(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានក្រុមការងារអន្តរស្ថាប័នសម្រាប់កិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការគ្រប់គ្រងហានិភ័យ បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរស្ថាប័នលើកទី៤ ដោយមានការចូលរួមពីអ្នកជំនាញការនៃធនាគារពិភពលោក និងមន្ត្រីជាន់ខ្ពស់តំណាងមកពីគ្រប់ក្រសួងស្ថាប័នសាធារណៈពាក់ព័ន្ធ។
កិច្ចប្រជុំដែលធ្វើឡើងនៅសណ្ឋាគារឡឺរ៉ូយ៉ាល់ភ្នំពេញនាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ ធ្វើឡើងដើម្បីពិនិត្យកែសម្រួលខ្លឹមសារអនុក្រឹត្យស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ដើម្បីកាត់បន្ថយបញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់។
កិច្ចប្រជុំក៏មានគោលដៅរិះរកវិធីបញ្ចៀសមិនឱ្យត្រួតជាន់គ្នារបស់ក្រសួងស្ថាប័នមានសមត្ថកិច្ចច្រើនលើមុខទំនិញតែមួយផងដែរ។
អង្គប្រជុំបានសម្រេចនូវលទ្ធផលល្អគួរឱ្យកត់សម្គាល់ និងបានដាក់ទិសដៅសម្រាប់អនុវត្តចំពោះមុខមួយចំនួនដូចខាងក្រោម៖
- ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងបន្តកិច្ចសហការ ជំរុញ និងសម្របសម្រួលការងារជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមទាំងការផ្តល់ទិដ្ឋភាពបច្ចេកទេសក្នុងការកំណត់លេខកូដតាមតារាងពន្ធគយកម្ពុជា ជាធរមានលើមុខទំនិញមួយចំនួនដែលនៅមានភាពស្មុគស្មាញមិនទាន់អាចកំណត់បានក្នុងកិច្ចប្រជុំនេះ។
- ស្នើឲ្យក្រសួងស្ថាប័នពាក់ព័ន្ធពិនិត្យឡើងវិញ ក្នុងរយៈពេលយ៉ាងយូរពីរសប្តាហ៍ នូវបញ្ជីមុខទំនិញស្នើសុំ ដើម្បីកាត់បន្ថយបន្ថែមទៀតឱ្យស្របតាមគោលការណ៍សម្រេចដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល។ ភ្ជាប់នឹងចំណុចនេះ មុខទំនិញមួយចំនួនដែលត្រូវកាត់ចេញពីបញ្ជីទំនិញជាប់អាយ័ត ក៏នៅតែអាចគ្រប់គ្រងបាន តាមរយៈការកំណត់យន្តការ ឬនីតិវិធីគ្រប់គ្រងផ្ទៃក្នុងប្រទេសជំនួសវិញ តាមបទប្បញ្ញត្តិជាធរមាន។
- លទ្ធផលនៃកិច្ចប្រជុំ ក៏ដូចជារបាយការណ៍ចុងក្រោយ រួមទាំងបញ្ហានានាដែលមិនអាចដោះស្រាយបានក្នុងកម្រិតក្រុមការងារអន្តរស្ថាប័ននេះ នឹងត្រូវដាក់ជូនគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ដើម្បីពិភាក្សាដោះស្រាយមុននឹងគោរពស្នើសុំប្រមុខរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់ជាចុងក្រោយ។
សូមជម្រាបបញ្ជាក់ជូនថា ការពិនិត្យកែសម្រួលខ្លឹមសារអនុក្រឹត្យលេខ២០៩ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ របស់ក្រុមការងារអន្តរស្ថាប័ននេះ គឺជាផ្នែកមួយនៃការអនុវត្តការកែទម្រង់ស៊ីជម្រៅ និងមុតស្រួចរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធការជំរុញផ្តល់កិច្ចសម្រួលពាណិជ្ជកម្មបន្ថែមទៀត តាមរយៈការកាត់បន្ថយរបាំងមិនមែនពន្ធឱ្យបានដល់កម្រិតអប្បបរមា ដើម្បីលើកកម្ពស់ការប្រកួតប្រជែងក្នុងការទាក់ទាញការវិនិយោគ និងបង្កើនពិពិធកម្មឧស្សាហកម្មក្នុងប្រទេស ក៏ដូចជាពាណិជ្ជកម្មជាអន្តរជាតិរបស់កម្ពុជា៕