(ភ្នំពេញ)៖ វៀតណាម បានស្នើឱ្យកម្ពុជាផ្តល់សញ្ជាតិដល់ពលរដ្ឋរបស់ខ្លួន ដែលកំពុងរស់នៅ និងរកស៊ីក្នុងខេត្ត នៃតំបន់អភិវឌ្ឍន៍ត្រីកោណ តែត្រូវបានកម្ពុជាបដិសេធ។
សំណើរបស់វៀតណាម បានធ្វើឡើងនៅសន្និសីទលើកទី៧ នៃគណៈកម្មការកិច្ចការបរទេសសភាកម្ពុជា ឡាវ និងវៀតណាម ដែលសភាវៀតណាម ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទនេះ។ សន្និសីទនេះ មានគោលដៅជជែកទៅលើការអភិវឌ្ឍតំបន់ត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាម ដែលកម្ពុជាមានខេត្តចំនួន៤ រួមមាន ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី។
លោក ឈាង វុន តំណាងសភាកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូ ទៅចូលរួមសន្និសីទខាងលើនេះ បានប្រាប់ក្រុមអ្នកព័ត៌មានក្នុងដំណើរនិវត្តន៍មកប្រទេសកម្ពុជាវិញ នៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ថា ក្នុងសន្និសីទមានបញ្ហាជាច្រើនត្រូវបានលើកមកជជែក ហើយមានបញ្ហាតានតឹងផងដែរ។
បើតាមលោក ឈាង វុន ក្នុងចំណោមបញ្ហាជាច្រើននោះ ភាគីវៀតណាម បានលើកឡើងពីបញ្ហាដែលកម្ពុជាមិនព្រមផ្តល់សញ្ជាតិឱ្យពលរដ្ឋរបស់ខ្លួនកំពុងរស់នៅក្នុងខេត្តស្ទឹងត្រែង។
«ភាគីវៀតណាមលោកបានស្នើយើងពីរឿងប្រជាពលរដ្ឋវៀតណាម ដែលមករស់នៅតំបន់ណុងយូរហើយម៉េចយើងមិនផ្តល់សញ្ជាតិឱ្យអ៊ីចឹង? ខ្ញុំ និងគណៈប្រតិភូយើងបានឆ្លើយតបច្បាស់លាស់ ពីរឿងនេះថា យើងមានច្បាប់ទម្លាប់របស់យើង ហើយច្បាប់ជាច្រើន ក្នុងហ្នឹងរួមទាំងច្បាប់សញ្ជាតិហ្នឹងផង ច្បាប់អន្តោប្រវេសន៍ផង។ យើងមិនអាចឱ្យគាត់ ឱ្យគ្រប់សញ្ជាតិអូតូម៉ាទិច ស្វ័យប្រវត្តិចំពោះបងប្អូនវៀតណាមរបស់គាត់ ដែលមករស់នៅខុសច្បាប់នៅក្នុងដែនដីកម្ពុជាកន្លងទៅយើងមិនអាចឱ្យកើតទេ»។ លោក ឈាង វុន បានគូសបញ្ជាក់។
បើតាមលោក ឈាង វុន នៅក្នុងសន្និសីទស្តីពីបញ្ហាអភិវឌ្ឍន៍នៅតំបន់ត្រីកោណនេះ លោកបានបញ្ជាក់ទៅតំណាងសភាវៀតណាម និងឡាវដែរថា រឿងទឹកដីនេះ ក៏ដូចជារឿងសញ្ជាតិ គឺជាចំណុចរសើបខ្លាំងណាស់ ក្តៅខ្លាំងណាស់ ភាគីណាមួយហ៊ានលះបង់អាហ្នឹងសត្រូវនយោបាយគេនឹងចោទប្រកាន់ថា ក្បត់ជាតិជាមិនខាន។
លោកបានបញ្ជាក់ទៀតថា សម្តេចតេជោ ហ៊ុន សែន មានជំហរមួយច្បាស់លាស់ណាស់ក្នុងរឿងទឹកដី និងសញ្ជាតិនេះ គឺការពារដាច់ខាតមិនឱ្យរបេះទឹកដីទៅគេទ ហើយសញ្ជាតិមិនមែនចេះ តែឱ្យគេបំពានយកសញ្ជាតិកម្ពុជាបានស្រេចនឹងចិត្តនោះដែរ៕