(ភ្នំពេញ)៖ យប់មិញពេលខ្ញុំឃើញកាសែតបរទេស២គឺ South China Morning Post និង The Business Insider Australia ចេញផ្សាយនូវអត្ថបទអំពីការ បែកធ្លាយនូវកិច្ចព្រមព្រៀងសម្ងាត់ក្នុងការដាក់ និងពង្រីកវត្តមានយោធាជើងទឹកអាមេរិកនៅក្នុងប្រទេស ស្រីលង្កា និងអូស្ត្រាលី ខ្ញំពិតជាជឿថា ទេវតាពិតជាមានភ្នែក មែននិងតាមការពារអ្នករងគ្រោះដោយអំពើអយុត្តិធម៌ ហើយផ្តន្ទាអ្នកប្រព្រឹត្តទង្វើអាក្រក់ដែល ពោរពេញដោយពុតត្បុតមែន។

ប្រទេសកម្ពុជា និងប្រជាជនខ្មែរយើងពិតជាមានបារមីតាមជួយការពារថែរក្សាយ៉ាងពិតប្រាកដ។ ល្បែងឆ្ពិនភ្នែកដ៏អាក្រក់ «ស្វាស៊ីបាយរួចលាបមាត់ពពែ» ដោយ សុខចិត្តទម្លាក់កំហុសលើអ្នកដទៃដើម្បីបិទបាំងផែនការសម្ងាត់ដ៏ធំរបស់ខ្លួន ត្រូវបានវែកមុខនិងបកអាក្រាតជាសាធារណៈអោយគេបានដឹងលឺខ្ទរខ្ទារពេញពិភពលោក ហើយ។

«យោធាសហរដ្ឋអាមេរិកគ្រោង នឹងពង្រីកផែនការធ្វើនាវាចរថ្មីជាសម្ងាត់ដែលមានទឹកប្រាក់ ៣០៥លានដុល្លារនៅប្រទេសអូស្ត្រាលី ប៉ុន្តែគ្មាននរណាម្នាក់ចង់និយាយ អំពីរឿងនេះនោះទេ» នេះគឺជាចំណងជើងនៃអត្ថបទរបស់កាសែតអនឡាញ The Business Insider Australia ដែលចេញផ្សាយកាលពីថ្ងៃទី៣០ ខែកក្កដានេះ។
យោងតាមខ្លឹមសារនៃកាសែតនេះ ក្រសួងការពារជាតិអាមេរិកកំពុងពិចារណាចំណាយថវិកា ៣០៥.៩លានដុល្លារ សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធកងទ័ពជើង ទឹកនៅ Darwin ដើម្បីពង្រីកវត្តមានរបស់ខ្លួននៅក្នុងប្រទេសអូស្ត្រាលី។ ប្រភពដដែលក៏បានឲ្យដឹងថា យោងតាមសេចក្តីព្រាងច្បាប់របស់សភាអាមេរិកដែល ទូរទស្សន៍អូស្ត្រាលី ABC ទទួលបានគឺទឹកប្រាក់ចំនួន ២១១.៥លានដុល្លារអាមេរិកត្រូវបានគេគ្រោងសម្រាប់សាងសង់មូលដ្ឋានកងទ័ពជើងទឹក អាមេរិកនៅរដ្ឋធានីភាគខាងជើងនៃ ប្រទេសអូស្ត្រាលី ដោយនៅរង់ចាំតែការអនុម័តយល់ព្រមពីសមាជិកសភាអាមេរិកតែប៉ុណ្ណោះ។

