(ភ្នំពេញ)៖ ជាវិធានការដើម្បីទប់ទល់ទៅនឹងការព្យួរប្រព័ន្ធអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) រាជរដ្ឋាភិបាលកម្ពុជា នាថ្មីៗនេះ បានដាក់របាយការណ៍លម្អិតមួយទៅគណៈកម្មការអឺរ៉ុប ដើម្បីបង្ហាញអំពីវឌ្ឍនភាពនៃដំណើរការពង្រឹងលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស លំហរសេរីភាព សិទ្ធិការងាររបស់ខ្លួន។

លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះថា ការដាក់របាយការណ៍នេះ បានធ្វើឡើងកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩។

លោកបញ្ជាក់ថា «របាយការណ៍បកស្រាយបញ្ជាក់លម្អិតគ្រប់ចំណុច និងបង្ហាញពីវឌ្ឍនភាពនៃដំណើរការពង្រឹងលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស លំហរសេរីភាព សិទ្ធិការងារ។ អ្វីដែលរាជរដ្ឋាភិបាលរំពឹងចង់បាននោះគឺ ស្នើឱ្យគណៈកម្មការអឺរ៉ុបធ្វើសេចក្តីសម្រេចចិត្តប្រកបដោយតម្លាភាព ផ្អែកលើគោលការណ៍ច្បាប់ និងយុត្តិធម៌សម្រាប់កម្ពុជា»

ការដាក់របាយការណ៍ទៅគណៈកម្មការអឺរ៉ុប បានធ្វើឡើងនៅដើមខែមិថុនា ឆ្នាំ២០១៩ ក្រោយពីគណៈកម្មការនេះបញ្ចប់ដំណើរការនីតិវិធីរយៈពេល៦ខែដំបូង ក្នុងការត្រួតពិនិត្យដំណើរការអនុវត្ត លទ្ធិប្រជាធិបតេយ្យ និង សិទ្ធិ មនុស្ស របស់ កម្ពុជា។ របាយការណ៍នេះក៏បានធ្វើឡើងបន្ទាប់ពីគណៈកម្មការអឺរ៉ុប បានមកបំពេញទស្សនកិច្ចនៅកម្ពុជាជាថ្មីម្តងទៀត កាលពីដើមខែកក្កដា ក្នុងបេសកកម្មស្វែងរកការពិតរបស់ខ្លួនផងដែរ។

សហភាពអឺរ៉ុប កាលពីខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ បានប្រកាសអំពីការចាប់ផ្តើមដំណើរការនីតិវិធី ដែលអាចនាំឱ្យមានការផ្អាកជាបណ្តោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) ដល់ប្រទេសកម្ពុជា។ ពាក់ព័ន្ធនឹងការប្រកាសនីតិវិធីនេះ កម្ពុជាមានពេល៦ខែ ក្នុងការជជែកតវ៉ា និងលើកហេតុផលផ្សេងៗ ពន្យល់ទៅគណៈកម្មការអឺរ៉ុប។ ប្រសិនបើគណៈកម្មការអឺរ៉ុប មិនទទួលយកការពន្យល់របស់កម្ពុជា ហើយនៅតែសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះមែន គឺត្រូវប្រើរយៈពេលចំនួន១៨ខែ គិតចាប់ពីថ្ងៃចាប់ផ្តើម (១២ កុម្ភៈ ២០១៩) រហូតដល់ការចូលជាធរមាន។

បើតាមលោក កេត សោផាន់ គឺក្នុងរយៈពេលបីខែខាងមុខ នឹងមានការបន្តឆ្លើយឆ្លងគ្នាលើរបាយការណ៍ រវាងគណៈកម្មការអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជា។ បីខែបន្ទាប់ គណៈកម្មការអឺរ៉ុប នឹងផ្ញើសេចក្តីព្រាងរបាយការណ៍របស់ខ្លួន ទៅគ្រប់សមាជិកសហភាពអឺរ៉ុបទាំងអស់៕