(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានឲ្យដឹងថា ថវិកាប្រមាណ៥លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានគ្រោងចំណាយ សម្រាប់រៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៩។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ លោក រស់ សុវាចា បានគូសបញ្ជាក់ថា ថវិកាទាំងអស់នេះ សម្រាប់ធ្វើការឧបត្ថម្ភជូនបុគ្គលិកអប់រំជិត២ម៉ឺននាក់ និងការចំណាយពាក់ព័ន្ធផ្សេង នៃការរៀបចំ និងគ្រប់គ្រងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំនេះ។
អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់យ៉ាងដូច្នេះថា «ជុំវិញដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩នេះ ក្រសួងអប់រំ គ្រោងប្រើប្រាស់ថវិកាប្រមាណ៥លានដុល្លារអាមេរិក។ មួយផ្នែកនៃថវិកាទាំងអស់នេះ ប្រើសម្រាប់ឧបត្ថម្ភ សម្រាប់បុគ្គលិកអប់រំជិត២ម៉ឺននាក់»។
បើតាមលោក រស់ សុវាចា បានឲ្យដឹងថា ដូច៥ឆ្នាំកន្លងមក កម្រិតជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពឹងផ្នែកលើកិច្ចសហការចូលរួមពី គ្រប់ភាគីពាក់ព័ន្ធ មិនមែនក្រសួងអប់រំតែម្នាក់ឯងនោះទេ។
គួរជម្រាបថា បេក្ខជនប្រឡងឆ្នាំនេះ មានចំនួន១១៧,០៤៣នាក់ ស្រី៦០,៤២៧នាក់ មាន២០២មណ្ឌល ចែកជាថ្នាក់វិទ្យាសាស្ត្រ មានបេក្ខជនចំនួន៤៤,៦៩០នាក់ មាន៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម មានបេក្ខជនចំនួន៧២,៣៥៣នាក់ មាន១២៧មណ្ឌល។
សម្រាប់ការត្រួតពិនិត្យមណ្ឌលប្រឡង និងបន្ទប់ប្រឡង រួមទាំងការគ្រប់គ្រងទូទៅ ក្រសួងអប់រំ យុវជន និងកីឡា មានការចូលរួមផ្ទាល់ពីសំណាក់ បុគ្គលិកអប់រំសរុប ១៧,៤៣០នាក់ ក្នុងនោះរួមមាន អប្បមាទ៦០៦នាក់, ជំនួយការអប្បមាទ (គរុនិសិ្សត) ២,៤០៥នាក់, អនុរក្ស១០៦៣១នាក់, ប្រធានមណ្ឌល២០២, គណៈកម្មការត្រួតពិនិត្យតាមអគារ១,១៨១នាក់ និងគណៈកម្មការកណ្តាល២,៤០៥នាក់៕