(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃ អញ្ជើញដល់ប្រទេសកម្ពុជាវិញហើយ ក្រោយបញ្ចប់ការបំពេញ ដំណើរទស្សនកិច្ចផ្លូវការ ដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋតួកគី និងកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនេះ សម្ដេចក្រឡាហោម ស ខេង បានជួបពិភាក្សាការងារជាមួយ លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋតួកគី និងអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋតួកគី ដែលភាគីទាំងពីរបានចុះហត្ថលេខា នៅថ្ងៃនេះ ជាលទ្ធផលកើតចេញពីការឯកភាពគ្នាវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក រេជីប ថាយីប អ៊ែរដ៏វ៉ាន់ ប្រធានាធិបតី នៃសាធារណរដ្ឋតួកគី ក្នុងឱកាសសម្ដេចអញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋតួកគី កាលពីចុងខែតុលា ឆ្នាំ២០១៨កន្លងទៅ។
សម្ដេចក្រឡាហោម ស ខេង បានដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសតួកគី ដែលធ្វើឡើងតបតាមការអញ្ជើញរបស់លោក SULEYMAN SOLU រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋតួកគី៕