(ភ្នំពេញ)៖ សមាគមមីក្រូហិរញ្ញវត្តុកម្ពុជា (CMA) បានចេញសេចក្តីថ្លែងការណ៍ ជុំវិញរបាយការណ៍មួលបង្កាច់ របស់អង្គការលីកាដូ និងសមាគមធាងត្នោត។នេះបើតាមសេចក្តីថែ្លងការណ៍ដែល Fresh News​ ទទួលបាននៅថ្ងៃនេះ។

សមាគមមីក្រូហិរញ្ញវត្តុកម្ពុជា បានពញ្ជាក់ថា ក្រោយពីបានត្រួតពិនិត្យជាបឋមទៅលើរបាយការណ៍របស់អង្គការ លីកាដូ និងសមាគមធាងត្នោត ក្រោមចំណងជើងថា «ការធ្វើឲ្យខូចខាតទ្រព្យដាក់បញ្ចាំ» ចេញផ្សាយកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ រួចមកមើលឃើញថា របាយការណ៍នេះជាការមួលបង្កាច់ទាំងស្រុង ទៅលើការអនុវត្តន៍ការផ្តល់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFIs) នៅកម្ពុជា។

ជាមួយគ្នានេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ទាមទារឲ្យអ្នកសរសេររបាយការណ៍នេះ សហការជាមួយនឹងសមាគម ក្នុងគោលបំណងផ្តល់នូវរូបភាពពេញលេញ អំពីការពិតនៃការផ្តល់កម្ចីនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អះអាងថា របាយការណ៍របស់អង្គការទាំង២នេះ បានបង្ហាញអំពីរូបភាពអវិជ្ជមានយ៉ាងខ្លាំង ចំពោះការផ្តល់កម្ចីមីក្រូហិរញ្ញវត្ថុ តាមរយៈការប្រើប្រាស់សំណាកគម្រូ (Sample) ដ៏តូចមួយ ដែលមានរូបភាពអ្នកខ្ចីប្រាក់អាណាមឹក ដើម្បីមួលបង្កាច់វិស័យមីក្រូហិរញ្ញវត្ថុទាំងមូល ក្នុងរូបភាពគ្មានការពិត និងអវិជ្ជមាន។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបញ្ជាក់ទៀតថា ខ្លួនពិតជាចង់ស្វែងយល់ការពិតយ៉ាងខ្លាំងលើរបាយការណ៍នេះ ហើយបានធ្វើការងារជាមួយនឹងសមាជិកសមាគម ដើម្បីព្យាយាមធ្វើការស៊ើបអង្កេត ទៅលើសាវតានៃករណីសិក្សាមួយក្តាប់តូច ដែលបានយកមកបង្ហាញក្នុងរបាយការណ៍នេះ ដែលចេញពីលទ្ធផលអវិជ្ជមាន ពីសំណាកគម្រូមួយក្រុមតូចប៉ុណ្ណោះ។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បញ្ជាក់បន្ថែមថា ក្នុងនាមតំណាងឲ្យវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាទាំងមូល បានអនុវត្តសេចក្តីណែនាំដ៏តឹងរ៉ឹង ដែលបានបង្កើតឡើង ដើម្បីជៀសវាងករណីមិនល្អណាមួយ ហើយក៏បានតាមដានជាប្រចាំ លើការអនុវត្តន៍ការផ្តល់កម្ចី ដើម្បីការពារប្រឆាំងនឹងការអនុវត្តន៍ដែលខ្វះ ក្រមសីលធម៌វិជ្ជាជីវៈ។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សង្កត់ធ្ងន់ថា «យើងខ្ញុំសូមជំរុញនឹងទាមទារឲ្យអ្នកសរសេររបាយការណ៍នេះ ផ្តល់នូវសេចក្តីលម្អិតនៃរបាយការណ៍ ដល់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើករណីសិក្សាទាំងនោះ ដើម្បីឲ្យសមាជិកសមាគមស្វែងយល់ឲ្យបានកាន់តែច្បាស់ ពីភាពត្រឹមត្រូវទៅលើសាវតានៃរបាយការណ៍នេះ»