(កំពត)៖ អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់ នៃអតីតគណបក្សសង្គ្រោះជាតិ ប្រចាំនៅស្រុកឈូក ខេត្តកំពត ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ពាក់ព័ន្ធការដឹកនាំប្រមូលផ្ដុំខុសច្បាប់ នៅក្នុងមូលដ្ឋាន ស្រុកឈូក។ ការចាប់ខ្លួនបុគ្គលរូបនេះ ក៏ធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោក អ៊ី ឃាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩។

ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ផ្កាយពីរ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា បុគ្គលរូបនេះ ឈ្មោះ នុត ពេជ អាយុ៦៣ឆ្នាំ អតីតសមាជិកក្រុមប្រឹក្សា ស្រុកឈូក និងជាអតីតអនុប្រធានប្រតិបតិ្ដស្រុកឈូក ខេត្តកំពត នៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានកម្លាំងនគរបាលរបស់លោកចាប់ខ្លួន នៅវេលាម៉ោងជិត១១ព្រឹកមិញ ពាក់ព័ន្ធការប្រមូលផ្ដុំខុសច្បាប់នៅតាមមូលដ្ឋាន។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនជាប់ចោទរូបនេះ ត្រូវបានសមត្ថកិច្ចរបស់លោក ដឹកជញ្ជូនពីស្រុកឈូកមកកាន់ ស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជូនបន្ដទៅកាន់តុលាការចាត់ ការបន្ដតាមផ្លូវច្បាប់។

យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់តុលាការខេត្តកំពត ឈ្មោះ នុត ពេជ ត្រូវបានចោទប្រកាន់ពីបទ «មិនអនុវត្តសេចក្ដីសម្រេចរបស់តុលាការ (ប្រឆាំងសាលដីការបស់តុលាការកំពូល) ប្រមូលផ្ដុំញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ប្រព្រឹត្ដនៅភូមិព្រៃសំណាងលើ ឃុំខ្ជាយខាងជើង ស្រុកដងទង់ ខេត្តកំពត កាលពីខែមេសា ខែឧសភា ឆ្នាំ២០១៩។

សូមបញ្ជាក់ថា អតីតសកម្មជន និងថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ កាលពីពេលកន្លងទៅក៏រងនូវការចាប់ខ្លួនផងដែរ ពាក់ព័ន្ធការប្រមូលផ្ដុំខុសច្បាប់ នៅតាមមូលដ្ឋានរបស់ខ្លួន៕