(កំពត)៖ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តកំពត បានឃាត់ខ្លួនជនសង្ស័យពីរនាក់ ដែលជាសមាជិកក្រុមប្រឹក្សាក្នុងស្រុកឈូក ពីបទក្លែងបន្លំឯកសារប្លង់ដីរបស់ពលរដ្ឋ រស់នៅភូមិវាលក្រសាំង ឃុំតាកែន ស្រុកឈូក ខេត្តកំពត។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ជនសង្ស័យទាំង ២នាក់នេះតែម្តង ។
នគរបាលព្រហ្មទណ្ឌខេត្តកំពត បានឱ្យដឹងថា ជនសង្ស័យទាំង ២នាក់រួមមាន៖
*ទី១៖ ឈ្មោះ ហង់ ប៊ូញ ភេទប្រុស កើតឆ្នាំ១៩៧២ បច្ចុប្បន្នរស់នៅនៅភូមិកោះស្លា ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត មុខរបរសមាជិកក្រុមប្រឹក្សាស្រុកឈូក ខេត្តកំពត ចាប់ខ្លួនពីបទ ក្លែងលិខិតសាធារណៈ ដែលបានប្រព្រឹត្តនៅភូមិវាលក្រសាំង ឃុំតាកែន ស្រុកឈូក ខេត្តកំពត កាលពីថ្ងៃ៣០ ខែវិច្ឆកា ឆ្នាំ២០១៨។ ដោយប្រើវិធី (បញ្ចេះ បង្ខំ អ្នកកាន់តា្រ និងមេឃុំតាកែន ស្រុកឈូក ឲ្យលុបកែទីតាំងដីពីភូមិកោះស្លា ឃុំត្រពាំងភ្លាំង មកជាភូមិវាលក្រសាំង ឃុំតាកែន ស្រុកឈូក និងចុះហត្ថលេខាត្រួតលើលិខិតរបស់មេឃុំត្រពាំងភ្លាំង ដែលបានចុះហត្ថលេខារួចហើយ)។
*ទី២៖ ឈ្មោះ ឃុត វ៉ាន ភេទប្រុស កើតឆ្នាំ១៩៧៣ សព្វថ្ងៃរស់នៅភូមិជ័យតាស្វាយ ឃុំតាកែន ស្រុកឈូក មុខរបរសមាជិកក្រុមប្រឹក្សាឃុំតាកែន ស្រុកឈូក ពីបទក្លែងលិខិតសាធារណៈ ដោយប្រើវិធី (លុប កែទីតាំងដី ពីភូមិកោះស្លា ឃុំត្រពាំងភ្លាំង មកជាភូមិវាលក្រសាំង ឃុំតាកែន ស្រុកឈូក រួចបោះត្រា និងឱ្យមេឃុំតាកែន ចុះហត្ថលេខាត្រួតលើលិខិតរបស់មេឃុំត្រពាំងភ្លាំង ដែលបានចុះហត្ថលេខារួចហើយ)។
បើតាមសមត្ថកិច្ច អំពើក្លែងនេះ នាំឱ្យប៉ះពាល់ផលប្រយោជន៍ស្របច្បាប់របស់ឈ្មោះ ទ្រួន អេង ម្ចាស់ប្លង់រឹងនៅភូមិវាលក្រសាំង ឃុំតាកែន ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ច កំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