(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី មិនលុបថ្ងៃជ័យជម្នះ ៧មករា តាមអ្វីដែលជាការរិះគន់របស់ក្រុមប្រឆាំងជាដាច់ខាត ព្រោះជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា ដែលបានរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ការបញ្ជាក់បែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ ក្រោយបញ្ចប់ពិធីទទួលដំណើរមាតុភូមិនិវត្តន៍កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ចំនួន៣៨២នាក់ ដែលបានបញ្ចប់បេសកកម្មដោយជោគជ័យ នៅប្រទេសម៉ាលី និងស៊ូដង់ខាងត្បូង នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ប្រមុខការពារជាតិកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មានអ្នកមួយចំនួន គេលើកឡើងថា ថ្ងៃ៧មករា ហ្នឹងមិនគួរទុកនោះទេ រឿងនេះគឺជារឿងមានសារៈសំខាន់ចំពោះជាតិមាតុភូមិកម្ពុជា ធំធេងណាស់ ព្រោះថ្ងៃ៧មករា មានតាំងពីយូរយារណាស់មកហើយ ព្រោះថ្ងៃ៧មករា គឺមានតាំងពីយូរយារណាស់មកហើយឥឡូវហ្នឹងគឺវាយូរមែនទែនហើយ យើងចាត់ទុកថា គឺជាថ្ងៃកំណើតទី២របស់យើង»។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមទៀតថា ការទុកថ្ងៃជ័យជម្នះ ៧មករា គឺសម្រាប់ឱ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការ បានឈប់សម្រាក វាជារឿងល្អ ព្រោះថ្ងៃនេះ ជាសក្ខីភាពបញ្ជាក់ឱ្យយុវជនជំនាន់ក្រោយ បានដឹងកាន់តែច្បាស់ពីអតីតកាលរបស់កម្ពុជា ដូច្នេះសម្រាប់ថ្ងៃជ័យជម្នះ ៧មករានេះ គឺត្រូវនៅស្ថិតស្ថេរ ជារៀងរហូតផងដែរ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នាថ្មីៗនេះ បានសម្រេចកាត់បន្ថយថ្ងៃឈប់សម្រាកចំនួន៦ថ្ងៃ ពោលគឺកាត់បន្ថយថ្ងៃបុណ្យពីថ្ងៃចំនួន២៨ថ្ងៃ មកនៅត្រឹម២២ថ្ងៃ ក្នុង១ឆ្នាំៗវិញ ដោយអនុវត្តចាប់ពីឆ្នាំ២០២០តទៅ។
នៅឆ្នាំ២០២០ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានកាត់បន្ថយចំនួនពីរថ្ងៃ ពោលថ្ងៃឈប់សម្រាកនៅសល់តែមួយថ្ងៃប៉ុណ្ណោះ។ ចំណែកពិធីបុណ្យជាតិ និងអន្តរជាតិចំនួន៥ផ្សេងទៀត មិនត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកទៀតនោះឡើយ ចាប់ពីឆ្នាំ២០២០ខាងមុខនេះ ក្នុងនោះ រួមមាន៖ បុណ្យមាឃបូជា ទិវាជាតិនៃការចងចាំ ទិវាកុមារអន្តរជាតិ ទិវារំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងទិវាសិទ្ធិមនុស្ស ១០ធ្នូ ជាដើម។ ដោយឡែកថ្ងៃឈប់សម្រាបបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលកន្លងទៅមាន៣ថ្ងៃនោះ ត្រូវបានបន្ថែម១ថ្ងៃទៀត ធ្វើឱ្យមានរយៈពេល៤ថ្ងៃ៕