(ភ្នំពេញ)៖ ប្រធានសម្ព័ន្ធគ្រួសាររបស់ឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ លោកស្រី អាន មីន ហ្គ្រីហ្វីត ផ្ញើលិខិតថ្លែងអំណរគុណ ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានចាត់មន្ដ្រីជាន់ខ្ពស់ ដឹកនាំគណៈកម្មការកម្ពុជា សម្រាប់ការរុករកអដិ្ឋធាតុទាហានអាមេរិក។
តាមរយៈលិខិតថ្លែងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ ប្រធានសម្ព័ន្ធគ្រួសាររបស់ឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេច ដែលបានចាត់តាំងមន្ដ្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ឲ្យដឹកនាំគណៈកម្មការកម្ពុជា សម្រាប់ការរុករកអដិ្ឋធាតុទាហានអាមេរិក»។
គួរជម្រាបថា កាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន បានចាត់ឲ្យលោក ជុំ សុន្ទរី ឯកអគ្គរាជទូត នៅសហរដ្ឋអាមេរិក ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៥០ របស់សម្ព័ន្ធជាតិ នៃគ្រួសារទាហានអាមេរិកបាត់ខ្លួន ក្នុងសង្គ្រាម។
ក្នុងឱកាសនោះ លោក ជុំ សុន្ទរី បានថ្លែងពីចំណាប់អារម្មណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ទៅលើបេសកកម្មរុករកអដិ្ឋធាតុទាហានអាមេរិកនេះ ចំពោះក្រុមគ្រួសារយុទ្ធជន និងមន្ដ្រីអាមេរិកទាំងឡាយ។
ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក ក៏បានលើកឡើងអំពីរឿងពិត នៃកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរបស់ប្រទេសទាំងពីរ (កម្ពុជា-អាមេរិក) ដូចជាប្រទេសកម្ពុជាត្រូវបានគេទទួលស្គាល់ជាយូរមកហើយថា ជាដៃគូសហការកម្រិត Gold Standard ក្នុងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងបេសកកម្មរុករកអដិ្ឋធាតុនេះ។
ខាងក្រោមនេះជាលិខិតថ្លែងអំណរគុណ របស់ប្រធានសម្ព័ន្ធគ្រួសាររបស់ឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍៖