(ព្រះវិហារ)៖ ថ្លែងចេញពីខេត្តព្រះវិហារ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបធនធានធម្មជាតិ បានផ្តាំផ្ញើដល់មន្ត្រីអាវុធហត្ថ និងគ្រួសារអាវុធហត្ថទាំងអស់ ហាមពាក់ព័ន្ធជាមួយបទល្មើសព្រៃឈើ ទោះឈើមានច្បាប់ ឬល្មើសច្បាប់ក៏ដោយ និងត្រូវការពារជាតិ បម្រើប្រជាជន គោរពច្បាប់ និងបង្ក្រាបបទល្មើស។
ការក្រើនរម្លឹកជាថ្មីរបស់នាយឧត្តមសេនីយ៍ សៅ សុខា ខាងលើនេះ បានធ្វើឡើង ខណៈអញ្ជើញជួបសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ និងគ្រួសារអាវុធហត្ថពិកាមានជំងឺ ពលីមរណៈ នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ។
នៅរសៀលថ្ងៃនេះ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានបន្តដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ នៅខេត្តព្រះវិហារ បន្ថែមទៀត ក្រោយបញ្ចប់កិច្ចប្រជុំកាលពីព្រឹកមិញនៅខេត្តស្ទឹងត្រែង។
កាលពីម្សិលមិញ នាយឧត្តមសេនីយ៍ សៅ សុខា បានបន្ដដឹកនាំកិច្ចប្រជុំ បូកសរុបការត្រួតពិនិត្យការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅខេត្តរតនគិរី ខណៈកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ បានដឹកនាំកិច្ចប្រជុំរួចរាល់ នៅខេត្តមណ្ឌលគិរី។
ដោយឡែកកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ រយៈពេលពេញមួយថ្ងៃ នាយឧត្តមសេនីយ៍ សៅ សុខា បានដឹកក្រុមការងារអន្តរក្រសួង និងស្ថាប័នចម្រុះ ដែលមានការពាក់ព័ន្ធ អញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់ នូវការបង្ក្រាបបទល្មើសព្រៃឈើ ដែលក្រុមការងារបានបង្ក្រាបជាបន្តបន្ទាប់ នាពេលកន្លងទៅ។
នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានបញ្ជាឲ្យដុតកម្ទេចចោលរថយន្ដបាកុងដឹកឈើជាច្រើនគ្រឿង ដែលបង្ក្រាបបាននាពេលកន្លងទៅផងដែរ៕