(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ឱ្យខិតខំប្រឹងប្រែងរួមគ្នារក្សានូវកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលសម្រេចបានក្នុងអត្រា៧ភាគរយជារៀងរាល់ឆ្នាំ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងផងដែរថា ប្រសិនបើអភិបាលកិច្ចរបស់កម្ពុជាស្មោកគ្រោក សេដ្ឋកិច្ចកម្ពុជាមិនអាចឈរនៅកំពូលតារាង ដែលសម្រេចបានកំណើនអត្រា៧ភាគរយនៅឆ្នាំ២០១៩ ខ្ពស់ជាងបំផុតក្នុងចំណោមប្រទេសសមាជិកអាស៊ាន ដូចការវាយតម្លៃរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ថ្មីៗនេះ ADB បានចេញការព្យាករថាកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងចំណោមបណ្តាលប្រទេសអាស៊ាន គឺនៅខ្ពស់ជាងគេ៧ភាគរយ ជាទី១ [កម្ពុជាឈរលេខ១] វៀតណាមទី២ ក្រោម៧ភាគយ។ យើងត្រូវបន្តការខិតខំយើងមិនអាចទទួលកំណើនសេដ្ឋកិច្ច៧ភាគរយ បានទេប្រសិនបើអភិបាលកិច្ចស្មោកគ្រោក។ និយាយដល់អភិបាលកិច្ចមិនមែនគ្រាន់តែទាក់ទងជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទាក់ទងជាមួយនឹងបញ្ហាថវិកានោះទេ ក៏ប៉ុន្តែវាទាក់ទងទាំងអស់ ជាកញ្ចប់តែម្តង»។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនដល់និស្សិតនាយនគរបាលជាង១ពាន់នាក់ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
សូមជម្រាបថា ថ្មីៗនេះធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថាផលិតផលនៅក្នុងស្រុក ឬ GDP របស់កម្ពុជា នឹងមានអាត្រាកំណើន៧ភាគរយនៅឆ្នាំ២០១៩នេះ ដែលជាកំណើនខ្ពស់ជាងគេបំផុត ក្នុងចំណោមបណ្ដាប្រទេស ជាសមាជិកអាស៊ានដទៃទៀត។
នៅក្នុងរបាយការណ៍មួយរបស់ខ្លួន ADB ក៏បានបញ្ជាក់ដែរថា GDP របស់កម្ពុជានឹងមានអាត្រាកំណើន៦.៨ភាគរយនៅឆ្នាំ២០២០ ខណៈអតិផរណានឹងមានអាត្រា២.៥ ភាគរយក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០។ លើសពីនេះទៅទៀត GDP សម្រាប់ប្រជាជន កម្ពុជាម្នាក់ក៏ត្រូវបានរំពឹងផងដែរថានឹងមានកំណើន៤.៤ភាគរយក្នុងឆ្នាំ២០១៩ និង៤.២ភាគរយក្នុងឆ្នាំ២០២០។
GDP របស់កម្ពុជាមានកំណើន ៦.៩ភាគរយនៅឆ្នាំ២០១៦, ៧ភាគរយ ឆ្នាំ២០១៧, ៧.៣ភាគរយ ឆ្នាំ២០១៨ ហើយបើតាមការព្យាកររបស់ ADB ដែលថា GDP កម្ពុជានឹងមានកំណើន ៧ក្នុងឆ្នាំ២០១៩នេះ គឺជាកំណើនខ្ពស់ជាងគេបំផុត នៅក្នុងចំណោមប្រទេសអាស៊ានដទៃទៀត រួមមានទាំងថៃ សិង្ហបុរី និងវៀតណាមផងដែរ។
ចំពោះរាជរដ្ឋាភិបាលកម្ពុជា បានព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំ២០១៩នេះ នៅតែមានកំណើនខ្ពស់ក្នុងអត្រា៧.១ភាគរយ ដោយសារកំណើនខ្ពស់នៃការនាំចេញ ពិសេសផលិតផលកាត់ដេរ ការបន្តកំណើនរឹងមាំនៃការវិនិយោគលើវិស័យសំណង់ និងការរីកធំធាត់នៃការប្រើប្រាស់ក្នុងស្រុក។
ជាមួយគ្នានេះ ធនាគារពិភពលោក (World Bank) និងមូលនិធិរូបិយវត្ថុពិភពលោក (IMF) សុទ្ធតែបានព្យាករផងដែរថា សេដ្ឋកិច្ចរបស់កម្ពុជា នៅរក្សាកំណើនរង្វង់ជិត៧ភាគរយ ក្នុងឆ្នាំ២០១៩៕