(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំមន្រ្តីរាជការគ្រប់មន្ទីរអង្គភាព ជាង៥០០នាក់ ចុះដាំដើមត្នោតចំនួន៣០,០០០គ្រាប់ នៅតាមព្រំដែនកម្ពុជា-ឡាវ ចំណុចបង្គោលលេខ០៤០ និង០៤២។
ថ្លែងក្នុងពេលដាំដើមត្នោតនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ លោក ម៉ុម សារឿន មានបានថ្លែងបញ្ជក់ថា ដើមត្នោតជាតំណាងអត្តសញ្ញាណជាតិ ដួងប្រលឹងជាតិខ្មែរ ត្រូវបានគេសំគាល់នូវទេសភាពទឹកដី ពីបុរាណកាលមកដល់បច្ចុប្បន្ន ។ ការដាំដើមត្នោតនាពេលនេះ គឺជាប្រវត្តិសាស្រ្តមួយសម្រាប់ខេត្តស្ទឹងត្រែង របស់យើង ក្នុងការបង្ហាញពីវប្បធម៌របស់ជាតិ និងការថែរក្សាអត្តសញ្ញាណជាតិ ក៏ដើម្បីការពារអធិបតេយ្យភាពជាតិ ក្នុងការបំផុសផ្នត់គំនិតដល់ក្មេងជំនាន់ក្រោយ ឲ្យចេះស្រលាញ់នូវអត្តសញ្ញាណជាតិខ្មែរ របស់យើងផងដែរ។
លោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានប្រាប់ឲ្យដឹងថា ពិធីដាំដើមត្នោតនេះ គឺជាលើកទី២ហើយដែលមន្ទីរអភិវឌ្ឍន៍ជនបទ បានសហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង រួមនឹងមន្ទីរជាច្រើនអង្គភាពផ្សេងទៀត រៀបចំធ្វើឡើង ដោយចំណាយពូជគ្រាប់ត្នោតចំនួន ៣០,០០០គ្រាប់ បានយកដាំនៅចំណុចចបង្គោលលេខ០៤០ និង០៤២ នេះ៕