(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ តាមរយៈ Facebook ផ្លូវការរបស់ខ្លួន បានបង្ហោះសាររំលឹកពីការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលបានប្រព្រឹត្តទៅដោយត្រឹមត្រូវ សេរី និងយុត្តិធម៌។
យោងតាម គ.ជ.ប បានឱ្យដឹងថា គិតមកដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ គឺជារយៈពេលមួយឆ្នាំ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលបានប្រព្រឹត្តទៅជាមួយនឹងការចូលរួម របស់ប្រជាពលរដ្ឋអ្នកបោះឆ្នោតដ៏ច្រើនកុះករ ដែលបានទៅបោះឆ្នោត ដោយគ្មានការភ័យខ្លាច គ្មានការគាបសង្កត់ ឬការបង្ខិតបង្ខំ និងប្រកបដោយទឹកមុខសប្បាយរីករាយ ដើម្បីជ្រើសរើសមេដឹកនាំរបស់ខ្លួន ក្នុងចំណោមគណបក្សនយោបាយ ចំនួន២០ ដែលបានចូលរួមប្រកួតប្រជែង។ អត្រានៃអ្នកបោះឆ្នោតកើនឡើងខ្ពស់រហូតដល់៨៣.០២% ខ្ពស់ជាងអត្រា នៃការបោះឆ្នោត ឆ្នាំ២០០៨ និងឆ្នាំ២០១៣។
គ.ជ.ប បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្នកសង្កេតការណ៍ជាតិចំនួន ៨ម៉ឺននាក់ និងអ្នកសង្កេតការណ៍អន្តរជាតិជាង ៥០០នាក់ មកពី៥៨ប្រទេស ក៏ដូចជា តំណាងស្ថាប័នបោះឆ្នោតនៃប្រទេសមួយចំនួន ដែលសង្កេតមើលការបោះឆ្នោត បានវាយតម្លៃខ្ពស់កោតសរសើរ និងគាំទ្រដល់ការបោះឆ្នោតថា បានប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិភាព ស្ងប់ស្ងាត់ល្អ គ្មានអំពើហិង្សា ប្រកបដោយភាពរលូន តម្លាភាព សេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ ហើយការបោះឆ្នោតត្រូវបានរៀបចំកាន់តែល្អប្រសើរឡើងទាំងលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេស»។
គ.ជ.ប បានឱ្យដឹងបន្តថា ខុសប្លែកពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រមុនៗ សម្រាប់ការបោះឆ្នោតឆ្នាំ២០១៨នេះ ទោះសភាពការណ៍នយោបាយមានការប្រែប្រួលថ្មី តែសភាពការណ៍សង្គម សេដ្ឋកិច្ចនៅតែមានការវិវឌ្ឍល្អ និងប្រកបដោយសុខសន្តិភាព ទាំងមុនពេលក្នុងពេល និងក្រោយពេលបោះឆ្នោត។
នេះហើយជាមោទកភាពរបស់ គ.ជ.ប ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ព្រមទាំងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតទាក់ទងនឹងការបោះឆ្នោត។ គ.ជ.ប នៅតែបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមនេះតាមច្បាប់របស់កម្ពុជា ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ៕