(ភ្នំពេញ)៖ រដ្ឋាភិបាលចិន បានប្រកាសគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណ អនុញ្ញាតឲ្យមានអាជីវកម្មល្បែងស៊ីសងតាមម៉ាស៊ីនអេឡិចត្រូនិចអនឡាយ ( Internet Online) ទាំងក្នុង និងក្រៅប្រទេស។
លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន បានអះអាងតាមរយៈសន្និសីទមួយ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ថា ល្បែងស៊ីសងតាមប្រព័ន្ធអ៉ិនធើណិត គឺប្រៀបដូចជាដុំសាច់មហារីកដ៏គ្រោះថ្នាក់បំផុតមួយ នៅក្នុងសង្គមសម័យទំនើប និងត្រូវបានស្អប់ខ្ពើមដោយមនុស្សគ្រប់មជ្ឈដ្ឋាននៅជុំវិញពិភពលោក។
លោកបញ្ជាក់ថា៖ «ភាគីចិនពិតជាពេញចិត្តខ្លាំងណាស់ ចំពោះការសម្រេចចិត្តរបស់កម្ពុជា ក្នុងការហាមឃាត់សកម្មភាពភ្នាល់ល្បែងតាមប្រព័ន្ធអ៉ិនធើណិត។ យើងជឿថា វានឹងជួយការពារផលប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំងពីរ ហើយជួយពង្រឹងកិច្ចសហប្រតិបត្តិផ្នែកការអនុវត្តច្បាប់ និងលើកស្ទួយទំនាក់ទំនងជាមិត្តភាពរវាងពួកយើង»។
កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចុះហត្ថលេខាលើសារាចរណែនាំមួយ ដោយបញ្ឈប់ការ ផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចអនឡាយ ( Internet Online) ទាំងក្នុង និងក្រៅប្រទេស ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
នៅក្នុងសារាចរណែនាំ រាជដ្ឋាភិបាលបានធ្វើការណែនាំចំនួន៣ចំណុចដូចខាងក្រោម៖
១៖ មន្រ្តីនគរបាលយុត្តិធម៌ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវប ង្កើនការស្រាវជ្រាវ និងបង្រ្កាបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៉ិនធើណេនអនឡាយ ក្នុងនិងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព ដែលធ្វើសកម្មភាពដោយមិនមានអាជ្ញាប័ណ្ណពីក្រសួង ស្ថាប័នមានសមត្ថកិច្ច។
២៖ ចំពោះអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីន អេឡិចត្រូនិចតាមរយៈអ៉ិនធើណែតអនឡាយ ក្នុងនិងក្រៅប្រទេសដែលមានអាជ្ញាប័ណ្ណ ត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពរហូតផុតសុពលភាព ដែលបានកំណត់ក្នុងអាជ្ញាប័ណ្ណ។ បន្ទាប់ពីនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនបន្តសុពលភាព នៃអាជ្ញាប័ណ្ណអនុញ្ញាត ឲ្យប្រកបអាជីវកម្មល្បែងភ្នាល់ប្រភេទនេះតទៅទៀតឡើយ។
៣៖ រាជរដ្ឋាភិបាល បញ្ឈប់ការផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអ៉ិនធើណេតអនឡាយទាំងក្នុង និងក្រៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃចុះហត្ថលេខាលើសារាចរណែនាំនេះតទៅ។
ការចេញសារាណែនាំនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលសង្កេតឃើញថា សកម្មភាពអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមអយៈអ៉ិនធើណេត ក្នុង និងក្រៅប្រទេសមួយចំនួន បានទទួលគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល និងមួយចំនួនទៀតលួចលាក់ធ្វើសកម្មភាពនៅតាមទីតាំងផ្សេងៗគ្នា ហើយពួកឧក្រិដ្ឋជនបរទេសមួយចំនួន បានជ្រកក្រោមរូបភាពល្បែងភ្នាល់ប្រភេទនេះ ដើម្បីធ្វើសកម្មភាពបោកប្រាស់ជំរិតទារប្រាក់ពីជនរងគ្រោះទាំងក្នុង និងក្រៅប្រទេស ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់បន្តថា ឆ្នាំនេះគឺជាឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងចិន និងកម្ពុជា។ ចិនត្រៀមលក្ខណៈរួចជាស្រេច ក្នុងការធ្វើសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីចាត់វិធានការប្រកបដោយប្រសិទ្ធភាព សំដៅធ្វើឲ្យកិច្ចសហប្រតិបត្តិការ ផ្នែកអនុវត្តច្បាប់និងសន្តិសុខ កាន់តែស៊ីជម្រៅថែមទៀត សម្រាប់ជាប្រយោជន៍ដល់ប្រជាជនយើងទាំងពីរ។
ក្រៅពីការគាំទ្រកម្ពុជា ភាគីចិន ក៏បានគាំទ្រដល់ប្រទេសហ្វីលីពីន ចំពោះការបិទល្បែងស៊ីសង តាមប្រព័ន្ធអ៉ីនធើណិតនេះដែរ៕