(ភ្នំពេញ)៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម បានបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះ ពិភពលោកកំពុងតែដោះស្រាយបញ្ហាធំៗពីរ គឺទី១៖ បញ្ហាពាក់ព័ន្ធអ្វីដែលហៅថាការប្រែប្រួលអាកាសធាតុ និងទី២៖ សន្តិសុខទឹក ហើយបញ្ហាទាំងពីរនេះ បាននឹងធ្វើឱ្យបណ្តាប្រទេសនានា នៅលើពិភពលោកមានការព្រួយបានបារម្ភ និងរកវិធានការដោះស្រាយជាបន្ទាន់ផងដែរ។

ការបញ្ជាក់បែបនេះ របស់លោក លឹម គានហោ បានធ្វើឡើងនៅ១៥ ខែសីហា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលោកបានអញ្ជើញធ្វើជាវិគ្មិន សន្និសីទសារព័ត៌មានស្តីពី «បច្ចុប្បន្នភាពគ្រោះទឹកជំនន់» និង «ការកាត់បន្ថយថ្ងៃឈប់សម្រាកការងាររបស់មន្រ្តីរាជការ និយោជិក និងកម្មករ» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ការបញ្ជាក់បែបនេះ របស់របស់មន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម ស្របពេលដែលបច្ចុប្បន្ននេះ មិនត្រឹមតែប្រទេសកម្ពុជា តែមួយនោះទេ គឺនៅតាមបណ្តាប្រទេសនានា បានជួបប្រទះនូវគ្រោះមហន្តរាយ ដោយសារតែទឹកជំនន់ ព្រមទាំងបានផ្តាច់អាយុជីវិប្រជាជន សត្វពាហនៈ ព្រមទាំងបានបំផ្លាញលំនៅដ្ឋានប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានាយ៉ាងច្រើនផងដែរ។

លោក លឹម គានហោ បានថ្លែងថា ទឹកមិនមែនបម្រើដល់ការធ្វើស្រែចម្ការតែមួយមុខនោះទេ តែបម្រើដល់គ្រប់វិស័យទាំងអស់។ ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានបង្កើត ក្រសួងធនធានទឹក និងឧត្តុនិយមឡើង ដើម្បីធ្វើយ៉ាងណាគ្រប់គ្រងធនធានដែលមាននៅក្នុងប្រទេសកម្ពុជា ជារួមទាំងម្តង។ ដូច្នេះ បញ្ហាកង្វះទឹក និងទឹកភ្លៀងធ្លាក់ច្រើននៅតាមតំបន់មួយចំនួនបាននឹងកំពុងធ្វើឱ្យកើតមានឡើងជាបញ្ហាផ្សេងៗផងដែរ។

លោក លឹម គានហោ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សកលលោកទាំងមូលនេះកំពុងតែ លើកឡើង កំពុងតែស្វះស្វែង កំពុងតែដោះស្រាយលើពីរ បញ្ហាក្រៅពីដោះស្រាយបញ្ហាដទៃផ្សេងទៀត គឺទី១៖ បញ្ហាពាក់ព័ន្ធនឹងអ្វីដែលហៅថា ការប្រែប្រួលអាកាសធាតុ នេះជាបញ្ហាសកលមិនមែនតែ កម្ពុជាយើងទេ, បញ្ហាទី២៖ ដែលសកលលោក ក៏ដូចជាក្នុងតំបន់បាននឹងកំពុងចាប់អារម្មណ៍ គឺបញ្ហាសន្តិសុខទឹក»

ចំពោះបញ្ហាសន្តិសុខទឹកវិញ លោក លឹម គានហោ បានឱ្យដឹងថា គឺធ្វើយ៉ាងត្រូវតែមានទឹកស្អាត ដើម្បីឱ្យប្រជាជនប្រើប្រាស់ ហើយនៅទូទាំងពិភពលោកយើងទាំងមូលនេះ គឺទឹកស្អាតមានចំនួនតែ២,៥ភាគរយតែប៉ុណ្ណោះ នៅសល់ពីនោះគឺទឹកប្រៃទាំងអស់។ លោកថា ដូច្នេះ កម្ពុជា ពិតជាមានភ័ព្វសំណាងខ្លាំងណាស់ដែលមានប្រភពទឹកសាបច្រើន ដែលខុសពីបណ្តាប្រទេសផ្សេងៗទៀត ដែលសំបូរទឹកសមុទ្រ ដែលបានបានក្លាយជាប្រធានរបស់របស់សកលលោកបានលើកមកពិភាក្សាស្តីពី បញ្ហាសន្តិសុខទឹកនេះផងដែរ។

