(ភ្នំពេញ)៖ ក្រោយពីការប្រកាសរបស់ទណ្ឌិតក្បត់ជាតិ សម​ រង្ស៉ី វិលចូលស្រុកខ្មែរវិញនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ត្រូវបានក្រុមអ្នកវិភាគ និងអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា ធ្វើសន្និដ្ឋានយ៉ាងច្បាស់ថា ជនក្បត់ជាតិ សម​ រង្ស៉ី រូបនេះនឹងមិនវិលចូលមកកម្ពុជាទេ ហើយការលើកឡើងរបស់ ជនក្បត់ជាតិរូបនេះគ្រាន់តែជាលេស ភូតកុហកប្រជាជនកម្ពុជាខ្លួនឯងតែប៉ុណ្ណោះ ព្រោះ សម រង្ស៉ី មិនមានចិត្តក្លាហានប្រឈមនឹងការចូលគុកនោះទេ។

ក្រៅពីការលើកឡើងរបស់អ្នកវិភាគ និងមហាជនសឹងពាក់កណ្តាលប្រទសហើយនោះ, នៅទីបំផុតថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ ក្រុមសមាជិកអង្គព្រោកប្រាជ្ញ ដែលមានលោក ខាន់ សុវណ្ណ ជាតំណាងប្រកាសជាផ្លូវការតាមរយៈអង្គភាពព័ត៌មាន Fresh News ដោយសុំបបួលលោក សម រង្ស៉ី ភ្នាល់នូវទឹកប្រាក់១លានដុល្លារ សហរដ្ឋអាមេរិក បើលោក សម រង្ស៉ី ហ៊ានវិលចូលស្រុកវិញនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយទឹកប្រាក់១លានដុល្លារនឹងប្រគល់ជូនដោយផ្ទាល់ដៃលោក សម រង្ស៊ី នៅក្នុងពន្ធនាគារតែម្តង។

តំណាងក្រុមសមាជិកអង្គព្រោកប្រាជ្ញ ក៏បានគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មេត្តាសុំជួយធ្វើជាសាក្សីចំពោះការភ្នាល់នេះដោយ សេចក្តីអនុគ្រោះ។ ក្រុមសមាជិកអង្គព្រោកប្រាជ្ញបានថ្លែងបន្តថា យើងខ្ញុំរង់ចាំការឆ្លើយតបដ៏វិជ្ជមានពីលោក សម រង្ស៉ី ចំពោះការបបួលភ្នាល់នេះ។

តំណាងក្រុមសមាជិកអង្គព្រោកប្រាជ្ញ បានថ្លែងយ៉ាងដូច្នេះថា៖ «យោងការប្រកាសចូលស្រុករបស់លោក សម រង្ស៉ី ថា នៅថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០១៩នោះ សមាជិក អង្គព្រោកប្រាជ្ញ បានធ្វើការសម្រេចចិត្តបបួលលោក សម រង្ស៉ី ភ្នាល់ដាក់លុយ១លានដុល្លារ ដោយយល់ថា លោក សម រង្ស៉ី កុហកប្រជាជនខ្មែរមិនហ៊ានចូលស្រុកទេ។ តាងនាមជាប្រជាពលរដ្ឋខ្មែរមួយក្រុមធំ យើងខ្ញុំសូមគោរពអញ្ជើញសម្តេចនាយករដ្ឋមន្ត្រី មេត្តាជួយធ្វើ ជាសាក្សីក្នុងការភ្នាល់មួយនេះដោយក្តីអនុគ្រោះ។ សូមឲ្យភាគីលោក សម រង្ស៉ី មេត្តាឆ្លើយតបមកជាមួយនឹងការបបួលភ្នាល់របស់យើងខ្ញុំទាំងអស់គ្នាផង»