(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវការអបអរសាទរ និងអរគុណរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo ដែលបានផ្តល់យុត្តិធម៌សម្រាប់កម្ពុជា ទទួលស្គាល់នូវការបកស្រាយរបស់កម្ពុជា មិនជឿតាមការផ្សាយបំប៉ោង និងបំភ្លៃរបស់កាសែតអាមេរិក The Wall Street Journal ថា មានមូលដ្ឋានទ័ពចិននៅសមុទ្ររាម ក្នុងខេត្តព្រះសីហនុ។

នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ លោក ផៃ ស៊ីផាន បានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook យ៉ាងដូច្នេះថា «ខ្ញុំបាទសូមអបអរ និងថ្លែងអំណរគុណដល់ ឯកឧត្តម MIKE POMPEO រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកក្នុងការផ្តល់ យុត្តិធម៌ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចតេជោតែងតែលះបង់ និងពលីគ្រប់បែបយ៉ាងក្នុងកិច្ចការពារជាតិ ព្រមជាមួយអធិបតេយ្យជាតិ និងកិច្ចប្រឹងប្រែង រក្សាមិត្ត មិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង ជាដៃគូសហការគ្រប់វិស័យ ជាមួយនឹងប្រជាជាតិទាំងអស់នៅលើពិភពលោក ដោយមិនរើសអើង»

ការចេញមកថ្លែងអំណរគុណរបស់លោក ផៃ ស៊ីផាន បានធ្វើឡើងបន្ទាប់រដ្ឋមន្ត្រីការបរទេសអាមេរិក បានស្វាគមន៍ចំពោះការបកស្រាយ និងអះអាងយ៉ាងច្បាស់របស់កម្ពុជាថា មិនមានវត្តមានមូលដ្ឋានទ័ពចិននៅកម្ពុជានោះឡើយ។

នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ លោក Michael Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បានសម្តែងការស្វាគមន៍ចំពោះការបដិសេធអំពីមូលដ្ឋានទ័ពចិននៅកម្ពុជា ជាមួយគ្នានេះលោកបានកោតសរសើរ ប្រទេសកំពុងអភិវឌ្ឍនេះ ចំពោះការប្តេជ្ញាការពារបូរណភាពដែនដីរបស់ខ្លួន ហើយស្នើឱ្យប្រទេសដទៃយកលំនាំតាម។ លោក Michael Pompeo បានថ្លែងដូច្នេះថា៖ «ខ្ញុំចង់ថ្លែងបញ្ជាក់រឿងរ៉ាវខ្លះដែលបានកើតឡើង ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាមេរិកអាស៊ាន។ ប្រទេសកម្ពុជាបានបដិសេធ របាយការណ៍ដែលថា កម្ពុជាអនុញ្ញាតឲ្យមានមូលដ្ឋានយោធាចិន បង្កើតឡើងនៅលើទឹកដីរបស់ខ្លួន។ សហរដ្ឋអាមេរិកស្វាគមន៍ការ ការពារអធិបតេយ្យភាព (បូរណភាពដែនដី) ដ៏ខ្លាំងក្លារបស់កម្ពុជា ហើយលើកទឹកចិត្តដល់ប្រទេសផ្សេងទៀតក្នុងតំបន់ឲ្យធ្វើតាមលំនាំរបស់កម្ពុជា»

នេះបើយោងតាមសារព័ត៌មានអន្តរជាតិធំៗ ក៏ដូចជាសារព័ត៌មាន Bangkok Post, Washington Post, Los Angeles Times ចេញផ្សាយនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Michael Pompeo ក៏ត្រូវបានវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ស្រង់សម្តីថា លោកបានស្វាគមន៍ចំពោះការបដិសេធរបស់កម្ពុជា ចំពោះព័ត៌មានស្តីអំពីមូលដ្ឋានយោធាកងទ័ពចិនដាក់ នៅក្នុងតំបន់ឈូងសមុទ្រកម្ពុជា ដោយបានកោតសរសើរចំពោះការប្តេជ្ញាការពារបូរណភាពដែនដី។

ការសម្តែងការស្វាគមន៍របស់ រដ្ឋមន្រ្តីការបរទេសអាមេរិក បានធ្វើឡើងស្របពេលដែលប្រទេសកម្ពុជា បានប្រតិកម្មយ៉ាងខ្លាំងក្លាទៅនឹងការចុះផ្សាយរបស់ សារព័ត៌មានសហរដ្ឋអាមេរិក The Wall Street Journal ដែលបានចុះផ្សាយបំភ្លៃការពិតថា កម្ពុជាបានចុះកិច្ចព្រមព្រៀងឱ្យចិនបោះមូលដ្ឋានទ័ព នៅមូលដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈបណ្តាញព័ត៌មាន Fresh News បានចាត់ទុកថា ការផ្សព្វផ្សាយព័ត៌មានស្តីអំពីកម្ពុជាចុះហត្ថលេខាជាសម្ងាត់ជាមួយចិន ប្រើប្រាស់មូលដ្ឋានយោធា គឺជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍អះអាងច្បាស់ៗបន្តថា «តើកម្ពុជាត្រូវការវត្តមានយោធាចិនលើទឹកដីរបស់ខ្លួនដើម្បីអ្វី? យើងមិនដែលបានពិភាក្សាណាមួយ ជាមួយមេដឹកនាំចិននោះឡើយកុំថាឡើយដល់មានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ ល្មមឈប់ប្រើព័ត៌មានក្លែងបន្លំអំពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជា ដើម្បីប្រឆាំងនិងយើងហើយ»

ដើម្បីឱ្យអស់មន្ទិលសង្ស័យអំពីមូលដ្ឋានកងទ័ពជើងទឹករាមនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ បានអនុញ្ញាតឱ្យ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជាង៧០នាក់ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ ចុះពិនិត្យដោយផ្ទាល់ នៅមូលដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ។

ក្រុមអ្នកសារព័ត៌មាន ដែលបានចុះពិនិត្យផ្ទាល់ នៅមូលដ្ឋានកងទ័ពជើងទឹករាមនេះ បានអះអាងថា នៅទីនោះមិនមានមូលដ្ឋានទ័ពចិន ដូចការចុះផ្សាយឡើយ និងអះអាងទៀតថា ចិនមិនត្រូវការកម្ពុជាធ្វើជាមូលដ្ឋានទ័ពខ្លួនឡើយ ព្រោះនៅសមុទ្រចិនខាងត្បួង ជាមូលដ្ឋានទ័ពចិនដ៏ធំនៅក្បែរអាស៉ីអាគ្នេយ៍ស្រាប់ហើយ។

ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជាមិនមានជំហរប្តឹងទៅកាន់សារព័ត៌មានរបស់សហរដ្ឋអាមេរិក The Wall Street Journal នោះឡើយ ដោយគ្រាន់តែធ្វើការបំភ្លឺការពិតប៉ុណ្ណោះ។ នេះបើតាម លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៕