(ភ្នំពេញ)៖ លោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា គិតមកដល់ពេលនេះ ក្រុងព្រះសីហនុ ទទួលបានបរិមាណទឹកភ្លៀង សរុប២,៧៦៤មិល្លីម៉ែត្រ ហើយគិតជាមធ្យមភ្លៀងក្នុងមួយថ្ងៃ ជាង១០០មិល្លីម៉ែត្រ ដែលជាចំនួនមួយខ្ពស់ជៀសពីការលិចលង់មិនបាននោះឡើយ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី «បច្ចុប្បន្នភាពគ្រោះទឹកជំនន់» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ លោករដ្ឋមន្ដ្រី លឹម គានហោ ក៏បានបញ្ជាក់ដែរថា សម្រាប់ក្របខ័ណ្ឌនៅខេត្តកោះកុងវិញ ទទួលបានទឹកភ្លៀងប្រមាណ ២,៩៤៩មីលីម៉ែត្រ។

រដ្ឋមន្ដ្រីក្រសួងធនធានទឹករូបនេះ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ននេះក្រុងព្រះសីហនុ បានទទួលនូវបរិមាណទឹកភ្លៀង ប្រមាណ២,៧៦៤មិល្លីម៉ែត្រ ដែលជាចំនួនមួយដ៏ខ្ពស់, ខេត្តកោះកុង គឺបានទទួល២,៩៤៩មិល្លីម៉ែត្រ ចឹងគ្រាន់តែភ្លៀងប្រមាណ១សប្ដាហ៍ នៅក្រុងព្រះសីហនុ មិនធម្មតានោះទេ ដោយមួយថ្ងៃភ្លៀងជាង១០០មិល្លីម៉ែត្រ បើភ្លៀងម្លឹងៗពិបាកមែនទែន ជៀសការលិចលង់មិនបាននោះទេ»

ចំពោះបញ្ហាដែលកើតឡើងទាំងអស់នេះ ត្រូវបានលោក លឹម គានហោ គូសបញ្ជាក់ថា មិនមានអ្វីខុសប្រក្រតីធ្ងន់ធ្ងរនោះឡើយ ពោលបញ្ហាទាំងអស់នេះ កើតចេញពីបាតុភូតរបស់ធម្មជាតិសុទ្ធសាធ ដែលមិនមានអ្នកម្នាក់អាចហាមឃាត់បានឡើយ។

ដោយឡែក សម្រាប់វិធានការចំពោះរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងធនធានទឹក និងឧតុនិយម លោករដ្ឋមន្ដ្រី លឹម គានហោ ឲ្យដឹងថា ក្រសួងនឹងបន្ដតាមដានយ៉ាងយកចិត្តទុកដាក់ អំពីការបម្រែបម្រួលអាកាសធាតុសកល និងផលប៉ះពាល់ដែលកើតចំប្រទេសកម្ពុជា ហើយក្រសួងនឹងពន្លឿនការផ្សព្វផ្សាយ ជូនដំណឹងដល់ពលរដ្ឋឲ្យបានមុនសភាពការណ៍កើតឡើង។

លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា «វិធានការចំពោះមុខ ក្រសួងធនធានទឹក មានការតាមដាន និងមានការផ្ដល់ព័ត៌មាន ផ្ដល់ជាដំណឹងឲ្យបានលឿន ឲ្យបានទាន់សភាពការណ៍ ពិសេសមុនសភាពការណ៍កើតឡើង ដើម្បីជ្រាបទៅដល់មូលដ្ឋានថ្នាក់ក្រោម ក៏ដូចជាជ្រាបទៅដល់បងប្អូនប្រជាពលរដ្ឋយើង នៅគ្រប់មជ្ឈដ្ឋានទូទាំងប្រទេសទាំងអស់ ដើម្បីលោកមានលក្ខណៈត្រៀមឲ្យហើយ»

បន្ថែមពីនេះ រដ្ឋមន្ដ្រី លឹម គានហោ ក៏បានបង្ហាញអំពីការគិតគូររបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាផងដែរ តាមរយៈ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងមានទេសរដ្ឋមន្ដ្រី គន់ គីម ជាអនុប្រធានទី១ ដែលបានចុះជួយអន្ដរាគមន៍ប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា។

លើសពីនេះ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានផ្ដល់អំណោយជាបន្ដបន្ទាប់ ជូនដល់ប្រជាពលរដ្ឋដែលជួបបញ្ហាប្រឈមនៅតាមមូលដ្ឋាន ពិសេសខេត្តរតនគិរី មណ្ឌលគិរី កំពត និងព្រះសីហនុជាដើម។ នេះជាការលើកឡើង របស់លោករដ្ឋមន្ដ្រី លឹម គានហោ។

សូមរំលឹកថា នៅពេលជំនន់ទឹកភ្លៀងកំពុងវាយប្រហារនៅខេត្តរតនគិរី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ក៏បានបញ្ជាឲ្យទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ ធ្វើដំណើរតាមឧទ្ធម្ភាគចក្រដឹកស្បៀង និងកងកម្លាំងមួយចំនួនផង ចុះទៅអន្តរាគមន៍ជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នេះផងដែរ។

ដោយឡែក សម្រាប់នៅក្រុងព្រះសីហនុឯណោះវិញ ក៏គេសង្កេតឃើញ ថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរមានសមត្ថកិច្ច ក្រោមការដឹកនាំរបស់លោក គួច ចំរើន នៅមានពេលបញ្ហាភ្លាមៗ បានចុះអន្ដរាគមន៍សង្គ្រោះប្រជាពលរដ្ឋ និងបានរិះរកមធ្យោបាយផ្សេងៗ ក៏ដូចជាការកាយប្រឡាយបង្ហូរទឹក ដែលកកស្ទះដោយសារសំរាម ដើម្បីបង្ហូរទឹកកាន់បន្ថយការលិចលង់ផងដែរ។

យ៉ាងណាក៏ដោយ សម្រាប់ស្ថានភាពទឹកជំនន់នៅខេត្តតំបន់ប៉ូលសេដ្ឋកិច្ចនេះ រហូតមកដល់ពេលនេះ មិនមានអ្វីដែលជាការព្រួយបារម្ភទៀតនោះទេ ពោលទឹកបានស្រកមកសភាពធម្មតាវិញ ហើយប្រជាពលរដ្ឋក៏អាចប្រកបដោយរបរទទួលទាន់បានដូចធម្មតា៕