគជ័យ៕