(ភ្នំពេញ)៖ ក្នុងគ្រាចូលជួបសំដែងការគួរសម ជាមួយលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ លោក អែលឌីន ហូសៃនី បីន ម៉ូដ ហាសស៊ីម ឯកអគ្គរាជទូតម៉ាឡេស៊ីថ្មី ប្រចាំនៅកម្ពុជា បានជំរាបជូនថា លោក ម៉ាហាធា មហាម៉ាត់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងមកធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា នាដើមខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ។
លោកឯកអគ្គរាជទូត ម៉ាឡេស៊ី បានថ្លែងអំណរគុណ ចំពោះលោកស្រីឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យចូលជួបសំដែងការគួរសម និងសុំការណែនាំ ដើម្បីបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រជាជន និងរាជរដ្ឋាភិបាលប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរថែមទៀត ពិសេសលើកិច្ចការទំនាក់ទំនងការទូត និងសេដ្ឋកិច្ច នៅកម្ពុជា ។
លោកទូតថា កន្លងមកម៉ាឡេស៊ី ជាប្រទេសមួយដែលបាននាំមុខគេក្នុងវិស័យធុរកិច្ច ដែលគិតមកដល់បច្ចុប្បន្ន មានអ្នកវិនិយោគទុនម៉ាឡេស៊ីប្រមាណជាង ៤០០ក្រុមហ៊ុន កំពុងរកស៊ីនៅកម្ពុជា។
ទន្ទឹមនឹងនេះ លោកអគ្គរាជទូត ក៏បានចាប់អារម្មណ៍ចំពោះការរីកចំរើនរបស់កម្ពុជា ទាំងស្ថិរភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ពិសេសវិស័យសំណង់ ដែលកំពុងបំរើឲ្យផលប្រយោជន៍របស់ប្រជាជន និងជំនឿទុកចិត្តដល់អ្នកវិនិយោគបរទេសផងដែរ។
ជាការឆ្លើយតប លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានសំដែងនូវស្មារតីគាំទ្រ ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយកម្ពុជាបានចាត់ទុកប្រទេសម៉ាឡេស៊ី ជាមិត្តល្អ តាំងពីអតីកាល និងបច្ចុប្បន្នមានន័យថា ចាប់តាំងពីកម្ពុជាមានការ លំបាកគឺរារដ្ឋាភិបាលម៉ាឡេស៊ី បានរួមចំណែកក្នុងការចូលរួម ស្វែងរកសន្តិភាព និងការស្តារសេដ្ឋកិច្ចកម្ពុជា។
លោកស្រី ម៉ែន សំអន បានបញ្ជាក់ទៀតថា បើទោះជាកម្ពុជាកំពុងមានការរីកចំរើនគួរឲ្យកត់សំគាល់ក្តី តែបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំក្នុងជំរុញលើកកំពស់កិច្ចសហការ និងការពារដៃគូរវិនិយោគទុនទាំងអស់ តាមរយៈនៃការប្រឆាំងអំពើពុករលួយដោយឈរលើស្មារតីអនុវត្តអភិក្រមទាំង៥ ឲ្យកាន់តែមានប្រសិទ្ធិភាព គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ។
តាមរយៈលោកឯកអគ្គរាជទូតថ្មី ម៉ាឡេស៊ីនាពេលនេះ លោកស្រី ម៉ែន សំអន បានសំដែងនូវជំនឿយ៉ាងមុតមាំថា ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរនឹងកាន់តែប្រសើរ និងរីកចំរើនរឹងមាំថែមទៀត ក្នុងនោះកម្ពុជាបានត្រៀមរួចជាស្រេច ដើម្បីទទួលស្វាគមន៍ចំពោះវត្តមានរបស់នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ដែលនឹងមកដល់កម្ពុជានាពេលខាងមុខដ៏ខ្លី។
សូមបញ្ជាក់ថា លោកឯកអគ្គរាជទូតថ្មីរូបនេះ ជាអគ្គរាជទូតទី៩ របស់ម៉ាឡេស៊ី ហើយបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា បន្ទាប់ពីបានថ្វាយសារតាំងចំពោះព្រះមហាក្សត្រ នៃកម្ពុជា កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩៕