(ព្រះសីហនុ)៖ នៅពេលនេះក្រុមហ៊ុនអានកូ បានចេញសេចក្ដីប្រកាសជាបន្ទាន់មួយ ពីផលប៉ះពាល់ទៅលើដំណើរការនៃការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋ នៅទូទាំងក្រុងព្រះសីហនុ ដោយសារតែដាច់ចរន្ដអគ្គិសនីព្រោះតែរលំបង្គោលភ្លើង មកពីជំនាន់ទឹកភ្លៀងហូរផ្ដាច់ផ្លូវ។
ទន្ទឹមនឹងបញ្ហាប្រឈម ក្រុមការងាររបស់ក្រុមហ៊ុន សហការជាមួយមន្ដ្រីអាជ្ញាធរពាក់ព័ន្ធ កំពុងតែរកមធ្យោបាយដើម្បីដាំបង្គោលភ្លើងឡើងវិញ សម្រាប់ដំណើរការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋ។
នៅតាម Facebook របស់ខ្លួនរបស់ក្រុមហ៊ុនអានកូ ដែលជាអ្នកផ្គត់ផ្គង់ទឹកស្អាត នៅក្រុងព្រះសីហនុ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីជូនដំណឹងបន្ទាន់មួយយ៉ាងដូច្នេះថា «ដំណឹងបន្ទាន់៖ ក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ សូមជម្រាបជូនអតិថិជនទាំងអស់មេត្តាជ្រាថា ដោយសារតែជំនន់ទឹកភ្លៀងនៅតែបន្តធ្លាក់ជាច្រើនថ្ងៃជាប់ៗគ្នា ធ្វើឲ្យទឹកនៅទំនប់ក្បាលឆាយ មានការកើនឡើងជាគំហុក ហើយបានហូរច្រោះដាច់ផ្លូវ និងដួលរលំបង្គោលភ្លើងបណ្តាលឲ្យដាច់ចរន្តអគ្គិនី ជាហេតុធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកនៅក្រុងព្រះសីហនុទាំងមូល។ ក្រុមការងារកំពុង រកមធ្យោបាយដើម្បីដាំបង្គោលឡើងវិញ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអតិថិជនទាំងអស់មេត្តាយល់យោគ។ សូមអរគុណ!»។
សូមបញ្ជាក់ថា ដោយសារតែភ្លៀងធ្លាក់ជាបន្ដបន្ទាប់ឥតឈប់ឈរបានបង្កឲ្យខេត្តព្រះសីហនុ ជាពិសេសនៅក្រុងព្រះសីហនុ តាមផ្លូវជាតិលេខ និងផ្លូវជាតិលេខ៣ បានរងនូវការជន់លិចយ៉ាងខ្លាំង រហូតដល់កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចជាច្រើននាក់ ចេញប្រតិបត្តិការជួយសង្គ្រោះ និងជម្លៀសប្រជាជនចេញពីលំនៅឋាន ឆ្ពោះទៅកាន់ទីទួលមានសុវត្ថិភាព។
គ្រោះធម្មជាតិទឹកជន់លិចនេះ ក៏បង្ខំឲ្យមន្ដ្រីអគ្គិសនីផ្ដាច់ភ្លើងបណ្ដោះអាសន្ន ជៀសវាងការឆ្លងចរន្ដអគ្គិសនី បណ្ដាលឲ្យពលរដ្ឋរងគ្រោះ៕