(សៀមរាប)៖ កញ្ញា ជា ចាន់ស្រីនាង ត្រូវបានធ្លាក់ពីការប្រឡងមធ្យមសិក្សាទុតិយភូមិដោយស្វ័យ បន្ទាប់ពីកញ្ញាមកប្រឡងម៉ោងដំបូងនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ យឺតជាង ៣០នាទី។
កញ្ញា ជា ចាន់ស្រីនាង ជាសិស្សរៀនវិទ្យាល័យអង្គរ ហើយត្រូវប្រឡងនៅមណ្ឌលប្រឡងក្នុងវិទ្យាល័យ ១០មករាខាងជើង។ ពាក់ព័ន្ធនឹងការមកប្រឡងយឺតរបស់កញ្ញា ចាន់ស្រីនាង មិនទាន់មានការបញ្ជាក់ពីមូលហេតុនោះឡើយ។
យោងតាមបញ្ញត្តិរបស់ក្រសួងអប់រំសម្រាប់ការប្រឡង បានបញ្ជាក់ថា មិនអនុញ្ញាតឱ្យចូលប្រឡងឡើយចំពោះបេក្ខជនដែលមកដល់មណ្ឌលប្រឡងក្រោយជួងទីពីរដោយចេតនា ឬដោយធ្វេសប្រហែស និងត្រូវបានពិន្ទុសូន្យចំពោះករណីផ្ទុយនឹងបទបញ្ញត្តិ និងកម្រិតវិន័យ។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានបញ្ជាក់ថា បេក្ខជនដែលមកប្រឡងក្រោយជួងទី២រយៈពេល១៥នាទី គឺបេក្ខជនអាចស្នើសុំសិទ្ធិចូលប្រឡងពីប្រធានមណ្ឌលប្រឡង ហើយប្រធានមណ្ឌលជាអ្នកសម្រេចថាឱ្យបេក្ខជននោះចូល ឬមិនចូល។ ដោយឡែកសម្រាប់ករណីកញ្ញា ជា ចាន់ស្រីនាង មកយឺតរហូតដល់ទៅ៣០នាទី។
អ្នកនាំពាក្យរូបនេះបញ្ជាក់បន្ថែមថា សម្រាប់ករណីកញ្ញា ជា ចាន់ស្រីនាង ដែលមិនបានប្រឡងលើមុខវិជ្ជាម៉ោងដំបូងនេះ គឺត្រូវបានពិន្ទុសូន្យ ហើយក៏ត្រូវធ្លាក់ដោយស្វ័យប្រវត្តិផងដែរ។
ពាក់ព័ន្ធនឹងករណីរបស់កញ្ញា ជា ចាន់ស្រីនាង នេះផងដែរ មានផ្សព្វផ្សាយតាមបណ្តាញសង្គមមួយចំនួនថា អភិបាលខេត្តសៀមរាប លោក ទៀ សីហា ជួយសម្រួលឱ្យរូបគេបានចូលប្រឡង។ តែព័ត៌មាននេះ ត្រូវបានលោកអភិបាលខេត្តចេញមកបដិសេធ និងច្រានចោលភ្លាមៗផងដែរ។
លោកអភិបាលខេត្តបញ្ជាក់ថា ក្នុងនាមអាជ្ញាធរខេត្ត មិនមានសិទ្ធិក្នុងការសម្រេចឱ្យបេក្ខជនចូលប្រឡង ឬមិនចូលក្រោយមកយឺតនោះឡើយ គឺមានតែប្រធានមណ្ឌល និងរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលទទួលបន្ទុកផ្ទាល់នៅមណ្ឌលសៀមរាបតែប៉ុណ្ណោះ៕