(ភ្នំពេញ)៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ទឹកជំនន់នៅខេត្តព្រះសីហនុ និងខេត្តមួយចំនួនទៀតរបស់កម្ពុជា នាថ្មីៗនេះ គឺបណ្តាលមកពីភ្លៀងធ្លាក់លើសកម្រិត ដែលធ្វើឱ្យទីតាំងនៅតំបន់នោះ មិនអាចទ្រង់ទ្រង់បាន។
លោករដ្ឋមន្រ្តី បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងសន្និសីទព័ត៌មានស្តីពី «បច្ចុប្បន្នភាពគ្រោះទឹកជំនន់» និង «ការកាត់បន្ថយថ្ងៃឈប់សម្រាកការងាររបស់មន្រ្តីរាជការ និយោជិក និងកម្មករ» ដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្រ្តី។
ក្នុងសន្និសីទនេះ រដ្ឋមន្រ្តីធនធានទឹក បានពន្យល់ថា ទឹកជំនន់នៅកម្ពុជា មាន២ប្រភេទ គឺទី១៖ ជំនន់ទឹកភ្លៀងដែលកើតឡើងនៅតំបន់ហ្នឹងផ្ទាល់តែម្តង ដែលជាក់ស្តែងនាថ្មីៗនេះ មាននៅព្រះសីហនុ នៅខេត្តកំពត កោះកុង រតនគិរី ។ល។ ឯជំនន់ទី២ គឺជំនន់ដែលបង្កើតឡើងដោយទឹកទន្លេមេគង្គ ប៉ុន្តែឥឡូវនេះទឹកទន្លេមេគង្គអត់ទាន់ឡើងនោះទេ គឺឡើងក្នុងកម្រិតមួយមិនទាន់ដល់ពាក់កណ្តាលផង។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា «ភាគច្រើន គឺជំនន់ទឹកភ្លៀង មូលហេតុអ្វីបានជាមានជំនន់ បានជាមានជំនន់មកពីកន្លែង ឬទីតាំង វាមិនមានសមភាព ឬសមតុល នឹងបរិមាណទឹកដែលធ្លាក់ពីលើមេឃមក។ បើសិនជាអត់សមតុល គឺលិចហើយ ប្រៀបដូចជាកែវអញ្ចឹង វាមានចំណុះ១លីត្រ បើចាក់ទឹកលើសគឺហៀរហើយ អញ្ចឹងបណ្តាលមកពីភ្លៀងខ្លាំងពេក ធ្វើឱ្យទីតាំងនោះមិនអាចទទួលយកបាន»។
បើតាម លោករដ្ឋមន្រ្តី គឺខេត្តព្រះសីហនុ បានទទួលរងទឹកភ្លៀងកម្ពស់ ២៧៦៤មិល្លីម៉ែត្រ ឯខេត្តកោះកុងទទួលរង ២៩៤៩មិល្លីម៉ែត្រ ដែលកើនឡើងជាង១០០មីល្លីម៉ែត្រក្នុង១ថ្ងៃៗ ដែលជាកម្រិតទឹកភ្លៀងខ្លាំងក្លា។
សូមបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃនេះ ជំនន់ទឹកភ្លៀងបានវាយប្រហារនៅបណ្តាខេត្តមួយចំនួន នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅទូទាំងប្រទេស។
ជំនន់ទឹកភ្លៀង នៅខេត្តព្រះសីហនុ បានបណ្តាលឱ្យមនុស្ស ៣នាក់ បានស្លាប់បាត់បង់ជីវិតក្នុងនោះ មានពលរដ្ឋខ្មែរពីរនាក់ និងជនចិនមួយនាក់ ខណៈទ្រព្យសម្បត្តិរបស់របរប្រើប្រាស់របស់ប្រជាពលរដ្ឋជាច្រើនរងការខូចខាត។
ដោយឡែកជំនន់ទឹកភ្លៀងនៅខេត្តរតនគីរី បានវាយប្រហារយ៉ាងគំហុកទៅស្រុកលំផាត់ បណ្តាលឱ្យភូមិឋានមួយចំនួនរងការលិចលង់ ដោយបានផ្តាច់ជីវិតកុមារីម្នាក់។ តាមបណ្តាខេត្តមួយចំនួនពេលនេះ ក៏ត្រូវបានអាជ្ញាធរមូលដ្ឋានជូនដំណឹងឱ្យពលរដ្ឋ មានការប្រុងប្រយ័ត្នផងដែរ៕