(ភ្នំពេញ)៖ លោក អេង ឆៃអ៊ាង គឺជាមនុស្សជំនិត ឬជាឆ្អឹងខ្នងរបស់លោក សម រង្ស៊ី ហើយកាលនៅស្រុកខ្មែរមិនថា មន្ត្រីផ្ទៃក្នុងបក្សប៉ុណ្ណោះទេ សូម្បីតែក្រុមគ្រួសារ ផ្ទាល់របស់គាត់ក៏បានដាក់ងារឲ្យគាត់ថា ជាបុរសញៀនល្បែងដែរ។ ខ្ញុំយល់ថាការដាក់ងារនេះពិតជាត្រឹមត្រូវ១០០% ព្រោះអ្វីដែលខ្ញុំបានមើលឃើញមុននេះបន្ទិច គឺពិតជាបានបង្ហាញនូវសារជាតិរបស់ខ្លួនគាត់យ៉ាងច្បាស់ថា ទោះទៅដល់ទីណាក៏ អេង ឆៃអ៊ាង មិនអាចបោះបង់ល្បែងចោលបានដែរ។

តាមរយៈរូបថតនិងវីដេអូដែល បានបែកធ្លាយព្រឹកមិញនេះបានបង្ហាញឲ្យឃើញថា អេង ឆៃអ៊ាង នៅពែលថ្មីនេះបានបន្តចូលលេងល្បែងនៅកាស៊ីណូ ឈ្មោះថា GM Casino នៅរដ្ឋ Virginia នៃសហរដ្ឋអាមេរិក។ សកម្មភាពញៀនល្បែងរបស់ លោក អេង ឆៃអ៊ាង ក៏បានបង្ហាញឲ្យឃើញថា មនុស្សជំនិតដែលលោក សម រង្ស៊ី ពេញចិត្តបំផុតគឺជាពពួកមនុស្សញៀនល្បែង រហូតព្រាយកាស៊ីណូសណ្ឋិតជាប់មិនអាចងើបមុខរួចឡើយ។

តាមរយៈរូបភាពបែកធ្លាយនេះដែរ គេក៏អាចពិចារណាលើចំណុចមួយចំនួនដូចខាងក្រោមនេះដើម្បីយល់ពីក្រុមប្រឆាំងដឹកនាំដោយ លោក សម រង្ស៊ី៖

ទី១៖ មន្ត្រីដែលលោក សម រង្ស៊ី ឲ្យកាន់តំណែងសំខាន់ក្នុងបក្សយ៉ាងយូរ ហើយបន្តចាត់ទុកជា មុខមាត់ក្នុងការដឹកនាំក្រុមប្រឆាំងគឺជាមនុស្សគ្មានតម្លៃ ដោយសារតែញៀនល្បែង។ ល្បែងស៊ីសងគឺជាអបាយមុខមួយដែលចាស់បុរាណប្រៀបប្រដូចទៅនឹងវត្ថុដែលធ្វើឲ្យមនុស្សឆ្កួតក្នុងចំណោមឆ្កួតបី គឺល្បែង ស្រី ស្រា ហើយបានប្រដៅកូនចៅឲ្យចៀសវាង។ អ្នកញៀនល្បែងតែងរលាយទ្រព្យ និងបាត់បង់កិត្តិយសក្នុងសង្គម។

ដូច្នេះចរិតរបស់លោក អេង ឆៃអ៊ាង គឺមិនព្រមបោះបង់ល្បែងឡើយ សូម្បីតែទៅដល់សហរដ្ឋអាមេរិកទៅហើយ ក៏នៅបន្តចូលលេងល្បែងជាមួយប្រចាំក្នុងកាស៊ីណូដែរ។ តើគេអាចយកមនុស្សបែបនេះមកធ្វើជាតំណាងរបស់ក្រុមដឹកនាំនយោបាយមួយបានដែរឬទេ? ចំណែកឯលោក សម រង្ស៊ី ដែលជាមេដឹកនាំហើយមិនព្រមចាត់វិធានការ ចំពោះកូនចៅដែលញៀនល្បែង ដោយនៅតែបន្តទុកឲ្យធ្វើជាអ្នកមុខអ្នកការនៅក្បែរខ្លួនរហូតនោះ តើលោក សម រង្ស៊ី ជាមនុស្សបែបណា?

ចម្លើយគឺប្រាកដជាមនុស្សដែលតិច រឺ ច្រើនមានសណ្តានមិនខុសគ្នាឡើយ។ មនុស្សជំនិតរបស់ អេង ឆៃអ៊ាង ធ្លាប់បានដើរអួតប្រាប់គ្នីគ្នាថា ដោយសារតែ អេង ឆៃអ៊ាង ចាប់ចំណុចខ្សោយរបស់ សម រង្ស៊ី បានគ្រប់យ៉ាងជាពិសេសការក្តាប់កម្លាំងបានច្រើននៅតាមបណ្តាញ ទើប សម រង្សី មិនហ៊ានចាត់វិធានការចំពោះ អេង ឆៃអ៊ាង ឡើយ។

