(ភ្នំពេញ)៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីថ្លែងការណ៍មួយប្រដៅដល់ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ឱ្យចៀសវាងបង្អាក់ដល់ភាពរុងរឿងរបស់ប្រជាជនកម្ពុជា។

ស.ស.ស.ក ស្នើឲ្យមន្ត្រីស្ថានទូតអាមេរិក គួរបន្តដើរតួជាស្ពានតភ្ជាប់រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ដោយចៀសវាងការដើរផ្ទុយពីគុណតម្លៃស្មារតីនេះ ឬធ្វើកិច្ចការជាជំនួយអ្នកប្រឆាំង។ មន្ត្រីស្ថានទូតអាមេរិក ក៏គួរសិក្សាពិនិត្យលើភាពចាស់ទុំនៃបណ្តាមន្ត្រីទូតដទៃទៀតចំពោះកម្ពុជា។

សេចក្តីថ្លែងការណ៍របស់ ស.ស.ស.ក បានធ្វើឡើងបន្ទាប់ពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានប្រកាសតាមបណ្តាញសង្គម Facebook របស់ខ្លួន ដោយវាយតម្លៃថា ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ កាលពី១ឆ្នាំមុននោះគឺ មិនមានភាពសេរី និងយុត្តិធម៌ទេ ហើយក៏មិនបានតំណាងឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជាទេ។

ស្ថានទូតនេះ បានយកឱកាសនេះ លើកឡើងអំពី អតីតគណបក្សប្រឆាំង ដែលត្រូវរំលាយចោលដោយតុលាការ ពាក់ព័ន្ធនឹងករណីក្បត់ជាតិ ហើយជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ស្តារលទ្ធិប្រជាធិបតេយ្យ រួមទាំងធ្វើការទម្លាក់បទចោទប្រកាន់ទាំងឡាយ ប្រឆាំងលោក កឹម សុខា។

 សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា របស់ លោក ហ៊ុយ វណ្ណៈ បានធ្វើការកត់សម្គាល់ជាមួយការភ្ញាក់ផ្អើល និងព្រួយបារម្ភ ដែលសង្កេតឃើញថា ជាញឹកញយមន្ត្រីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានផុសសារដែលបង្កប់ចរិតលក្ខណៈ និងគោលបំណង ព្យាយាមធ្វើឲ្យសាធារណៈមតិយល់ច្រឡំ ហើយញុះញង់ អុជអាល ឲ្យមានសេចក្តីស្អប់ និងជំរុញឲ្យមានទំនាស់នៅក្នុងចំណោមប្រជាជាតិមួយ។ ប្រសិនបើគេអានសារទាំងនេះដោយមិនបានពិចារណាឲ្យគ្រប់ទិដ្ឋភាព សាររបស់មន្ត្រីស្ថានទូតអាមេរិក គឺជាឈ្នួននាំឲ្យមានអំពើហិង្សានយោបាយ និងជាការប៉ុនប៉ងរុញឲ្យមានអស្ថេរភាពសង្គម។

ស.ស.ស.ក សូមអំពាវនាវដល់មន្រ្តីស្ថានទូតអាមេរិក គួរមានមនសិការវិជ្ជមាននៅក្នុងការបញ្ចេញសារ និងសេចក្តីថ្លែងការណ៍ ដែលមានតម្លៃរួមចំណែកដល់ការថ្នាក់ថ្នម និងការពង្រឹងពង្រីកទំនាក់ទំនងរយៈពេលវែង រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក។ ស.ស.ស.ក សូមជូនយោបល់ដល់មន្ត្រីទូតអាមេរិក ឲ្យមានការអត់ធ្មត់ខ្ពស់ ថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ និងជៀសវាងឲ្យបាននូវភាសាអុជអាល ដែលនាំឲ្យមានជម្លោះពាក្យសម្តី ដែលនាំឲ្យបាត់ភាពថ្លៃថ្នូរនៃអ្នកការទូត។

ស.ស.ស.ក សូមយកឱកាសនេះបង្ហាញនូវតម្លៃជាវប្បធម៌ថា ប្រជាជនកម្ពុជាពិតជាមានសមត្ថភាព ទទួលយកការពិភាក្សាផ្លាស់ប្តូរមតិយោបល់ប្រកបដោយ សេចក្តីថ្លៃថ្នូរ ដោយគោរពតម្លៃ និងផលប្រយោជន៍ទៅវិញទៅមក។ ប្រជាជនកម្ពុជាបច្ចុប្បន្ន គឺជា «ពលរដ្ឋនៃសន្តិភាពនិយម» ដែលព្យាយាមបោះដៃបន្តពង្រឹងពង្រីកមិត្តភាពជាមួយប្រទេស ដែលស្រឡាញ់សន្តិភាពនៅជុំវិញពិភពលោក ដើម្បីផលប្រយោជន៍ និងការយោគយល់គោរពគ្នាទៅវិញទៅមក៕

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីថ្លែងការណ៍ទាំងស្រុងនៅខាងក្រោមនេះ៖