(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានថ្លែងដោយស្នើសុំឲ្យមន្រ្តីស្ថានទូតអាមេរិករក្សាទំនាក់ទំនងជាមួយកម្ពុជា ហើយបើពួកគេមិនពេញចិត្ត កម្ពុជាទេ សូមឲ្យមន្រ្តីទាំងនោះវេចបង្វិចត្រឡប់ទៅវិញចុះ។ លោកបានបញ្ជាក់បន្ថែមថា ពិបាកធ្វើការជាមួយមន្រ្តីតូចតាចនៅក្នុងស្ថានទូតអាមេរិក ដែលមន្រ្តីនោះជា មនុស្សព្រៃសម្រាប់ការញុះញង់។

នៅក្នុងសន្និសីទព័ត៌មានស្តីពីអំពី «សមិទ្ធផល១ឆ្នាំ ក្រោយការបោះឆ្នោត» ដែលធ្វើឡើងនៅសាលប្រជុំនៃទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ លោក ផៃ ស៊ីផាន បានថ្លែងគូសបញ្ជាក់ថា «សុំឱ្យមន្ត្រីទូតអាមេរិករក្សាទំនាក់ទំនងល្អជាមួយកម្ពុជា ហើយបើមិនពេញចិត្តកម្ពុជាទេ វេចបង្វិចទៅផ្ទះវិញទៅ»

លោក ផៃ ស៉ីផាន បានថ្លែងបញ្ជាក់ថា ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា មិនទាន់មានឯកអគ្គរដ្ឋទូតទេ, យើងពិបាកនឹងធ្វើការជាមួយមន្រ្តីតូចតាចនៅក្នុងនោះ, មន្រ្តីនោះជាមនុស្សព្រៃសម្រាប់ការញុះញង់។ អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ ក៏បានព្រមានដល់ជនណាក្រុមណា ដែលហ៊ានបំផ្លាញសន្តិភាព ស្ថេរភាព និងសណ្តាប់ធ្នាប់នៅក្នុងប្រទេសកម្ពុជានោះ នឹងត្រូវកម្ទេចចោលតែម្តងដោយមិនទុកនោះទេ។

ការប្រតិកម្មរបស់ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើឡើងបន្ទាប់ពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានប្រកាសតាមបណ្តាញសង្គម Facebook របស់ខ្លួន ដោយវាយតម្លៃថា ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ កាលពី១ឆ្នាំមុននោះគឺ មិនមានភាពសេរី និងយុត្តិធម៌ទេ ហើយក៏មិនបានតំណាងឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជាទេ៕