(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល បានអះអាងថា ស្ថានីយបញ្ចូលឧស្ម័នឥន្ធនៈ (ហ្គាស) នៅកណ្តាលក្រុងសៀមរាប ដែលកើតហេតុការណ៍ផ្ទុះហ្គាសបង្កជាគ្រោះអគ្គិភ័យ មិនមានច្បាប់អនុញ្ញាតឱ្យធ្វើអាជីវកម្មនោះទេ។
កាលពីរសៀលថ្ងៃទី១៤ ខែសី ឆ្នាំ២០១៩ កន្លងទៅនេះ មានហេតុការណ៍ផ្ទុះហ្គាសនៅស្ថានីយបញ្ចូលហ្គាស ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បង្កជាគ្រោះអគ្គិភ័យ និងបណ្តាលឱ្យមនុស្សរហូតដល់ទៅ១៣នាក់ បានរងរបួសធ្ងន់ស្រាល រួមទាំងជនបរទេសផងដែរ។
តាមរយៈសេចក្តីប្រកាសព័ត៌មានៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ ក្រសួងរ៉ែ និងថាមពល បានអះអាងថា ស្ថានីយនេះ ពុំមានច្បាប់ររនុញ្ញាតត្រឹមត្រូវ ពីក្រសួង និងអាជ្ញាធរមូលដ្ឋាន សម្រាប់សាងសង់ និងធ្វើអាជីវកម្មបញ្ចូលឧស្ម័ននេះទេ។ បច្ចុប្បន្ន ក្រសួងបាននិងកំពុងបន្តនីតិវិធីស្រាវជ្រាវលើករណីនេះបន្ថែមទៀត។
ក្រសួងរ៉ែ ក៏បានណែនាំដល់សាធារណជនដែរថា ការប្រកបអាជីវកម្មបើកដំណើរការស្ថានីយប្រេង។ ជាពិសេសឧស្ម័នឥន្ធនៈ (LPG) ត្រូវតែមានវិជ្ជាជីវៈបច្ចេកទេសសុវត្ថិភាព ឱ្យបានច្បាស់លាស់ត្រឹមត្រូវ ហើយតម្រូវឱ្យមានច្បាប់អនុញ្ញាតពីក្រសួងជំនាញ និងស្ថាប័នពាក់ព័ន្ធ ចៀសវាងការបង្កឱ្យមានហានិភ័យគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃបែបនេះ។
សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ ១រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ មានគ្រោះអគ្គិភ័យបណ្តាលមកពីផ្ទុះធុងហ្គាសនៅហាងបញ្ចូលហ្គាសមួយកន្លែង តាមបណ្តោយផ្លូវលោកតាណឺយ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ គ្រោះអគ្គិភ័យនេះ បណ្តាលឱ្យរបួសមនុស្ស ១៣នាក់។
លោក ហួត មុនីពិសាខ មន្ត្រីនគរបាលនៅផ្នែកអន្តរាគមន៍ ដែលបានចូលរួមក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យ និងសង្រ្គោះជនរងគ្រោះក្នុងករណីនេះ ត្រូវបានភ្លើងឆាបឆេះរោលរាលពេញខ្លួនប្រាណ ខណៈពេលលោកកំពុងចុះជួយអន្តរាគមន៍បញ្ចៀសប្រជាពលរដ្ឋចេញពីកន្លែងកើតហេតុ។
ស្នងការនគរបាលខេត្តសៀមរាប ឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង បានឱ្យអង្គភាពព័ត៌មាន Fresh News ដឹងថា ក្នុងពេលកំពុងបំពេញភារកិច្ចនៅកន្លែងកើតគ្រោះអគ្គិភ័យនោះ លោក ហួត មុនីពិសាខ ត្រូវអណ្តាតភ្លើងកើតពីការផ្ទុះធុងហ្គាសជះមកលើខ្លួនលោក បណ្តាលឱ្យឆេះរោលរាលពេញខ្លួនប្រាណតែម្តង។
បើតាមលោកស្នងការ បច្ចុប្បន្ននេះមន្ត្រីនគរបាលរូបនេះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងខេត្តអ៊ូប៊ុន ប្រទេសថៃ៕
<