(ភ្នំពេញ)៖ អគារសិក្សាថ្មី១ខ្នង ៦បន្ទប់ សាងសង់អំពីបេតុង ប្រក់ក្បឿង ចំណាយអស់ថវិកាប្រមាណ ៥ម៉ឺន១ពាន់ដុល្លាអាមេរិក ស្ថិតក្នុងសាលាបឋមសិក្សាត្រពាំងជ្រៃ ភូមិពាមក្នុង ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាអំណោយឧបត្ថម្ភរបស់លោក សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងលោកស្រី បានប្រារព្វពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នៅព្រឹកថ្ងៃទី១៧សីហា ដើម្បីឲ្យក្មួយៗសិស្សានុសិស្ស បានចូលសិក្សារៀនសូត្រ ក្នុងឆ្នាំសិក្សាថ្មី២០១៩-២០២០ខាងមុខ។

លោក ទុន សាង មេឃុំពាមកោះស្នា បានថ្លែងថា ដើមឡើយសាលានេះសាងសង់ពីឈើប្រក់ស័ង្កសី និងស្ថិតនៅទីតាំងដីលិចទឹក មាន២បន្ទប់។ ក្រោយមកដោយមើលឃើញពីការលំបាក និងសភាពចាស់ទ្រុតទ្រោម លោក សេង ទៀង និងលោកស្រី បានឧបត្ថម្ភថវិកាជួយកសាងអគារសិក្សាថ្មី ជំនួសអគារចាស់ ១ខ្នង៦បន្ទប់។ លោកប្រធានឃុំបានបន្តថា កន្លងមកលោក សេង ទៀង និងលោកស្រី រួមទាំងសប្បរសជននានា បានកសាងអគារសាលាឃុំ ១ខ្នងចំណាយ អស់ថវិកា៣ម៉ឺនដុល្លា កសាងជាបនដ្ឋានមួយកន្លែង អស់ថវិកាជាង២ម៉ឺនដុល្លារ កសាងផ្លូវក្រាលកៅស៊ូ ១ខ្សែអស់ថវិកាជាង១៤២ពាន់ដុល្លារ កសាងសាលាបុណ្យជាង៥ម៉ឺនដុល្លា រួមទាំងសមិទ្ធផលសង្គមក្នុងឃុំពាមកោះស្នាជាច្រើនទៀត។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ក្នុងនាមប្រជាពលរដ្ឋក្នុងស្រុកស្ទឹងត្រង់ លោកសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក សេង ទៀង និងលោកស្រី ដែលបានឧបត្ថម្ភថវិកាជួយកសាងអគារសិក្សានេះឡើង។ លោកអភិបាលខេត្តមានប្រសាសន៍បន្តថា សមិទ្ធផលថ្មីនេះ នឹងមប្រើឲ្យសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ ពិសេសជួយដល់កូនចៅប្រជាពលរដ្ឋ ដែលមានអាយុចូលសិក្សា បានចូលសិក្សារៀនសូត្រក្នុងឆ្នាំសិក្សាថ្មីខាងមុខ។ លោកបន្តថា យើងមានសាលាស្អាត កន្លែងសិក្សាល្អ ពិសេសមានគ្រូល្អ គឺយើងនឹងមិនមានកូនសិស្សបោះបង់ចោល ការសិក្សានោះទេ ផ្ទុយទៅវិញយើងនឹងធ្វើកូនសិស្សរបស់យើងកាន់តែ កាន់តែចង់សិក្សារៀនសូត្រឲ្យកាន់តែខ្ពង់ខ្ពស់ថែមទៀត។

អភិបាលខេត្តមានប្រសាសន៍សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានយកចិត្តទុកដាក់ ខ្លាំងណាស់ក្នុងការកែទំរង់លើវិស័យអប់រំសិក្សាធិការ តាមរយៈការដាក់ពង្រាយសាលានៅតាមភូមិ ឃុំ ជនបទដាច់ស្រយាល ដើម្បីឲ្យកុមារកម្ពុជា ដែលដល់អាយុ សិក្សាបានចូលសិក្សារៀនសូត្រ និងមិនឲ្យកុមារណាម្នាក់បោះបង់ចោលសាលានោះឡើយ។ ជាមួយគ្នានេះលោកបានធ្វើការអំពាវនាវ ដល់មាតាបិតាសិស្ស ធ្វើយ៉ាងណាជួយ ជំរុញកូនរបស់ខ្លួនឲ្យសិក្សារៀនសូត្ររហូតដល់ចប់ថ្នាក់ទី១២ ព្រោះថានៅពេលដែលយើងមានសញ្ញាមធ្យមសិក្សាមធ្យមភូមិ គឺយើងអាចរកការងារបានធ្វើនឹងមានប្រាក់បៀវត្សខ្ពង់ខ្ពស់ ក្នុងការចញ្ចឹមជិវិតតទៅអនាគត។