ដោយឡែក លោកបានឱ្យដឹងថា បច្ចុប្បន្ននេះ បញ្ហាគ្រោះទឹកជំនន់ នៅតាមបណ្តាប្រទេសជិតខាងកម្ពុជា បានក្លាយជាបញ្ហាប្រឈមមួយ របស់រដ្ឋាភិបាលប្រទេសនះ ត្រូវដោះស្រាយជាបន្ទាន់ព្រោះវាបានបំផ្លិចបំផ្លាញជីវិតប្រជាជន សត្វពាហនៈ ផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធនានា និងធ្វើឱ្យប្រជាជនជាច្រើនម៉ឺននាក់ ត្រូវជម្លៀសចេញទៅរកទីកន្លែងមានសុវត្ថិភាពផងដែរ។ ដោយឡែកកម្ពុជា នៅមានកម្រិតតិចតួចនៅឡើយទេ។

គួរជម្រាបថា ក្នុងរដូវវស្សាឆ្នាំ២០១៩នេះ ខេត្តចំនួន៨ របស់កម្ពុជា បានរងផលប៉ះពាល់ដោយសារទឹកជំនន់រួមមាន៖ ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកោះកុង ខេត្តកែប ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តបាត់ដំបង និងខេត្តកំពង់ធំជាដើម ដែលបានធ្វើឱ្យប៉ះពាល់ដល់ប្រជាជន ៩៥២០នាក់។

តាមរបាយការណ៍ គឺជំនន់ទឹកភ្លៀង នៅខេត្តទាំង៨ បានធ្វើឱ្យប៉ះពាល់ និងខូចខាតផ្ទះសម្បែងចំនួន៦៩០០កន្លែង ប៉ះពាល់ដល់សត្វពាហនៈ ៥៤៤៧ក្បាល ប៉ះពាល់សន្ទូង៥២០៨ហិកតា ខូចខាតសន្ទូង៣០០ហិកតា និងប៉ះពាល់ដំណាំ២២៧៥ហិកតា ខូចខាតដំណាំ ៩៤០ហិកតា។

សូមបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃនេះ ជំនន់ទឹកភ្លៀងបានវាយប្រហារនៅបណ្តាខេត្តមួយចំនួន នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីមានភ្លៀងធ្លាក់ ជាបន្តបន្ទាប់នៅទូទាំងប្រទេស។ ជំនន់ទឹកភ្លៀង នៅខេត្តព្រះសីហនុ បានបណ្តាលឱ្យមនុស្ស ៣នាក់ បានស្លាប់បាត់បង់ជីវិតក្នុងនោះ មានពលរដ្ឋខ្មែរពីរនាក់ និងជនចិនមួយនាក់ ខណៈទ្រព្យសម្បត្តិរបស់របរប្រើប្រាស់របស់ប្រជាពលរដ្ឋជាច្រើនរងការខូចខាត។

ដោយឡែកជំនន់ទឹកភ្លៀងនៅខេត្តរតនគីរី បានវាយប្រហារយ៉ាងគំហុកទៅស្រុកលំផាត់ បណ្តាលឱ្យភូមិឋានមួយចំនួនរងការលិចលង់ ដោយបានផ្តាច់ជីវិតកុមារីម្នាក់។ តាមបណ្តាខេត្តមួយចំនួនពេលនេះ ក៏ត្រូវបានអាជ្ញាធរមូលដ្ឋានជូនដំណឹងឱ្យពលរដ្ឋ មានការប្រុងប្រយ័ត្នផងដែរ៕