(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអះអាងថា កម្ពុជាបានត្រៀមកងកម្លាំងមួកខៀវរបស់ខ្លួនគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់អង្គការសហប្រជាជាតិ ដើម្បីចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព ក្រោមឆត្រ UN នៅបណ្តាប្រទេសដែលកំពុងតែហែកហួរដោយសារភ្លើងសង្គ្រាម ព្រោះកម្ពុជាចង់ឱ្យប្រទេសដទៃ មានសុខសន្តិភាពពេញលេញដូចកម្ពុជាដែរ។
ការអះអាងរបស់ប្រមុខការពារជាតិកម្ពុជា បានធ្វើឡើងនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាព តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលដំណើរមាតុភូមិនិវត្តន៍កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ចំនួន៣៨២នាក់ ដែលបានបញ្ចប់បេសកកម្មដោយជោគជ័យ នៅប្រទេសម៉ាលី និងស៊ូដង់ខាងត្បូង នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែយ៉ាងដូច្នេះថា៖ «ខ្ញុំបានបញ្ជាក់ហើយ ឥឡូវយើងនៅតែបន្តប្តូរផ្តាច់ បំពេញការងារនេះ ជាបន្តបន្ទាប់ទៀត ហើយឥឡូវនេះ កម្លាំងត្រៀមបម្រុងរបស់យើង ហៅថាកម្លាំងត្រៀមបម្រុងចល័តរហ័ស ពេលដែលមានតម្រូវការយើងនឹងបញ្ជូនទៅភ្លាម ទោះបីជាមានការខ្វះខាត តែចង់ឱ្យបណ្តាប្រទេសដទៃទៀត ទទួលបានសុខសន្តិភាព ដូចប្រទេសកម្ពុជាដែរ»។
ចាប់តាំងពីឆ្នាំ២០០៦មក រហូតមកដល់ពេលនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាង ៥ពាន់នាក់ ទៅបំពេញបេសកកម្មក្រោមស្លាកអង្គការសហប្រជាជាតិ នៅប្រទេសចំនួន០៨ប្រទេស លើពិភបលោក ក្នុងនោះមាន សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ សាយប្រ៊ឹស ស៊ីរី ឆាដ ម៉ាលី និងអាហ្រ្វិកកណ្តាលដើម។ នៅក្នុងឆ្នាំ២០១៩នេះ កម្ពុជាមានកម្លាំងជាង៨០០នាក់ ដែលកំពុងបំពេញបេសកកម្ម នៅក្រៅប្រទេសក្រោមឆត្រអង្គការសហប្រជាជាតិ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ប្រជាជាតិកម្ពុជា ពិតជាមានមោទនភាពណាស់ ដែលកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ចេញទៅបំពេញបេសកកម្ម នៅអន្តរជាតិ នាពេលកន្លងមក ដែលទទួលបានការកោតសរសើរ ទទួលស្គាល់ថា ជាអង្គភាព និងជាប្រទេសមួយ ដែលបញ្ជូនកម្លាំងទៅប្រតិបត្តិការពោរពេញទៅដោយសមត្ថភាព និងបានរួមចំណែកយ៉ាងសំខាន់បំផុត នាំឱ្យជាតិបរទេសទាំងនោះ បានទទួលសុខសន្តិភាពមកវិញ យ៉ាងឆាប់រហ័ស។
ក្នុងឱកាសនោះ កងកម្លាំងមួកកម្ពុជា ដែលទើបតែបញ្ចប់បេសកកម្ម ក្រោមឆត្រអង្គការសហប្រជាជាតិ ក៏បានបង្ហាញពីមោទនភាព និងបទពិសោធន៍ការងារពេញមួយឆ្នាំ នៅឯប្រទេសដែលមិនទាន់ មានសន្តិភាពពេញលេញផងដែរ។ ពួកគាត់បានបញ្ជាក់ថា ក្នុងនាមជាកងកម្លាំងកម្ពុជា គឺពិតជាមានមោទនភាពណាស់ ដែលមានរួមចំណែក ក្នុងការងារដ៏មានសារៈសំខាន់នេះ ដើម្បីកិច្ចការមនុស្សធម៌៕