(ភ្នំពេញ)៖ ករណីផ្ទុះ និងឆេះកន្លែងបញ្ចូលហ្គាស LPG នៅចំណុចផ្លូវលោកតាណឺយ ក្រុមទី១១ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល ១៣នាក់ ក្នុងនោះ មានជនបរទេស ២នាក់ និងបង្កការភ័យខ្លាចយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋអ្នកដំណើរ និងអ្នកនៅក្បែរកន្លែងកើតហេតុ។
លោកឧត្តមសេនីយ៍ទោ នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ មូលហេតុដែលបណ្ដាឲ្យមានគ្រោះថ្នាក់នេះកើតឡើង មកពីការផ្ទេរហ្គាសចេញពីរថយន្ដ ចូលស៊ីទែនក្នុងស្ថានីយ៍ខាងលើ មិនបានត្រឹមត្រូវបានបច្ចេកទេស ទើបផ្ទុះឆេះតែម្ដង។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា សម្រាប់ប្រតិបត្តិការជួយសង្គ្រោះវិញ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ឡានទឹក ចំនួន១២គ្រឿង និងទឹកសរុប៣០ឡាន ក្នុងនោះរួមមាន៖ រថយន្តអគ្គិភ័យស្នងការដ្ឋាននគរបាលខេត្ត ចេញអន្តរាគមន៍៣គ្រឿង ប្រើទឹកអស់៧ឡាន, រថយន្តពន្លត់អគ្គិភ័យ កងរាជអាវុធហត្ថខេត្ត ចេញអន្តរាគមន៍៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១៥ឡាន, រថយន្តពន្លត់អគ្គិភ័យ បូរីទេសចរណ៍ (ភូមិវប្បធម៌) ចេញអន្តរាគមន៍២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣ឡាន, រថយន្តពន្លត់អគ្គិភ័យ នគរបាលការពារបេតិកភណ្ឌ ចេញអន្តរាគមន៍១គ្រឿង ប្រើទឹកអស់៣ឡាន និងរថយន្តពន្លត់អគ្គិភ័យ អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ចេញអន្តរាគមន៍១គ្រឿង ប្រើទឹកអស់២ឡាន។
ដោយឡែក សម្រាប់ជនរងគ្រោះវិញ មានចំនួន១៣នាក់ រួមមាន៖
*ទី១៖ឈ្មោះ ABIGAIL ALEXANDER ភេទស្រី អាយុ១៨ឆ្នាំ សញ្ជាតិអាមេរិកកាំង មុខរបរគ្រូបង្រៀនអង់គ្លេស នៅសាលា IQ កំពុងទទួលការព្យាបាលនៅប្រទេសថៃ
*ទី២៖ឈ្មោះ ZEO ELEFTTHERIOU ភេទស្រី អាយុ២២ឆ្នាំ សញ្ជាតិអង់គ្លេស មុខរបរគ្រូបង្រៀនអង់គ្លេស នៅសាលា IQ កំពុងទទួលការព្យាបាលនៅប្រទេសថៃ
*ទី៣៖ឈ្មោះ កែវ ប៉ុង អាយុ៤៤ឆ្នាំ ស្នាក់នៅភូមិវត្តបូព៌ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
*ទី៤៖ឈ្មោះ ឈាន ខុន អាយុ២០ឆ្នាំ ជាងគំនូរ នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ទៅព្យាបាលនៅខេត្តសុរិន ប្រទេសថៃ
*ទី៥៖ឈ្មោះ ឃិន ខាន់ អាយុ២១ឆ្នាំ មេជាងគំនូរ នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ទៅព្យាបាលនៅមន្ទីរពេទ្យសង់តេ ក្រុងសៀមរាប
*ទី៦៖ឈ្មោះ ទ្រុត វ៉ៃ អាយុ២១ឆ្នាំ ជាងគំនូរ នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ទៅព្យាបាលនៅមន្ទីរពេទ្យខេត្តសុរិន្ទ ប្រទេសថៃ
*ទី៧៖ឈ្មោះ សៃ សីគឹមសាន អាយុ២១ឆ្នាំ ជាងគំនូរ នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ទៅព្យាបាលនៅមន្ទីរពេទ្យខេត្តសុរិន្ទ ប្រទេសថៃ
*ទី៨៖ឈ្មោះ ហួត រ័ត្នមុន្នី អាយុ៦៦ឆ្នាំ សមាជិកភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ស្នាក់នៅផ្ទះ
*ទី៩៖ឈ្មោះ ហួត មុន្នីពិសាខ អាយុ៣៥ឆ្នាំ មុខរបរជានគរបាលអន្តរាគមន៍ ទៅព្យាបាលនៅមន្ទីរពេទ្យខេត្តសុរិន្ទ ប្រទេសថៃ
*ទី១០៖ឈ្មោះ ជិង ខាវដាង (ហៃ ខាវដាង) ភេទស្រី អាយុ៣២ឆ្នាំ បុគ្គលិកលក់ហ្កាស ទៅព្យាបាលនៅមន្ទីរពេទ្យខេត្តសុរិន្ទ ប្រទេសថៃ
*ទី១១៖ឈ្មោះ បឿន គុយ អាយុ៤១ឆ្នាំ អ្នកបើកឡានដឹកហ្គាស ទៅព្យាបាលនៅមន្ទីរពេទ្យខេត្តសុរិន្ទ ប្រទេសថៃ
*ទី១២៖ឈ្មោះ តែម លាងហេង អាយុ៦៤ឆ្នាំ រស់នៅភូមិជ្រាវ សម្រាក់ព្យាបាលនៅ មន្ទីរពេទ្យនាគទេព
*ទី១៣៖ឈ្មោះ ឡុង ភារិន អាយុ៣៦ឆ្នាំ មុខរបរលក់ស៊ុប នៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម សម្រាក់ព្យាបាលនៅ មន្ទីរពេទ្យនាគទេព៕