(ប៉េកាំង)៖ គណៈប្រតិភូព័ត៌មានល្បីៗមកពី១៣ប្រទេស រួមមានពីប្រទេសកម្ពុជា ដែលមានលោក លឹម ជាវុត្ថា អគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ក៏ត្រូវបានអញ្ជើញឲ្យទៅទស្សនាសំណង់ពហុកីឡាដ្ឋាន, កន្លែងហ្វឹកហាត់កីឡា និងទីតាំងជាច្រើនកន្លែងទៀត នៅក្នុងតំបន់ Beijing Olympic Game 2022 ស្ថិតនៅរដ្ឋធានីប៉េកាំង។
ដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងពេញមួយថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ដែលមានការចូលរួមពីប្រតិភូព័ត៌មានល្បីៗមកពីប្រទេសកម្ពុជា កាណាដា ឥណ្ឌូនេស៊ី អ៉ីរ៉ង់ អាល្លឺម៉ង់ កេនយ៉ា កូរ៉េខាងត្បូង មីយ៉ាន់ម៉ា ប៉ាគីស្ថាន រុស្ស៊ី សេប៊ី ថៃ និងប្រទេសតួកគី ពោលគឺធ្វើឡើងបន្ទាប់ពីបញ្ចប់កម្មវិធី «ដំណើរទេសចរណ៍វិថីសូត្រ នៅទីក្រុងប៉េកាំង ក្នុងឱកាសខួបទី៧០ នៃទិវាបង្កើតសាធារណរដ្ឋប្រជាមានិតចិន» ដែលបានធ្វើឡើងនៅថ្ងៃម្សិលមិញនេះ។
ជាមួយនឹងភាពសប្បាយរីករាយ និងពេញចិត្តចំពោះដំណើរទស្សនកិច្ចពេញមួយថ្ងៃពុធនេះតែម្តង ប្រតិភូស្ថាប័នព័ត៌មាន Fresh News ព្រមទាំងស្ថាប័នព័ត៌មានល្បីៗមកពី១២ប្រទេសផ្សេងទៀត បានដើរទស្សនកិច្ចនៅកន្លែងជាច្រើន ក្នុងតំបន់ពហុកីឡដ្ឋាន Olympic របស់ចិន នៅទីក្រុងប៉េកាំង ដែលបាននិងកំពុងកសាងឡើងដើម្បីត្រៀមទទួលព្រឹត្តិការណ៍កីឡាអូឡាំពិក នៅឆ្នាំ២០២២ ខាងមុខនេះ។
លោក លឹម ជាវុត្ថា បានថ្លែងថា ក្នុងដំណើរទស្សនកិច្ចនេះ ពួកយើងបានទៅទស្សនាអគារមួយចំនួន ក្នុងនោះមានពហកីឡដ្ឋានជាតិរបស់ចិន ដែលមានរាងដូចជា សំបុកចាបដ៏ប្រណិត, អគារតាំងពិព័រណ៍កីឡាអូឡាំពិក និងប៉ារ៉ាអូឡាំពិកនៅរដូវធ្លាក់ទឹកកក, អគារគណៈកម្មធិការរៀបចំកីឡាអូឡាំពិក និងទីតាំងផ្សេងទៀតរបស់ Beijing 2022 និង Beijing Paralymic Game 2022 ។
អ្វីដែលជក់ចិត្តនោះ គឺបានគយគន់ទេសភាពទីក្រុងប៉េកាំង ពីលើអគារកម្ពស់ ២៤៦.៨ម៉ែត្រដ៏ខ្ពស់សន្លឹម មើលឃើញទេសភាពជុំវិញ១៨០ដឺក្រេពេញ ដែលអគារនេះ ត្រូវបានសាងសង់ឡើង នៅក្នុងសួនរបស់គណៈកម្មធិការរៀបចំកីឡាអូឡាំពិកតែម្ដង។ ក្រៅពីនោះក្រុមមន្ត្រីបាននាំគណៈប្រតិភូព័ត៌មាន បានទស្សនាការហ្វឹកហាត់ របស់កីឡាករ និងទស្សនាការសម្តែងហ៉ីរបស់ចិនផងដែរ។
គណៈប្រតិភូទាំងអស់ បានសម្ដែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះការរៀបចំហេដ្ឋារចនាសម្ព័ន្ធសំណង់អគារដ៏ស្កឹមស្កៃនានា របស់គណៈកម្មាធិការរៀបចំ កីឡាអូឡាំពិក ដើម្បីត្រៀមទទួលព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២២ ហើយអ្វីដែលពិសេសនោះ គឺការរៀបចំគួរឱ្យមានភាពទាក់ទាញនៅលើសំណង់ បូករួមទាំងការគិតគូរពីបរិស្ថាន សុវត្ថិភាព និងសោភ័ណភាព។
គណៈប្រតិភូស្ថាប័នព័ត៌មានបង្ហាញការរំពឹងទុកថា ការរៀបចំសំណង់អគារទាំងនេះ នឹងញ៉ាំងឱ្យការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២២ របស់សាធារណរដ្ឋប្រជាមានិតចិន ប្រពឹត្តទៅដោយជោគជ័យយ៉ាងរលូន។
បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចគណៈប្រតិភូព័ត៌មានទាំងអស់ ត្រូវបានអញ្ជើញឲ្យពិសារអាហារពេលល្ងាចនៅភោជនីយដ្ឋាន ទាខ្វៃប៉េកាំងដ៏ល្បីប្រចាំរដ្ឋធានីប៉េកាំង៕