(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះថា អគ្គិសនីនៅក្នុងខេត្ត ត្រូវបានផ្អាកការផ្គត់ផ្គង់ ចរន្តអគ្គិសនីបណ្តោះអាសន្ន ដោយសារខ្យល់ព្យុះ ភ្លៀងខ្លាំង និងទឹកភ្លៀងហូរច្រោះធ្វើឲ្យទ្រេតបង្គោលភ្លើង។
លោកអភិបាលខេត្តបានបញ្ជាក់ថា ហេតុការណ៍នេះ បានបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួននៅសង្កាត់លេខ១ សង្កាត់លេខ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ តែយ៉ាងណានោះ នៅពេលនេះ ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុលដើម្បីភ្ជាប់ចរន្តឡើងវិញ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក គួច ចំរើន។
របាយការណ៍របស់លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា ជំនន់ទឹកភ្លៀងនេះបណ្តាលឲ្យ រលំរបងថ្មសង្កត់កម្មករសំណង់២នាក់ប្តីប្រពន្ធស្លាប់ (ធ្វើរោងស្នាក់នៅជាប់របងផ្ទះធ្វើពីថ្មរៀបឥដ្ឋ ស្ថិតក្នុងក្រុមទី២១ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ។ ដោយឡែក នៅចំណុចរោងចក្រផលិតឥដ្ឋ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណី បាក់រលំរបងមួយកើតឡើង បណ្តាលឲ្យសង្កត់លើមនុស្សម្នាក់ស្លាប់ នៅនឹងកន្លែងជាជនជាតិចិន។
ជាមួយគ្នានេះ ដោយសារឥទ្ធិពលទឹកភ្លៀងបានបណ្តាលឲ្យ៖
*ទឹកហូរធ្វើឲ្យដាច់ស្ពាន (ស្ពានពោងធុងសាំង) ១កន្លែង ស្ថិតនៅតំបន់តាលះ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
*នៅលើផ្លូវជាតិលេខ៤៥ នៅចន្លោះគីឡូម៉ែត្រលេខ៧-៨ ទឹកហូរច្រោះធ្វើឱ្យស្រុតផ្លូវមួយចំហៀង ស្ថិតនៅភូមិអុង ឃុំរាមស្រុកព្រៃនប់
*ក្រុងកោះរ៉ុងធ្វើឲ្យផ្លូវមួយចំនួន និងលូហូរដាច់ជាអន្លឹៗ ក្នុងនោះផ្លូវពីភូមិដើមថ្កូវទៅភូមិសុខសាន្ត ពីភូមិកោះតូចទៅភូមិដើមថ្កូវ ពីភូមិសុខសាន្តទៅភូមិព្រែកស្វាយ។
ដើម្បីដោះស្រាយបញ្ហាខាងលើ នៅព្រឹកនេះលោក គួច ចំរើន បានដឹកនាំមន្ត្រីជំនាញ មន្ទីរសាធារណការ មន្ទីរបរិស្ថាន ធនធានទឹក អាជ្ញាធរក្រុង ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុ។
សូមបញ្ជាក់ថា ស្ថានភាពភ្លៀងបានបង្អុរធ្លាក់ឥតឈប់ឈរកាលពីយប់ថ្ងៃទី៨ រហូតមកដល់ព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ធ្វើឱ្យតំបន់ទំនាបមួយចំនួនក្នុងក្រុងព្រះសីហនុ កំពុងប្រឈមនឹងលិចដោយជំនន់ទឹកភ្លៀង បង្កខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋមួយចំនួនផងដែរ។
លោក គួច ចំរើន បានណែនាំឱ្យមន្ត្រីជំនាញមានដូចជា មន្ទីរធនធានទឹក មន្ទីរសាធារណការ មន្ទីរបរិស្ថាន និងអាជ្ញាធរក្រុង ត្រូវយកគ្រឿងចក្រ កាយយកសំរាមចេញពីមាត់លូ និងកាយប្រឡាយឱ្យបានធំទូលាយ ដើម្បីរំដោះជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុ។ ទន្ទឹមនោះលោក ក៏បានសំណូមពរប្រជាពលរដ្ឋ មានការយោគយល់ ព្រោះនេះជាគ្រោះធម្មជាតិ ដែលយើងត្រូវរួមគ្នារកវិធីដោះស្រាយបញ្ចៀសជំនន់ទឹកភ្លៀងចេញពីក្រុងបានទាន់ពេលវេលា។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង នៅស្ពានអូរសំអាត ផ្លូវអូ១ ដល់អូ៥ ស្ពាន L.V និងបន្តទៅកន្លែងមួយចំនួនទៀត ដែលកំពង់រងការលិចលង់ដោយជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុ។
សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀងបានលិចសម្ភាររបស់ប្រជាពលរដ្ឋ មានដូចជា ឡាន ម៉ូតូ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃជាច្រើនផ្សេងទៀតផងដែរ៕