(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ នៅក្នុងបរិវេណសាលាអនុវិទ្យាល័យ តាគ្រាម ស្ថិតនៅក្នុងភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បានរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលា ដើម្បីសាងសង់អគារ០១ខ្នង ពីរជាន់១២បន្ទប់ដែលតម្លើងកម្រិតទៅជាវិទ្យាល័យ។

ពិធីនេះត្រូវបានធ្វើឡើង ក្រោមអធិបតី លោក សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាណន់ និងមានការចូលរួមពី លោកគ្រូ-អ្នកគ្រូ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ប្រមាណចំនួន១០០០នាក់។

ថ្លែងក្នុងឱកាសនោះ លោក សុខ ផល បានលើកឡើងថា សមិទ្ធផលថ្មីនេះ នឹងមប្រើឲ្យសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ ពិសេសជួយដល់កូនចៅប្រជាពលរដ្ឋ ដែលមានអាយុចូលសិក្សា បានចូលសិក្សារៀនសូត្រក្នុងឆ្នាំសិក្សាថ្មីខាងមុខ។

លោកបន្តថា យើងមានសាលាស្អាត កន្លែងសិក្សាល្អ ពិសេសមានគ្រូល្អ គឺយើងនឹងមិនមានកូនសិស្សបោះបង់ចោល ការសិក្សានោះទេ ផ្ទុយទៅវិញយើងនឹងធ្វើកូនសិស្សរបស់យើងកាន់តែ កាន់តែចង់សិក្សារៀនសូត្រឲ្យកាន់តែខ្ពង់ខ្ពស់ថែមទៀត។

លោក សុខ ផល បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានយកចិត្តទុកដាក់ ខ្លាំងណាស់ក្នុងការកែទំរង់លើវិស័យអប់រំសិក្សាធិការ តាមរយៈការដាក់ពង្រាយសាលានៅតាមភូមិ ឃុំ ជនបទដាច់ស្រយាល ដើម្បីឲ្យកុមារកម្ពុជា ដែលដល់អាយុ សិក្សាបានចូលសិក្សារៀនសូត្រ និងមិនឲ្យកុមារណាម្នាក់បោះបង់ចោលសាលានោះឡើយ។ ជាមួយគ្នានេះលោកបានធ្វើការអំពាវនាវ ដល់មាតាបិតាសិស្ស ធ្វើយ៉ាងណាជួយ ជំរុញកូនរបស់ខ្លួនឲ្យសិក្សារៀនសូត្ររហូតដល់ចប់ថ្នាក់ទី១២ ព្រោះថានៅពេលដែលយើងមានសញ្ញាមធ្យមសិក្សាមធ្យមភូមិ គឺយើងអាចរកការងារបានធ្វើនឹងមានប្រាក់បៀវត្សខ្ពង់ខ្ពស់ ក្នុងការចញ្ចឹមជិវិតតទៅអនាគត៕