(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានឲ្យដឹងថា រហូតមកដល់ពេលនេះ ស្ថានភាពទឹកភ្លៀងនៅតែបន្ដគំរាមកំហែងយ៉ាងខ្លាំង ដល់ខេត្តព្រះសីហនុ ខណៈដែលស្ថានភាព មិនដែលធ្លាប់កើតមានពីមុននោះឡើយ សម្រាប់ខេត្តតំបន់ទេសចរណ៍មួយនេះ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ លោក គួច ចំរើន បានបញ្ជាក់ថា កម្រិតទឹកភ្លៀងដែលទទួលបាន នៅក្រុងព្រះសីហនុ ចំនួន២៧២មីលីម៉ែត្រ ចាប់ពីម៉ោង៧ព្រឹក ថ្ងៃទី០៨ រហូតដល់ម៉ោង៧ព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ហើយ២២៤មីលីម៉ែត្រ ចាប់ពីម៉ោង៧ យប់ថ្ងៃទី០៨ ដល់ម៉ោង៧ព្រឹក ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩។
លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ក្នុងស្ថានភាពបែបនេះធ្វើឲ្យតំបន់មួយចំនួន នៅក្រុងព្រះសីហនុត្រូវបានគំរាមកំហែងដោយទឹកភ្លៀង ខណៈដែលធាតុអាកាសបែបនេះ ពុំធ្លាប់មានទេនៅក្នុងក្រុងព្រះសីហនុ។ ដោយឡែក កាលពីឆ្នាំ២០០៧ ខេត្តធ្លាប់ជួបម្ដងដែរ គឺភ្លៀងមិនយូរដូច្នេះទេភ្លៀង១ម៉ោង ជាងកម្រិត៨១មីលីម៉ែត្រ កាលនោះជនលិចដែរ ក៏ប៉ុន្តែមិនលិចខ្លាំងដូចរបៀបនេះទេ។
ដោយឡែក មូលដ្ឋានសមុទ្រខេត្តព្រះសីហនុ ក៏បានជូនដំណឹងដែរថា នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូមែត្រលេខ៧-៨ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទឹកជំនន់ទឹកភ្លៀង បានទឹកហូរច្រោះបាក់ផ្លូវអស់មួយចំហៀង ប៉ុន្ដែបច្ចុប្បន្ននេះកងកម្លាំងមូលដ្ឋានសមុទ្រ កងទ័ពជើងទឹក កំពុងធ្វើការជួសជុល។ សម្រាប់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសសុំផ្អាកធ្វើចរាចរណ៍ ជាបណ្តោះអាសន្នចំពោះរថយន្តដឹកជញ្ជូនធុនធ្ងន់។
ដោយឃើញស្ថានភាពបែបនេះ លោក គួច ចំរើន នៅព្រឹកថ្ងៃនេះ ក៏បានដឹកនាំមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចុះពិនិត្យស្ថានភាពផ្ទាល់នៅកន្លែងដែលលិចលង់ ដើម្បីមានវិធានការសង្គ្រោះបឋមជូនប្រជាពលរដ្ឋដែលរងគ្រោះ និងរកវិធានការដើម្បីរំដោះទឹក ឬកាយសំរាមនៅមាត់លូផងដែរ។
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថ្មីមួយ ពីបញ្ហាអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់១៦ ខែសីហា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា ដោយឥទ្ធិពលព្យុះ និងខ្យល់មូសុងនិរតី បណ្តាលឲ្យខេត្តជាប់មាត់សមុទ្រ ពិសេសខេត្តព្រះសីហនុ និងកោះកុង រួមទាំងខេត្តជាប់ព្រំដែនវៀតណាម ភ្លៀងនៅតែបន្តធ្លាក់ខ្លាំង អាចបង្កជាជំនន់ទឹកភ្លៀង ខណៈរាជធានីខេត្តផ្សេងៗទៀត មានភ្លៀងធ្លាក់ពីតិចទៅច្រើន។
ក្រសួងធនធានទឹក បានបញ្ជាក់ពីបញ្ហាអាកាសធាតុរបស់កម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ ១៦ ខែសីហាយ៉ាងដូច្នេះថា៖
១៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ជាពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងបន្តមានភ្លៀងធ្លាក់ ក្នុងកម្រិតពីបង្គួរទៅច្រើន។ លើផ្ទៃសមុទ្រនឹងមានភ្លៀងខ្យល់ខ្លាំង និងរលកបក់បោកខ្ពស់។
២៖ ខេត្តកំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ ព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង និងរតនគិរី នឹងអាចមានភ្លៀងក្នុងកម្រិតបរិមាណពីមធ្យមទៅច្រើន។
៣៖ ខេត្តព្រះវិហារ សៀមរាប បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ។
៤៖ ខេត្តកំពង់ស្ពឺ តាកែវ កណ្តាល និងរាជធានីភ្នំពេញ នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម។
ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះតំបន់សមុទ្រ ដែលមានភ្លៀង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