(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ បានចាត់ទុកថា អ្នកដែលចង់ឲ្យទុក ថ្ងៃឈប់សម្រាប់ថ្ងៃទី២៣ ខែតុលា ដើម្បីរំលឹកដល់កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសនោះ គឺគ្រាន់តែជាលេសនយោបាយ និងចង់ឲ្យបរទេស មកកកូកកាយកិច្ចការផ្ទៃក្នុងរបស់កម្ពុជាតែប៉ុណ្ណោះ។

លោក ផៃ ស៊ីផាន បានអះអាងថា រឿងដែលត្រឹមត្រូវសម្រាប់រំលឹកដល់នោះ គឺថ្ងៃបង្កើតរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេសកម្ពុជា ដើម្បីពង្រឹងប្រជាធិបតេយ្យរបស់កម្ពុជា ពង្រឹងការគ្រប់គ្រង និងពង្រឹងសិទ្ធិរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេស មិនមែនរំលឹកដល់ថ្ងៃអ្វី ដែលគ្រាន់តែសុបិន្ដបកថយក្រោយនោះទេ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ការកាត់បន្ថយថ្ងៃឈប់សម្រាកការងាររបស់មន្រ្តីរាជការ និយោជិក និងកម្មករ» នៅព្រឹកមិញនេះ លោក ផៃ ស៊ីផាន បានអះអាងយ៉ាងដូច្នេះថា «បើយើងរំលឹកនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានសេចក្ដីថា ជាការបើកចំហរអញ្ជើញបរទេសមកត្រួតត្រាយើង នេះចំពោះខ្ញុំផ្ទាល់ ប៉ុន្ដែបើសិនជាយើងរំលឹកនូវ រដ្ឋធម្មនុញ្ញរបស់កម្ពុជា យើងអាចជជែកគ្នាបាន»

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថា កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស គ្រាន់តែជាលក្ខណៈអន្ដរកាលដើម្បីខ្មែរ និងខ្មែរឈប់ឈ្លោះគ្នា ដូច្នេះការគោររំលឹកនូវខួបកិច្ចព្រមព្រៀងទីក្រុងប៉ារីស គ្រាន់ជាការសុបិន្ដបកថយក្រោយទេ ប៉ុន្ដែការគោរពទិវារដ្ឋធម្មនុញ្ញ នេះជាការពង្រឹងសិទ្ធិអំណាច ពង្រឹងការគ្រប់គ្រង ពង្រឹងសិទ្ធិរបស់មហាជន ក្នុងការជ្រើសរើសជោគវាសនារបស់ប្រទេសជាតិ។

និយាយដល់ចំណុចនេះ លោក ផៃ ស៊ីផាន ក៏បានអំពាវនាវដល់អង្គការមិនមែនរដ្ឋាភិបាល មួយចំនួនក៏ដូចជា សកម្មជននយោបាយមួយចំនួន គួរចាប់យកមោទនភាពរបស់កម្ពុជា តាមរយៈការពិនិត្យមើលរដ្ឋធម្មនុញ្ញ «តើយើងគួរធ្វើយ៉ាងដូចម្ដេចដើម្បីពង្រឹងតទៅមុខទៀត ដែលជាច្បាប់របស់ជាតិរបស់យើង?»

សូមជម្រាបថា ការបកស្រាយរបស់លោក ផៃ ស៊ីផាន បែបនេះបន្ទាប់ពីមានអង្គភាពក្រៅរដ្ឋាភិបាល ឬអ្នកនយោបាយប្រឆាំងមួយចំនួន បានកំពុងរិះគន់រាជរដ្ឋាភិបាល ដែលកាត់បន្ថយថ្ងៃឈប់សម្រាក ហើយកាន់ចំថ្ងៃរំលឹកដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា។

ក្នុងន័យនេះ លោក ផៃ ស៊ីផាន អះអាងត្រឡប់ទៅវិញថា អង្គការមិនមែនរដ្ឋាភិបាល បានយកទិវាកិច្ចព្រមព្រៀងសន្ដិភាព ទីក្រុងប៉ារីស មកប្រើប្រាស់នេះ ជាការអំពាវនាវហៅបរទេស មកជ្រៀតជ្រែកនៅក្នុងអធិបតេយ្យភាពរបស់កម្ពុជា ហើយដើម្បីពង្រឹងអំណាចរបស់ក្រុមនយោបាយប្រឆាំងតែប៉ុណ្ណោះ។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា កាលពីពេលកន្លងទៅថ្មីៗនេះ បង្ហាញហើយតារាងថ្ងៃឈប់សម្រាកសម្រាប់ ឆ្នាំ២០២០ ដែលថ្ងៃឈប់សម្រាកនៅឆ្នាំ២០២០ មានត្រឹម ២២ថ្ងៃប៉ុណ្ណោះ កាត់បន្ថយចំនួន៦ថ្ងៃ។ តែរាជរដ្ឋាភិបាល បានសម្រេចដំឡើងថ្ងៃសម្រាក ពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រហូតដល់ទៅ៤ថ្ងៃ។

យោងតាមអនុក្រឹត្យស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករប្រចាំឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០២ ខែសីហា បានបង្ហាញថា ឆ្នាំ២០២០ ព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានកាត់បន្ថយពីរថ្ងៃ ពោលថ្ងៃឈប់សម្រាកនៅសល់តែមួយថ្ងៃ។

ពិធីបុណ្យជាតិ និងអន្តរជាតិចំនួន៥ផ្សេងទៀត មិនត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកទៀតនោះឡើយ។ ពិធីបុណ្យទាំង៥នោះ រួមមាន៖ បុណ្យមាឃបូជា ទិវាជាតិនៃការចងចាំ ទិវាកុមារអន្តរជាតិ ទិវារំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស និងទិវាសិទ្ធិមនុស្ស ១០ធ្នូ៕