លោក សេង ទៀង មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើរនូវការសាកសួរសូខទុក្ខពី សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែផ្ញើរនូវការ នឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសកម្ពុជា ពិសេសក្នុងកាលៈទេសៈដែលប្រជាពលរដ្ឋរស់នៅ តាមបណ្តាខេត្តមួយចំនួនដែលកំពុងជួបប្រទះនូវគ្រោះធម្មជាតិទឹកជំនន់។ ជាមួយនិងការថ្លែងនោះដែរ លោក សៀង ទៀង មានប្រសាសន៍ជំរាបជូនប្រជាពលរដ្ឋ រស់នៅក្នុងឃុំពាមកោះស្នា ដែលជាទីកន្លែងកំណើតផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ពីបញ្ហាសុខភាពដ៏ល្អរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បន្ទាប់ពីក្រុមគ្រូពេទ្យ ក្នុងប្រទេសសឹង្ហបុរីពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ កាលពីម្សិលមិញ និងថ្ងៃនេះ។

ជាមួយនិងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារសិក្សាថ្មីនេះដែរ លោក សេង ទៀង មានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនលោកតា គីន គាន និងភរិយា ដែលបានបរិច្ចាកដីផ្ទាល់ខ្លួនក្នុងការកសាងអគារសិក្សាថ្មី ១ខ្នង៦បន្ទប់នេះឡើង ដែលនោះបានបង្ហាញពីការបរិច្ចាកនូវធនធានដ៏មានតម្លៃបំផុត ដល់ការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញលើកកម្ពស់ វិស័យអប់រំសិក្សាធិការជាតិ នៅកម្ពុជាឲ្យកាន់តែមានភាពរឹងមាំទ្វេឡើងថែមទៀត។
លោកជំនួយការផ្ទាល់សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ មាតាបិតាអាណាព្យាបាលសិស្ស ត្រូវចូលរួមថែរក្សាអគារសិក្សាថ្មីនេះ ទុកជាសម្បត្តិដ៏មានតម្លៃប្រើប្រាស់ជាយូរអង្វែងតរៀងទៅ។ ដោយសារតែមានសំណូមពរពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋានលោកជំនួយការផ្ទាល់បានសំរេចឧបត្ថម្ភ នូវថវិកាជួយកសាងផ្លូវលំមួយខ្សែក្នុងភូមិ។

បន្ទាប់មកលោក សេង ទៀង និងលោកស្រី ព្រមទាំងអភិបាលខេត្តកំពង់ចាម បានឧបត្ថម្ភថវិកាប្រគេនព្រះសង្ឃនិមន្តមកពី៧វត្ត ក្នុង១វត្តបច្ច័យ១លានរៀល ជូនដល់វិទ្យាល័យ ហ៊ុន សែន ពាមកោះស្នា ១លានរៀល សាលាបឋមសិក្សា ហ៊ុន ណេង ពាមកោះស្នាថវិកា១លានរៀល មណ្ឌលសុខភាពឃុំថវិកា១លានរៀល សាលាឃុំពាមកោះស្នា ៥លានរៀល ឧបត្ថម្ភម្ចវាស់ដីដែលផ្តល់ដីសាងសង់សាលារៀន ថវិកា១០លានរៀល ឧបត្ថម្ភជូនដល់លោកគ្រុអ្នកគ្រូបង្រៀនបំប៉នសិស្ស ថ្នាក់ទី១២ ទូទាំងស្រុកស្ទឹងត្រង់ចំនួន២៤នាក់ ម្នាក់ៗថវិកា៣០ម៉ឺនរៀល ឧបត្ថម្ភគ្រូក្នុងសាលាបឋមសិក្សាពាមក្នុង ចំនួន២នាក់ ម្នាក់ៗ ៣០ម៉ឺន រៀល ឧបត្ថម្ភមន្រ្តីបូលីស ប៉េអឹម កងកម្លាំងសឹករង ប្រជាការពារ៧៦០នាក់ ម្នាក់ៗថវិកា២ម៉ឺនរៀល ប្រជាពលរដ្ឋប្រមាណ១ពាន់នាក់ ម្នាក់ៗក្រម៉ា រឺសារុង១ ថវិកា១ម៉ឺនរៀល និងសិស្សានុ សិស្ស ២០៦នាក់ ម្នាក់ៗទទួលបានសៀវភៅសរសេរ៣ក្បាល ប៊ិច១ដើម ថវិកា១ម៉ឺនរៀល៕