សេចក្តីព្រាងច្បាប់ដដែលនេះក៏បានបញ្ជាក់ថា សំណង់យោធាត្រូវបានសាងសង់នៅចំណុចជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក រួមទាំងនៅកោះ Guam និង ជប៉ុន។ គំរោង Darwin គឺជាគំរោងដែលថ្លៃជាងគេលំដាប់ទី២ នៅក្នុងច្បាប់នេះបន្ទាប់ពីគំរោង Guam ដែលមានតំលៃខ្ពស់ជាងបន្តិចគឺ ៣២៧លានដុល្លារ។ គម្រោង នេះបានកើតឡើង នៅពេលដែលភាពតានតឹងរវាងប្រទេសមហាអំណាចពិភពលោកទាំងពីរនៅសមុទ្រចិនខាងត្បូង និងប៉ាស៊ីហ្វិកកាន់តែរីកធំឡើងៗ។

កាលពីសប្តាហ៍មុននាវាចម្បាំងអាមេរិកមួយគ្រឿងបានធ្វើដំណើរតាមច្រកសមុទ្រតៃវ៉ាន់ មួយថ្ងៃបន្ទាប់ពីប្រទេសចិនបានព្រមានថា ខ្លួននឹងប្រើកងកម្លាំង ដើម្បីការពារផលប្រយោជន៍ របស់ខ្លួន។ ប្រសិនបើគម្រោង Darwin នេះត្រូវបានអនុម័តនេះគឺជាគម្រោងអភិវឌ្ឍយោធាដ៏ធំបំផុតមួយរបស់សហរដ្ឋអាមេរិក នៅប្រទេសអូស្ត្រាលីនាប៉ុន្មានឆ្នាំចុងក្រោយនេះ។

ទោះបីជាបែបនេះក្តី ក៏អាជ្ញាធរនៃប្រទេសទាំង២គឺអាមេរីកនិង អូស្ត្រាលីស្ទាក់ស្ទើរក្នុងការនិយាយអំពីគម្រោងសម្ងាត់នេះ។

ទោះជាយ៉ាងណាគម្រោង Darwin បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងវិស័យការពារជាតិ ដែលមានតម្លៃ ២ពាន់លានដុល្លារដើម្បីពង្រឹងវត្តមានរបស់ខ្លួននៅភាគខាងជើងអូស្ត្រាលី។ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកបាននិយាយថា គម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនេះរួមមាន ដែនអាកាសកន្លែងស្នាក់នៅនិងកន្លែងហ្វឹកហាត់។

សហរដ្ឋអាមេរិកក៏កំពុងតែផ្តល់មូលនិធិដល់គម្រោង មួយនៅ Geraldton នៅភាគខាងលិចអូស្ត្រាលីហើយកាលពីឆ្នាំមុន ក៏បានបញ្ជូនកងម៉ារីនអាមេរិកជាង១៥០០នាក់ ដែលជាការដោះដូរកងកម្លាំងជើងទឹកអាមេរិកដ៏ធំបំផុតមិនធ្លាប់មាននៅអូស្ត្រាលី។
សហរដ្ឋអាមេរិកក៏បានធ្វើប្រតិបត្តិការ Pine Gap រួចទៅហើយដែលជាមូលដ្ឋានស៊ើបការណ៍ដ៏សម្ងាត់របស់ខ្លួននៅ Alice Springs ហើយក៏នៅមានកិច្ចព្រមព្រៀងជា មួយរដ្ឋាភិបាលអូស្រ្តាលីក្នុងការប្រើប្រាស់មូលដ្ឋានទ័ពអាកាសអូស្ត្រាលី RAAF ថែមទៀត។

បញ្ហានេះវាបានកើតឡើងមិនដល់មួយសប្តាហ៍ទេ បន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក និងអូស្រ្តាលីបានសម្តែងការព្រួយបារម្ភចំពោះព័ត៌មានដែលថា មានកិច្ចព្រមព្រៀង សម្ងាត់រវាងប្រទេសកម្ពុជា និងចិន ដែលនឹងអនុញ្ញាតឱ្យយោធាចិន ចូលទៅប្រើប្រាស់មូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជានៅជិតក្រុងព្រះសីហនុ។ ឥឡូវនេះក៏បែរជា មានការលេចធ្លាយមកថា គឺកងទ័ពអាមេរិក និងអូស្ត្រាលីខ្លួនឯងឯណោះទៅវីញទេ ដែលបានចុះកិច្ចព្រមព្រៀងសម្ងាត់របស់ខ្លួន។

