(ភ្នំពេញ)៖ លោក ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសវៀតណាម នឹងដឹកនាំគណៈប្រតិភូមកដល់កម្ពុជា នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ស្អែកនេះ ដើម្បីធ្វើជាសហប្រធានជាមួយ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា- វៀតណាម លើកទី១៧ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកទេស ដែលព្រឹត្តទៅនៅរាជធានីភ្នំពេញ ថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៩។
កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ត្រូវបានរៀបចំឡើងជាទៀងទាត់ក្នុងគោលបំណង ធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពកិច្ចសហប្រតិបត្តិការ និងរិះរកវិធី និងមធ្យោបាយនានា ដើម្បីពង្រីកថែមទៀតនូវវិសាលភាព និងប្រសិទ្ធិភាពនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ នៅក្នុងវិស័យនានា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
កិច្ចប្រជុំនេះ ក៏នឹងផ្តល់កាលានុវត្តភាពសម្រាប់ភាគីទាំងពីរ ធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ទៅវិញទៅមកផងដែរ។ ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ លោក ផាម ប៊ិញមិញ នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។
កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៧ នឹងជួយលើកកម្ពស់ថែមទៀត នូវចំណងមិត្តភាពជាភាតរៈយូរអង្វែង និងភាពជាអ្នកជិតខាងល្អ រវាងប្រទេសទាំងពីរ ក៏ដូចជា រួមចំណែកដល់សន្តិភាព និងវិបុលភាពនៅក្នុងតំបន់ និងសកលលោក៕