(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ បានបញ្ជាក់ឲ្យដឹងថា ខ្លួនទើបអនុម័តគ្រោងវិនិយោគថ្មីចំនួន៣កន្លែង សរុបទុនវិនិយោគជាង ១៦លានដុល្លារអាមេរិក។
Facebook ផ្លូវការរបស់ CDC បានចុះផ្សាយនៅថ្ងៃនេះថា គម្រោងវិនិយោគទាំង៣នោះរួមមាន៖
១៖ ក្រុមហ៊ុន HENGNAN INTERNATIONAL TRADING (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវ១០៦ ភូមិត្រពាំងឫស្សី ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,០៩០កន្លែង។
២៖ ក្រុមហ៊ុន YU YUE HANDBAG CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្នុងវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៥៤៧កន្លែង។
៣៖ ក្រុមហ៊ុន YA ZHI (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ គីឡូម៉ែត្រលេខ១៨ ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨០១កន្លែង៕