(ភ្នំពេញ)៖ កម្មវិធីគិតលេខរហ័សលំដាប់ពិភពលោក មានឈ្មោះថាប៉ាម៉ា (PAMA) នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ បានរៀបចំកម្មវិធីប្រលងថ្នាក់ជាតិលើកទី១ ដើម្បីស្វែងរកកុមារ ដែលអាចគិតលេខបានលឿនជាងគេបំផុត តាមរបៀបក្បាច់គិតលេខរហ័ស លំដាប់ថ្នាក់ពិភពលោកមួយនេះ នៅមជ្ឈមណ្ឌល CKCC ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

កម្មវិធីប៉ាម៉ា ជាស្នាដៃកូនខ្មែរ ទទួលបានការចុះបញ្ជីការពារស្នាដៃ តាមរយៈលិខិតលេខ ១៣ល.ប.ជ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ កម្មវិធីនេះ អាចឲ្យកុមារគិតលេខរហ័ស គឺលើសការប្រើវិធីគិតលេខធម្មតា ដល់ទៅ៤ដងឯណោះ។

ប្រធានកម្មវិធីប៉ាម៉ា លោក ផុន សុភា បានថ្លែងថា កម្មវិធីប៉ាម៉ា (PAMA Program) គឺជាកម្មវិធីពិសេសមួយ សម្រាប់អភិវឌ្ឍន៍ខួរក្បាលកុមារទាំងសងខាង ដោយប្រើឧបករណ៍ក្បាច់គិតលេខ ហើយជាលទ្ធផលវាជួយឲ្យកុមារឆ្លាត ពូកែអង្កេត ពូកែផ្ចង់អារម្មណ៍ ពូកែគណិតវិទ្យា ពូកែចងចាំ និងគិតលេខបានរហ័សដោយមាត់ទទេ។

លោកបន្តថា កម្មវិធីនេះ នឹងផ្តួចផ្តើមឲ្យកុមារពូកែគណនាលេខ ពូកែគណិតវិទ្យា និងឈានទៅពូកែមុខវិជ្ជាផ្សេងៗទៀត ក្លាយជាកុមារ និងយុវជនរឹងមាំ មានការទទួលខុសត្រូវខ្ពស់។ កុមារដែលរៀនកម្មវិធីប៉ាម៉ា មិនត្រឹមតែពូកែទេ តែថែមទាំងបណ្តុះភាព ជាអ្នកដឹកនាំសម្រាប់កុមារ ដើម្បីមានសមត្ថភាពប្រកួតប្រជែង លើឆាកអន្តរជាតិផងដែរ៕