ព័ត៌មានដែលចុះផ្សាយដោយគេហទំព័រ The Business Insider Australia គឺជាពន្លឺដែលទម្លុះទម្លាយភាពមន្ទិលសង្ស័យទាំងឡាយជុំវិញការបង្កើត និងប្រឌិតព័ត៌មានថា កម្ពុជានិងចិន បានចុះហត្ថលេខាសម្ងាត់ដែលអនុញ្ញាតឲ្យចិនប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុ។

ព័ត៌មានមិនពិតនេះត្រូវបានភាគីកម្ពុជានិងចិន បដិសេធជាផ្លូវការរួចហើយ។ ហើយអាជ្ញាធរកម្ពុជាថែមទាំងបាននាំក្រុមអ្នកកាសែតជាតិ និងអន្តរជាតិអោយទៅពិនិត្យដល់កន្លែងជាក់ស្តែងទៀតផង។

ប៉ុន្តែក៏នៅមានអ្នកជឿលើ ព័ត៌មានប្រឌិតនេះ ហើយបន្ដដាក់ការសង្ស័យចោទប្រកាន់មកលើកម្ពុជានិងចិន ពាក់ព័ន្ធនឹងការបង្កើតមូលដ្ឋានទ័ពនៅលើទឹកដីកម្ពុជា។ មជ្ឈដ្ឋានក្រុមប្រឆាំងបម្រើបរទេសក៏នៅ តែបន្តយកបញ្ហាមិនពិតដែលគេប្រឌិតឡើងនេះធ្វើជាប្រធានបទនៃការឃោសនាបង្ខូចបង្កាច់រដ្ឋាភិបាលដឹកនាំដោយ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដដែលដូចដែលប្រជាជនបារាំងតែងតែ និយាយថា «Qui se resemble, s’assemble» «ឆ្នាំងណាគ្របហ្នឹង»។

ប៉ុន្តែក្រោយពីបានអានអត្ថបទរបស់កាសែតបរទេសទាំង២នេះ ខ្ញុំពិតជាអាចយល់បានយ៉ាងច្បាស់ហើយថា ហេតុអ្វីបានជាសហរដ្ឋអាមេរិក បង្កើតព័ត៌មានក្លែងក្លាយនេះឡើង។ ចម្លើយដ៏សាមញ្ញនិងងាយយល់បំផុតនោះ គឺដើម្បីបង្វែរសភាពការណ៍ឲ្យសាធារណៈមតិជាតិ និងអន្តរជាតិ ងាកមក ចាប់អារម្មណ៍លើកម្ពុជា និងចិនដើម្បីបិទបាំងផែនការសម្ងាត់ដ៏ធំរបស់ខ្លួនជាមួយអូស្ត្រាលី និងស្រីលង្កា។

ប៉ុន្តែពាក្យចាស់បូរាណ ពោលថា «ដំរីស្លាប់មិនអាចយកចង្អេបាំងបានឡើយ ឬ ក្រដាសក៏មិនអាចខ្ចប់ភ្លើងបានដែរ » ពោលគឺការពិតនៅតែជាការពិត។
ទីបំផុតល្បិចកលទុច្ចរិតនេះត្រូវបានបំបែកដោយសារព័ត៌មាន The Business Insider Australia និង South China Morning Post យ៉ាងទាន់ហន់បំផុត។

