(ភ្នំពេញ)៖ បន្ថែមពីលើការចុះប្រចាំការត្រួតពិនិត្យទំនិញ នៅក្នុងផ្សាររៀងរាល់ថ្ងៃ ដើម្បីពង្រឹងកិច្ចការការពារសុខុមាលភាពប្រជាពលរដ្ឋនៅថ្ងៃ១៦ ខែសីហា ឆ្នាំ២០១៩នេះ សាខាកាំកុងត្រូលកំពង់ផែ អន្តរជាតិភ្នំពេញ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម បាននាំយករថយន្តពិសោធន៍ចល័ត ចុះធ្វើការត្រួតពិនិត្យ ផលិតផលចំណីអាហារនៅក្នុងផ្សារចំនួន០៥រួមមាន៖ ផ្សារធំច្បារអំពៅ ផ្សារបន្លែរច្បារអំពៅ ផ្សារព្រែកប្រា ផ្សារចំពុះក្អែក និងផ្សារព្រែកឯង។

ក្រុមការងារបានយកគំរូផលិតផលចំនួន៦៦ នៃផលិផលចំណីអាហារ មកធ្វើការវិភាគ ជាលទ្ធផល រកមិនឃើញផលិតផលណាមួយ មានសារធាតុគីមីហាមឃាត់នោះទេ។

លោក ប៊ុន ចំរើន ប្រធានសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បានឲ្យដឹងថា សកម្មភាពទាំងអស់នេះ ត្រូវបានអនុវត្តជាប្រចាំនៅតាមបណ្តាមូលដ្ឋាន ទទួលខុសត្រូវរបស់សាខាកាំកុងត្រូល នៅទូទាំងរាជធានី ខេត្ត ក្រុង ក្រោមការណែនាំយ៉ាងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានកាំកុងត្រូល និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម។

លោកបានបន្តថា កិច្ចការងារចុះអង្កេត និងត្រួតពិនិត្យនៅក្នុងទីផ្សារ គឺនៅតែបន្តធ្វើ និងពង្រឹងសកម្មភាពកាន់តែសកម្មជាងមុន សម្ដៅបង្កើនជំនឿទុកចិត្ត និងការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ចូលរួមកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ តាមរយៈការជួយបង្ការឲ្យជៀសផុតពីជំងឺ រោគគា ដែលបណ្តាលមកពីការបរិភោគ ចំណីអាហារចំលងមេរោគ និងមានលាយសារធាតុគីមី ពុលនៅក្មុងនោះ។

នៅក្នុងប្រតិបត្តិការនេះដែរ មន្រ្តីកាំកុងត្រូលបានធ្វើការពន្យល់ណែនាំដល់អាជីវករ ឲ្យធ្វើការដាក់តាំងលក់រក្សាទុកផលិតផល ឲ្យបានត្រឹមត្រូវទៅតាមប្រភេទ និងសីតុណ្ហភាព រក្សាបាននូវអនាម័យ ជៀសវាងការលាយដាក់ សារធាតុគីមីហាមឃាត់ចូលក្នុងចំណីអាហារ ការទិញទំនិញយកមកដាក់តាំងលក់បន្ត ត្រូវស្គាល់ប្រភពឲ្យបានច្បាស់ ទាំងឈ្មោះ អាសយដ្ឋានចែកចាយ ផលិត វិក័្កយបត្រ និងលេខទូរស័ព្ទទំនាក់ទំនង ព្រមទាំងបានធ្វើការពន្យល់ដល់ប្រជាពលរដ្ឋ និងអាជីករនូវរបៀបពិនិត្យមើល ថ្ងៃខែឆ្នាំផលិត និងថ្ងៃខែឆ្នាំ(កាលបរិច្ឆេទ) ផុតកំណត់ប្រើប្រាស់។

យើងសង្កេតឃើញថា ប្រជាពលរដ្ឋ និងអាជីវករ មានការសាទរចំពោះការយកចិត្តទុកដាក់ការត្រួតពិនិត្យ និងការអប់រំរបស់មន្រ្តីកាំកុងត្រូល ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗ រកសារធាតុគីមី ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាព របស់ពួកគាត់ផងដែរ៕