ទី២៖ សំណួរដ៍សំខាន់បំផុតមួយដែលត្រូវចោទទៅលោក អេង ឆៃអ៊ាង គឺថា តើគាត់បានលុយមកពីណាដើម្បីទៅលេងល្បែងជាប្រចាំយ៉ាងដូច្នេះ? នៅស្រុកខ្មែរ អេង ឆៃអ៊ាង ធ្លាប់ធ្វើជាតំណាងរាស្ត្រ មានប្រាក់ខែច្រើនពាន់ដុល្លារ និងកាន់តំណែងសំខាន់ក្នុងបក្សរហូតដល់អាចរកលុយបានក្រាសក្រែល សម្រាប់ចូលលេងល្បែងជា ប្រចាំនិងចិញ្ចឹមស្រីក្រៅផ្ទះ។

ចុះឥឡូវលោក អេង ឆៃអ៊ាង បានភៀសខ្លួនទៅនៅសហរដ្ឋអាមេរិកគ្មានប្រាក់ខែទៀតទេ ! ចុះហេតុដូចម្តេចក៏មានលុយចូលកាស៊ីណូលំដាប់ល្បីៗនៅអាមេរិកបាន? ចម្លើយដ៏សាមញ្ញបំផុតដែលអ្នកណាក៏អាចឆ្លើយបានដឹងដែរនោះគឺទាំងលោក សម រង្ស៊ី ទាំងលោក អេង ឆៃអ៊ាង និងមនុស្សជំនិតផ្សេងទៀត ដែលជាអ្នកហែរហមសម រង្ស៊ី សម្បូរលុយចាយមិនខ្វះទេ ដោយសារតែការប្រមូលស្រោមសំបុត្រពីពលរដ្ឋខ្មែរនៅក្រៅប្រទេស ក្រោមលេសដើម្បីស្តារប្រជាធិបតេយ្យនៅកម្ពុជា។ ប៉ុន្តែ តាមរយៈវិដេអូនិងរូបភាព ដែលបែកធ្លាយនៅថ្ងៃនេះក៍អាចបញ្ជាក់បានយ៉ាងច្បាស់ថា តាមការពិតលោក អេង ឆៃអ៊ាង យកលុយដែលប្រមូលបាននោះ យកទៅស្តារដើមនៅឯកាស៊ីណូ ទៅវីញទេតើ។

នរណាក៏បានឃើញដែរថា លុយដែលពួកគេប្រមូលបានពីក្រៅប្រទេសមានច្រើនសន្ធឹក ប៉ុន្តែពួកគេមិនដែលបានយកមកធ្វើជាប្រយោជន៍ដល់ខ្មែរក្នុងស្រុក សូម្បីតែបន្តិចឡើយ។ គ្មានអណ្តូងទឹកសូម្បីតែមួយ គ្មានបង្គន់អនាម័យសូម្បីមួយចំហៀងគ្មានប្រឡាយទឹកសូម្បីមួយម៉ែត្រ ឬគ្មានផ្លូវថ្នល់សូម្បីមួយចំអាម ដែលជាស្នាដៃរបស់លោក សម រង្ស៊ី និងគូកនរបស់ខ្លួនសម្រាប់ជាប្រយោជន៍ដល់ពលរដ្ឋខ្មែរឡើយ។ ផ្ទុយទៅវិញលុយទាំងនោះត្រូវបានលោក សម រង្ស៊ី និង គូកន ដូចជា អេង ឆៃអ៊ាង ជាដើមយកទៅចាយវាយសប្បាយហ៊ឺហាតាមចិត្តរាប់ទាំង យកទៅចូលលេងល្បែងនៅកាស៊ីណូផងដែរ។

ឥឡូវនេះទាំងលោក សម រង្ស៊ី និងលោក អេង ឆៃអ៊ាង កំពុងធ្វើដំណើរទៅរៃអង្គាសលុយទៀត ហើយនៅឯប្រទេស ញូហ្សេលែននិងអូស្ត្រាលី ពីព្រោះលុយដែល រៃអង្គាស បានកាលពីលើកមុនត្រូវបានចាយវាយអស់ហើយ។ ដូច្នេះខ្ញុំគិតថា បើបងប្អូនខ្មែរនៅ ញូហ្សេលែន និងអូស្ត្រាលីចង់ជួយជាលុយជូនលោក អេង ឆៃអ៊ាង និងបក្សពួកគាត់យកទៅលេងល្បែង គួរពិចារណាដាក់ក្នុងស្រោមសំបុត្រឲ្យបានច្រើនបន្តិចព្រោះកាស៊ីណូ លំដាប់ផ្កាយ៥ ដូចជា GM Casino ជាដើមនេះគឺត្រូវការប្រាក់ច្រើនបន្តិចហើយទើបអាចចូលបានហើយនេះមិនទាន់រាប់បញ្ចូលលុយដែលត្រូវផ្ញើមក ចិញ្ចឹមស្រីស្នេហ៍នៅស្រុកខ្មែរ ឬក៏ចំណាយលើ ស្រីកំណាន់ផ្សេងៗនៅឯក្រៅប្រទេសផងនោះទេ។

គិតៗទៅពិតជាគួរឲ្យអាណិត បងប្អូនខ្មែរនៅក្រៅប្រទេសណាស់ដែលប្រឹងរកលុយបានដោយលំបាក ហើយបែរជាយកមកចំណាយជាមួយមនុស្ស ប្រភេទ អេង ឆៃអ៊ាង និងគូនកន ដែលសុទ្ធសឹងតែជាអ្នកងប់តែនឹងល្បែងពាលាអបាយមុខទៅវីញ៕

ដោយ: អ្នកតាមដាននយោបាយតុកាហ្វេ