(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩នេះ បានបង្ហោះរូបថតអនុស្សាវរីយ៍ជាមួយនាយឧត្តមសេនីយ៍ សុក សារឿន និងបានបញ្ជាក់ថា ទោះជាពេលវេលា បុណ្យសិក្ត័ ឋានៈនាទី ឬទ្រព្យសម្បត្តិ មានការប្រែប្រួលក្តី ក៏ចំណងមិត្តភាពរវាងសម្តេច និងនាយឧត្តមសេនីយ៍ សុក សារឿន មិនបានផ្លាស់ប្តូរនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «រូបថតមួយសន្លឹកថតកាលពី៤៨ឆ្នាំមុន គឺឆ្នាំ១៩៧១ ដែលពេលនោះខ្ញុំមានអាយុ១៩ឆ្នាំ បងសុក សារឿន អាយុ២៩ឆ្នាំ។ ឯរូបថតមួយសន្លឹកទៀតថតថ្ងៃ៥ សីហា ២០១៩ ជាពេលដែលខ្ញុំឆ្លងពីអាយុ៦៧ឆ្នាំ មកអាយុ៦៨ឆ្នាំ ឯបង សុក សារឿន មានវ័យ៧៨ឆ្នាំ។
ទោះសភាពការណ៍មានការប្រែប្រួលទាំង នយោបាយសេដ្ឋកិច្ច សង្គមទាំងឋានៈ តួនាទី ទាំងវ័យ ទាំងរូបកាយ។ល។ តែចំណងមិត្តភាព និងភាពជាបងប្អូនរវាងគាត់ និងខ្ញុំមិនបានផ្លាស់ប្តូរទេ។ ៤៨ឆ្នាំមុនគាត់ជាមេបញ្ជាការរបស់ខ្ញុំ តែ៤០ឆ្នាំចុងក្រោយនេះគាត់មាន ឋានៈទាបជាងខ្ញុំវិញម្តង។
មិត្តភាព និងភាពជាបងប្អូនមិនសំដៅទៅលើបុណ្យសិក្ត័ ឋានៈនាទី ឬទ្រព្យសម្បត្តិនោះឡើយ តែសំខាន់ គឺនៅលើទឹកចិត្តស្រឡាញ់រាប់អានគ្នាដោយគ្មានការប្រែប្រួល។
បង សុក សារឿន នេះហើយដែលជូនខ្ញុំទៅដោះស្រាយការភ័នច្រឡំរវាងខ្ញុំជាមួយគ្រូពេទ្យក្រមុំ នៅមន្ទីរពេទ្យស្រុកក្រូចឆ្មា ឈ្មោះ រ៉ានី នាខែមិនា ១៩៧៤ ដែលជាឱកាសឱ្យខ្ញុំបានស្គាល់មុខរ៉ានី ជាលើកដំបូង ហើយចាប់ចិត្តស្រឡាញ់ តាំងពីពេលនោះមក និងក្រោយមកបានក្លាយជាប្តីប្រពន្ធរហូតមានចៅ២០នាក់ នាពេលនេះ។
បង សុក សារឿន ពេលនេះជានាយឧត្តមសេនីយ៍ និងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ»៕