(ភ្នំពេញ)៖ ក្រុមហ៊ុនរបស់លោកស្រី កែវ ម៉ាលី បានអះអាងថា អចលនទ្រព្យរបស់ខ្លួនទាំង ២៦បណ្ណមិនអាចលក់ឡាយឡុងតាមការទាមទាររបស់ធនាគារវៀតណាម (BIDC) បាននោះទេ ដោយក្រុមហ៊ុនបានសម្រេចប្តឹងទាស់ទៅសាលាឧទ្ធរណ៍រួចរាល់ហើយ។

ការចេញមកបញ្ជាក់របស់ក្រុមហ៊ុនបានធ្វើឡើង បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសលក់ឡាយឡុងអចលទ្រព្យរបស់លោកស្រី កែវ ម៉ាលី និងលោកស្រី កែវ ស៊ុយឆេង ក្នុងតម្លៃជាង ៧លាន ២សែនដុល្លារ។

ឆ្លើយតបការប្រកាសលក់នេះ ក្រុមហ៊ុន កែវ ម៉ាលី Group បានបញ្ជាក់ថា ព័ត៌មានលក់ឡៃឡុងអចលនទ្រព្យទាំង២៦បណ្ណរបស់ក្រុមហ៊ុន កែវ ម៉ាលី គ្រុប គឺជាព័ត៌មានពុំទាន់ជាក់លាក់ និងជាផ្លូវការនៅឡើយនោះទេ។

ក្នុងសេចក្តីបំភ្លឺនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ ក្រុមហ៊ុនបានអះអាងថា ខ្លួនបានប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ និងដីការសម្រេចលក់ឡាយឡុងរួចហើយ។ ដូច្នេះសាលាដំបូងរាជធានីភ្នំពេញ មិនអាចបន្តនិតិវិធីដេញថ្លៃទៀតបានទេ និងរង់ចាំការសម្រេចរបស់សាលាឧទ្ទរណ៍សិន។

ក្រុមហ៊ុនបានបញ្ជាក់ទៀតថា ទ្រព្យសម្បត្តិទាំងអស់របស់ក្រុមហ៊ុន ដែលបានដាក់បញ្ចាំនៅធនាគារ មានតម្លៃខ្ពស់ជាង ២០លានដុល្លារឯណោះ មិនមែនមានតម្លៃទាបរហូតដល់ជាង ៧លានដុល្លារ ដូចការរៀបចំសម្ងាត់ទុកដាក់ដេញថ្លៃរបស់ធនាគារនោះទេ។

ក្នុងសេចក្តីបំភ្លឺនេះ ក្រុមហ៊ុនបានឱ្យដឹងថា ខ្លួនបានសងធនាគារសរុបទាំងអស់បានជាង៥,៨០០,០០០ដុល្លាររួចហើយ។ លុយនៅសេសសល់មានត្រឹមជាង ២លានដុល្លារប៉ុណ្ណោះរួមទាំងការប្រាក់នៅសល់ក្នុងនោះស្រាប់។ បច្ចុប្បន្នក្រុមហ៊ុន បានធានា និងរកថវិកា ដែលនៅសេសសល់យកមកសងជាបន្តបន្ទាប់ ទៅឱ្យខាងធនាគារឱ្យបានឆាប់ៗខាងមុខនេះ។

ក្រុមហ៊ុនរបស់លោកស្រី កែវ ម៉ាលី បានគូសបញ្ជាក់ថា បានចាត់ទុកការទម្លាយព័ត៌មានពាក់ព័ន្ធការលក់ឡាយឡុងពីខាងធនាគារវៀតណាម ដែលពុំទាន់ជាក់លាក់ទាំងអស់នេះ វាបានធ្វើឱ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់លោកស្រី កែវ ម៉ាលី ប្រធានក្រុមហ៊ុនយ៉ាងធ្ងន់ធ្ងរ ក៏ដូចជាការបំបាក់ស្មារតី ដើម្បីលេបយកដី និងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទាំង២៦ប័ណ្ណ ពីតម្លៃខ្ពស់ជាង ២០លានដុល្លា មកត្រឹមទាបជាង ៧លានដុល្លាប៉ុណ្ណោះ៕