(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី មុនិនាថ នរោត្តម សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ បានប្រោសព្រះរាជូនបត្ថម្ភ ព្រះរាជទ្រព្យសរុបចំនួន១លាន២សែន ដុល្លារអាមេរិក សម្រាប់ចូលរួមកសាងអគារវះកាត់ ក្នុងមន្ទីរពេទ្យគន្ធបុប្ផា និងគាំទ្រមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។
ព្រះមហាក្សត្រមានព្រះរាជបន្ទូល នៅព្រឹក០១ ខែសីហា ឆ្នាំ២០១៩ ក្នុងឱកាសដែលទ្រង់ និងសម្តេចម៉ែ បានយាងជាព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ នូវបន្ទប់វះកាត់ នៃអគារគន្ធបុប្ផា-សីហមុនី មុនិនាថ នៃមន្ទីរពេទ្យគន្ធបុប្ផាទី១ រាជធានីភ្នំពេញ។
ព្រះមហាក្សត្រមានព្រះបន្ទូលថា នៅក្នុងឆ្នាំ២០១៨ សម្តេចម៉ែ និងព្រះអង្គ បានប្រោសព្រះរាជូនបត្ថម្ភ ព្រះរាជទ្រព្យ ១លានដុល្លាអាមេរិក សម្រាប់ចូលរួមកសាង អគារវះកាត់ ដែលរៀបចំសម្ពោធនៅថ្ងៃនេះ។ ក្នុងឱកាសនេះដែរ សម្តេចម៉ែ និងព្រះអង្គ ក៏បានសព្វព្រះរាជហឫទ័យ ប្រោសប្រទានព្រះរាជទ្រព្យបន្ថែមទៀត ចំនួន២សែនដុល្លារអាមេរិកផងដែរ ចំពោះមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។
បន្ទប់វះកាត់បេះដូងលើកដំបូងនៅរាជធានីភ្នំពេញ នៃអគារគន្ធបុប្ផា-សីហមុនី មុនិនាថ ថ្មីៗនេះនឹងចាប់ផ្តើមដំណើរការពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ តទៅ ដែលក្នុងមួយឆ្នាំៗយើងនឹងអាចបង្កើនការវះកាត់បានចំនួនប្រមាណ១០០០នាក់ រួមគ្នាជាមួយមជ្ឈមណ្ឌលវះកាត់បេះដូងទី១ ដែលបានធ្វើប្រតិបត្តិការនៅមន្ទីរពេទ្យជ័យវរ័្មនទី៧ ក្នុងខេត្តសៀមរាប តាំងពីឆ្នាំ២០១១ កន្លងមក។
ជាមួយក្រុមគ្រូពេទ្យឯកទេសកម្ពុជាយើង ដេលមានបទពិសោធន៍៨ឆ្នាំមកហើយ យើងសង្ឃឹមថាមជ្ឈមណ្ឌលបេះដូងទី២នេះ នឹងអាចឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ដើម្បីព្យាបាលកុមារតូចៗដែលមានបញ្ហាបេះដូងពីកំណើតជាង ៤០០០នាក់ ដែលកំពុងរង់ចាំទទួលការវះកាត់កែតម្រូវជារៀងរាល់ឆ្នាំ ហើយដែលជាង៨០ភាគរយនៃករណីទាំងនេះ ពួកគេនឹងអាចមានជីវិតរស់នៅដូចកុមារធម្មតា ក្រោយការវះកាត់ទទួលបានជោគជ័យ៕