ម៉្យាងវិញទៀត ខ្ញុំក៏កាន់តែអាចវាយតំលៃបានកាន់តែច្បាស់ជាក់ស្តែងថែមទៀតថា ការលើកឡើងច្រំដែលៗមិនចប់មិនហើយអំពីបញ្ហាថា កម្ពុជាគ្មានប្រជាធិប្បតេយ្យ និងសិទ្ធមនុស្សនិងការរំលាយអតីតបក្សប្រឆាំងគឺវាគ្មានអ្វីក្រៅតែយកធ្វើជាលេស ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាផងហើយក៏ជាឈ្នាន់បំរើឲ្យផែនការ ក្នុងការបង្កើតបក្សអាយ៉ងរបស់ខ្លួនមួយនៅកម្ពុជា ក្នុងគោលដៅបំរើឲ្យផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់អាមេរីកតែប៉ុណ្ណោះ។

ចុងក្រោយនេះ ដើម្បីជាផ្នែកមួយនៃការបង្វែរការចាប់អារម្មណ៍ និងបន្លំភ្នែកសាធរាណៈមតិ ស្ថានទូតអាមេរិកប្រចាំកម្ពុជាក៏ទើបតែបានបង្កើតបញ្ហាថ្មីមួយទៀតនៅថ្ងៃ ៣០ កក្កដានេះដែរតាមរយៈការបញ្ចេញអត្ថបទវាយតម្លៃសភាពការណ៍បោះឆ្នោតនៅកម្ពុជាដែលផ្ទុយស្រឡះពីការពិត។ ការបង្កើតព័ត៌មានអកុសលជាបន្តបន្ទាប់ អំពីកម្ពុជា ពិតជាមានបំណងច្បាស់លាស់ដោយប្រើប្រាស់យុទ្ធសាស្ត្រ កូរទឹកឲ្យល្អក់ដើម្បីបំពុលត្រី ឬនិយាយបែបផ្សេង គឺការ «ប្រើល្បិចចោរស្រែកឲ្យគេចាប់ចោរ»។

ទោះយ៉ាងណា កម្ពុជាក៏មិនមែនជាត្រីក្នុងបឹងហើយក៏មិនបណ្តោយខ្លួនឲ្យគេវាយធ្វើបាបដោយចោទថា ខ្លួនជាចោរនោះដែរ។ កម្ពុជាក្នុងនាមជារដ្ឋអធិបតេយ្យ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្វ័យការពារដើម្បីរក្សាសុខសន្តិភាពនិង ដើម្បីជៀសផុតពីល្បែងហ្គេមស៊ីដាច់របស់បរទេស «Zero Sum Game»។
ពេលនេះអាប៉ោងបើកគ្របហើយ។ ល្បែងហ្គេមក៏ល្មមអាចចប់ត្រឹមនេះដែរ។ សូមចងចាំថា ក្នុងយុគសម័យនេះប្រទេសណាក៏គិតពីប្រយោជន៍របស់ខ្លួនជាធំដែរ។ ក្នុងបរិបទពិភពលោកពហុប៉ូល ចង្ទុលបង្អែកក៏មានច្រើន មិនមែនមានតែមួយគត់ដូចពីមុនទៀតទេ។

ដូច្នេះកុំសូម្បីតែប្រយោជន៍របស់ខ្លួន សុខចិត្តមួលបង្កាច់ ជាន់ពន្លិចប្រទេសតូចតាច ព្រោះនយោបាយទុច្ចរិត និងទង្វើបែបនេះមិនខុសអ្វីពីការបាចអង្កាម បញ្ច្រាសខ្យល់នោះឡើយ។ បទពិសោធន៍ពី អតីតកាលនិងបទពិសោធន៍នៃពិភពលោកថ្មីៗ គឺជា មេរៀនគ្រប់គ្រាន់សម្រាប់កម្ពុជា។

ល្បិចចោទប្រកាន់អ្នកដទៃដើម្បីបិទបាំងផែនការទុច្ចរិតរបស់ខ្លួនយូរ ឬឆាប់វាគង់តែបែកធ្លាយចេញមកនូវការពិត ជាពិសេសក្នុងយុគ្គសម័យនៃសាកលភាវូបនីយកម្ម និងឌីហ្ស៊ីតាល់៕

ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